បារាំង អាចនឹងជួយផ្តល់ឯកសារដល់ កម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ប្រសិនចាំបាច់

  • 2025-06-12 03:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងថា ប្រទេសបារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ប្រសិនបើចាំបាច់។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងនីស ប្រទេសបារាំង ក្នុងអំឡុងពេលចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីពីមហាសមុទ្រ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសង្ខេបលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងនីស។ លោកបានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយមេដឹកនាំមួយចំនួន ជាពិសេសប្រធានាធិបតីបារាំង ដើម្បីបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា៖ «នៅក្នុងជំនួបជាមួយមេដឹកនាំប្រទេសជាមិត្ត និងដៃគូរបស់កម្ពុជា ជាពិសេសប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជាលើបញ្ហាព្រំដែនជាមួយថៃ»។

ជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដែលនាយករដ្ឋមន្ត្រីបានលើកឡើង មាន៤ចំណុចដូចខាងក្រោម៖

ទី១៖ កម្ពុជាប្តេជ្ញារក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។

ទី២៖ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការនាំយកបញ្ហាប្រាសាទតាមឿនធំ ប្រាសាទតាមឿនតូច ប្រាសាទតាក្របី និងតំបន់ម៉ុមបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពចំពោះបញ្ហាព្រំដែននៅតំបន់ទាំងនេះឱ្យបានឆាប់រហ័ស ជាជាងទុកឱ្យបញ្ហានេះនៅមិនទាន់ដោះស្រាយជាយូរ ដែលអាចនាំទៅរកជម្លោះប្រដាប់អាវុធឡើងវិញ។

ទី៣៖ បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងព្រំដែនដែលនៅសល់ និងកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ (ក្រៅពីតំបន់ទាំងបួនខាងលើ) ដោយប្រើយន្តការគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ (JBC)។

ទី៤៖ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈយន្តការដែលមានស្រាប់ទាំងអស់ ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម បានបន្ថែមថា៖ «លោកនាយករដ្ឋមន្ត្រីបានលើកឡើងបញ្ហាទាំងនេះជាមួយលោកប្រធានាធិបតី ម៉ាក្រុង ក្នុងគោលបំណងតែមួយគត់ គឺដើម្បីបញ្ជាក់ជំហររបស់កម្ពុជាលើបញ្ហានេះ មិនមែនសម្រាប់គោលបំណងផ្សេងទៀតឡើយ។

ដូច្នេះ យើងមិនរំពឹងថានឹងទទួលបានចម្លើយច្បាស់លាស់ពីលោក ម៉ាក្រុង នោះទេ។ ទោះជាយ៉ាងណា ខ្ញុំសូមសង្កត់ធ្ងន់ថា លោកប្រធានាធិបតី ម៉ាក្រុង បានថ្លែងថា បារាំងអាចជួយសម្របសម្រួល ឧទាហរណ៍ ដោយផ្តល់ឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរ គឺថៃ និងកម្ពុជា ប្រសិនបើចាំបាច់»។

គួរបញ្ជាក់ថា បារាំងធ្លាប់ជាអតីតអាណានិគមន៍នៅកម្ពុជា ហើយឯកសារពីសម័យអាណានិគមអាចមានសារៈសំខាន់ក្នុងការបញ្ជាក់ខ្សែបន្ទាត់ព្រំដែន។ ការផ្តល់ជំនួយរបស់បារាំងត្រូវបានគេមើលឃើញថាជាជំហានវិជ្ជមានមួយ ដើម្បីជួយឱ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងជៀសវាងជម្លោះប្រដាប់អាវុធបន្ថែមទៀត៕

អត្ថបទ ៖ Nich

អត្ថបទពេញនិយម
អត្ថបទថ្មី