មិត្តហ្វូន និងក្រសួងអប់រំ យុវជន និងកីឡា បន្ដភាពជាដៃគូជំរុញការធ្វើទំនើបកម្មវិស័យអប់រំនៅកម្ពុជា
- 2025-06-12 10:38:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តហ្វូន និងក្រសួងអប់រំ យុវជន និងកីឡា បន្ដភាពជាដៃគូជំរុញការធ្វើទំនើបកម្មវិស័យអប់រំនៅកម្ពុជា
ចន្លោះមិនឃើញ
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិត្តហ្វូន (Metfone) និងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) នៃប្រទេសកម្ពុជា បានរៀបចំពិធី ប្រគល់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន ហៅកាត់ថា (SIS) និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រយៈពេល ៥ ឆ្នាំបន្ថែមទៀត (២០២៥-២០៣០) ដែលជាដំណាក់កាលថ្មីមួយ ក្នុងការផ្លាស់ប្ដូរវិស័យអប់រំឌីជីថល នៅប្រទេសកម្ពុជា។
ប្រព័ន្ធគ្រប់គ្រងព៌ត៌មានសាលារៀន (SIS) ត្រូវបានវិនិយោគដោយក្រុមហ៊ុនមិត្តហ្វូន នៅក្នុងរង្វង់ទឹកប្រាក់ ២,៥ លានដុល្លារ គឺជាកម្មវិធីអាចប្រើប្រាស់លើទូរសព្ទដៃ ឬគេហទំព័រ មានរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ដើម្បីលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស អាចតាមដានការសិក្សារបស់សិស្ស ពិន្ទុសិស្ស វត្តមានសិស្ស និងព័ត៌មានផ្សេងៗទៀត តាមប្រព័ន្ធឌីជីថល។ ប្រព័ន្ធនេះ ជួយពង្រឹងតម្លាភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងសាលារៀន ព្រមទាំងពង្រឹងទំនាក់ទំនងរវាងសាលារៀន គ្រូបង្រៀន និងឪពុកម្ដាយសិស្ស។
ក្រោយពីបានអនុវត្តរយៈពេល ៥ ឆ្នាំកន្លងមក ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ត្រូវបានភ្ជាប់សាលារៀនចំនួន ៣៩៣ នៅទូទាំងប្រទេស មានសិស្សជាង ៣៥១ ០០០ នាក់ គ្រូបង្រៀន ១៧ ៥០០ នាក់ និងអាណាព្យាបាលជិត ២៥០ ០០០ នាក់ កំពុងប្រើប្រាស់ប្រព័ន្ធ (SIS) នេះ។ ក្រុមហ៊ុនមិត្តហ្វូន បានរៀបចំវគ្គបណ្ដុះបណ្ដាលជាង ១២០ ដង នៅទូទាំង ២២ ខេត្ត ដើម្បីជួយដល់គ្រូបង្រៀន គណៈគ្រប់គ្រងសាលារៀន អាណាព្យាបាល និងសិស្សានុសិស្ស ស្វែងយល់ពីប្រព័ន្ធនេះ។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ហ្សន ជិញ (Daon Chinh) អគ្គនាយករងក្រុមហ៊ុន Metfone បានសង្កត់ធ្ងន់ថា «យើងមានមោទនភាព ដែលបានរួមដំណើរជាមួយនឹងក្រសួងអប់រំ ក្នុងដំណើរនៃការអប់រំទំនើបកម្ម មិនត្រឹមតែផ្ដល់នូវឧបករណ៍គ្រប់គ្រងទំនើបប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំឌីជីថល នៅកម្ពុជាផងដែរ។»
ទស្សនៈវិស័យរបស់ក្រុមហ៊ុនមិត្តហ្វូន មានបំណងពង្រីកការតភ្ជាប់ប្រព័ន្ធ SIS ទៅកាន់សាលារៀនយ៉ាងតិច ៥០០ ទូទាំងប្រទេស ដោយផ្ដល់ឱ្យសិស្សានុសិស្ស និងគ្រូបង្រៀនកាន់តែច្រើននូវលទ្ធភាពទទួលបានការអប់រំតាមប្រព័ន្ធឌីជីថល។ លើសពីប្រព័ន្ធគ្រប់គ្រងសាលារៀន SIS មិត្តហ្វូន និងក្រសួងអប់រំ បានរួមចំណែកគំនិតផ្ដួចផ្ដើមបច្ចេកវិទ្យាផ្សេងៗទៀត ដូចជាប្រព័ន្ធព័ត៌មានសាកលវិទ្យាល័យ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប គំរូថ្នាក់រៀនវៃឆ្លាតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ការតភ្ជាប់អ៊ីនធឺណិតជិត ១ ០០០ កន្លែង បន្ទប់ពិសោធន៍គាំទ្រការសិក្សាពីចម្ងាយ និងកន្លែងសិន្និសីទវីដេអូចំនួន ២៦ កន្លែង។
នៅក្នុងភាពជាដៃគូសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រុមហ៊ុនមិត្តហ្វូន រយៈពេល ៥ ឆ្នាំបន្ដទៅទៀតនេះ (២០២៥-២០៣០) ភាគីទាំងពីរ នឹងផ្ដោតលើការងារសំខាន់ៗដូចជា៖
១. ការភ្ជាប់បណ្ដាញអ៊ីនធើណិត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានឧត្តមសិក្សា។
២. គាំទ្រដំណើរការរៀបចំរដ្ឋាភិបាលឌីជីថល និងបដិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថាននានាក្រោមឱវាទ រួមទាំងការពង្រីកវិសាលភាពប្រើប្រាស់ប្រព័ន្ធ SIS ទៅដល់សាលារៀន ចំនួន ៥០០ បន្ថែមទៀត។
៣. លើកកម្ពស់ការអភិវឌ្ឍសមត្ថភាព បុគ្គលិកអប់រំ តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលតាមមធ្យោបាយនានា ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព៕