“ម៉ែនាថ” ទើបសម្ពោធចាក់បញ្ចាំងយប់មិញនេះ សៅ ឧត្ដម ជាតួអង្គសំខាន់ លះបង់មិនសល់សូម្បីតែលីអូ
- 2025-06-03 06:00:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ម៉ែនាថ” ទើបសម្ពោធចាក់បញ្ចាំងយប់មិញនេះ សៅ ឧត្ដម ជាតួអង្គសំខាន់ លះបង់មិនសល់សូម្បីតែលីអូ
ចន្លោះមិនឃើញ
ខ្សែភាពយន្ដខ្មែរបែបភ័យរន្ធត់ និងកម្សត់ដំណាលអំពីខ្សែជីវិតរបស់នាងនាថ ស្វាមី និងកូន ត្រូវបានអ្នកនិពន្ធបង្កើតជាសាច់រឿងប្លែក និងជក់ចិត្ដមួយ បើទោះបីជា “ម៉ែនាថ” ជាចំណងជើងខ្សែភាពយន្ដមួយត្រូវបានទស្សនិកជនខ្លះគិតថាដដែលៗយ៉ាងណាក្ដី។
“ម៉ែនាថ” ដែលចាយទុនប្រមាណ ១០ម៉ឺនដុល្លារកាលពីឆ្នាំទៅ ហើយបានសម្ពោធដាក់បញ្ចាំងគ្រប់រោងភាពយន្ដនៅកម្ពុជាកាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ គឺមានការចូលរួមសម្ដែងដោយតាប្រុសល្បីៗដូចជា៖ នាយក្រូច នាយសុបិន្ដ នាយ Mai ហ៊ាទី លោក រតនៈ និងតារាចម្រៀងលោក សៅ ឧត្ដម ជាដើម។
ក្នុងឱកាសចូលរួមសម្ពោធកាលពីយប់មិញ លោក សៅ ឧត្ដម បានបង្ហាញអារម្មណ៍ពិតនៅចំពោះមុខភ្ញៀវ និងតារារួមអាជីពក្នុងរង្វង់សិល្បៈថា ខ្លួនពិតជាមានការលំបាកក្នុងការសម្ដែងឲ្យស៊ីទៅនឹងសាច់រឿង ដោយត្រូវបង្ហាញកាយវិកា និងសំឡេងពិតៗក្នុងនាមជាតួអង្គព្រះសង្ឃ។ រាប់តាំងពីការគ្រងច្បង់ចីវរ និងការប្រើសង្ឃសព្ទ សុទ្ធតែជាប៉ារ៉ូលដែលលោកត្រូវទន្ទេញ ដោយមានជំនួយពីអ្នកដឹកនាំញឹកញាប់។
រឿងដ៏អស់សំណើចមួយត្រូវបានលាតត្រដាងនៅលើវេទិកា ពោលគឺនៅអំឡុងពេលដែលតួអង្គម្នាក់ៗត្រូវបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន តួអង្គព្រះសង្ឃដែលសម្ដែងដោយលោក សៅ ឧត្ដម ត្រូវបានគេចំអន់លេងខ្លាំងៗ។ តារាចម្រៀងដែលអះអាងថា កាលពីថតនៅអំឡុងឆ្នាំ២០២៤ ដែលខ្លួនទើបទទួលថតខ្សែរឿងថ្មីៗនោះ គឺពិបាកសម្របខ្លួនខ្លាំងណាស់ ហើយជាពិសេសត្រូវដើរតួជាព្រះសង្ឃទៀត។
ភ្លាមៗនោះ នាយក្រូចដែលជាតួអង្គសម្ដែងក្នុងរឿង “ម៉ែនាថ”ជាមួយគ្នា បានចំអន់ សៅ ឧត្ដម ថា៖ “ការលំបាករបស់គាត់(សៅ ឧត្ដម)មួយទៀត គឺអត់ឲ្យស្លៀកលីអូ ចុះលោកមានស្លៀកលីអូណា! គាត់ត្រូវលះបង់តាំងពីលីអូទៀត”។
ក្រោយពីចំអន់បែបនេះ សៅ ឧត្ដម បានត្រឹមតែសើច ហើយទទួលស្គាល់ថាខ្លួនពិតជាមានការលំបាកក្នុងថតខ្សែភាពយន្ដនេះទម្រាំដល់ចប់។ ប៉ុន្ដែតារាចម្រៀង ទើបវិវដ្ដខ្លួនចូលក្នុងអាជីពសម្ដែងម្នាក់នេះបង្ហើបថា ខ្សែភាពយន្ដនេះពិតជាល្អមើល៍ ដោយបានបញ្ចូលសាច់រឿងថ្មី កាន់តែភ័យរន្ធត់ និងកម្សត់ជាងមុនទ្វេដងបើប្រៀបធៀបដែលទស្សនិកជនធ្លាប់ស្គាល់ ឬបានទស្សនារឿងនាងនាថកន្លងទៅ។
សូមជម្រាបជូនថា ផលិតកម្ម សិង្ហៈហ្វីម បានសម្ពោធខ្សែភាពយន្ដ រឿង”ម៉ែនាថ” ដែលជារឿងទី១ ដំបូងរបស់ខ្លួននៅផ្សារទំនើបជីបម៉ុង ២៧១ ក្រោមវត្ដមានរបស់តារាចម្រៀង និងតារាសម្ដែងល្បីៗ។”ម៉ែនាថ” នឹងចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ តទៅ៕