ទូរសព្ទលំដាប់កណ្ដាល ៥ ម៉ូដែល ប៉ុន្តែមានកាមេរ៉ាខ្លាំង ថតស្អាតដូច Flagship

  • 2025-06-25 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន ទូរសព្ទលំដាប់កណ្ដាល ឬ Mid-Range បំពាក់កម្លាំងម៉ាស៊ីន អេក្រង់ មានមុខងារវៃឆ្លាតពិសេសៗ និងកាមេរ៉ាថតស្អាត ស្ទើរតែដូចទូរសព្ទលំដាប់កំពូល (Flagship) ទៅហើយ ប៉ុន្តែស្ថិតនៅក្នុងតម្លៃសមរម្យមួយ។ ចំពោះបច្ចេកវិទ្យាកាមេរ៉ា ទូរសព្ទលំដាប់កណ្ដាលមួយចំនួនធំ បានបំពាក់នូវលេនចំនួន ២ ទៅ ៣ គ្រាប់ ដូចទៅនឹងទូរសព្ទលំដាប់កំពូលដែរ និងមានសមត្ថភាពថតស្អាត មិនចាញ់ទូរសព្ទកំពូលប៉ុន្មានឡើយ។ ខាងក្រោមនេះ គឺជាទូរសព្ទលំដាប់កណ្ដាលចំនួន ៥ ដែលបំពាក់កាមេរ៉ាខ្លាំងដូច Flagship។

៥. Xiaomi 14T

Xiaomi 14T មានកាមេរ៉ាចំនួន ៣ គ្រាប់ ដោយកាមេរ៉ាគោល បំពាក់លែន Leica មានទំហំ ៥០ មេហ្គាភិកស៊ែល កាមេរ៉ា Telephoto អាចពង្រីកបាន 2.6X មានទំហំ ៥០ មេហ្គាភិកស៊ែល ចំណែកកាមេរ៉ាទូលាយ ១២ មេហ្គាភិកស៊ែល។ ក្រោមកិច្ចសហការជាមួយ Leica ទូរសព្ទនេះ មានសមត្ថភាពថតរូបភាពច្បាស់ គុណភាព Color Science បូករួមការ Process រូបភាពគុណភាពខ្ពស់មិនចាញ់ទូរសព្ទកំពូល។

៤. Motorola Edge 50 Neo

ទូរសព្ទ Motorola Edge 50 Neo មានតម្លៃខ្ទង់ ៤០០ ដុល្លារ បានបំពាក់កាមេរ៉ា ចំនួន ៣ គ្រាប់ ដោយកាមេរ៉ាគោលទំហំ ៥០ មេហ្គាភិកស៊ែល កាមេរ៉ាទូលាយទំហំ ១៣ មេហ្គាភិកស៊ែល ចំណែកកាមេរ៉ា Telephoto 3x មានទំហំ ១០ មេហ្គាភិកស៊ែល។ លក្ខណៈពិសេសរបស់ទូរសព្ទ គឺវាមានលេន Telephoto 3x ដែលគេមិនងាយបានឃើញ កាមេរ៉ាគោល ថតបានច្បាស់ និងមានកាមេរ៉ា Selfie ទំហំ ៣២ មេហ្គាភិកស៊ែលទៀតផង។

៣. Samsung Galaxy A56

Galaxy A56 មានសមត្ថភាពថតរូបស្អាត ក្បែរនឹងទូរសព្ទកំពូល ដោយសារតែ Software និងបច្ចេកវិទ្យា AI របស់ OneIU ជាក់ស្ដែងកាមេរ៉ាគោលទូរសព្ទនេះ មានទំហំ ៥០ មេហ្គាភិកស៊ែល ទប់លំនឹង OIS កាមេរ៉ាទូលាយទំហំ ១២ មេហ្គាភិកស៊ែល និងកាមេរ៉ា Macro ទំហំ ៥ មេហ្គាភិកស៊ែល បូករួមជាមួយបច្ចេកវិទ្យា Night mode និង HDR ដូចទូរសព្ទកំពូល និងបច្ចេកវិទ្យាវៃឆ្លាតជាច្រើនបន្ថែមទៀត។

២. OnePlus 13R

OnePlus 13R បំពាក់ Hardware កាមេរ៉ាកម្រិតខ្ពស់ជាងគេ ដោយកាមេរ៉ាគោលទំហំ ៥០ មេហ្គាភិកស៊ែល ដោយប្រើប្រាស់សេនស័រ Sony IMX700 កាមេរ៉ាទូលាយទំហំ ៥០ មេហ្គាភិកស៊ែល និងកាមេរ៉ា Telephoto 2.6x ទំហំ ១២ មេហ្គាភិកស៊ែល។ អ្វីដែលពិសេស OnePlus 13R បំពាក់ឈីបកម្រិតខ្ពស់ Snapdragon 8 Gen 3 ព្រមទាំងការសហការជាមួយក្រុមហ៊ុន Hasselblad ផងដែរ ដូចនេះ សម្រាប់ការគណនារូបភាព (image processing) កម្រិតភាពច្បាស់ និងការលាយពណ៌លើរូបភាព ស្ថិតនៅកម្រិតកំពូលដូចនឹង OnePlus 13 ទាំងផ្នែក Software និង Hardware។

១. Google Pixel 9a

ប្រសិនបើអ្នកស្វែងរកទូរសព្ទដែលថតស្អាត កម្រិតទូរសព្ទកំពូល ប្រើប្រាស់ Android ដើម និងមិនសូវខ្វល់ពីមុខងារផ្សេងៗទៀត Google Pixel 9a អាចជាជម្រើសដំបូងអ្នកគួរពិចារណា។ Google Pixel 9a បំពាក់កាមេរ៉ាលំដាប់កំពូល ដោយលេនគោលទំហំ ៤៨ មេហ្គាភិកស៊ែល មានប្រព័ន្ធទប់លំនឹង OIS កាមេរ៉ាទូលាយ ១៣ មេហ្គាភិកស៊ែល និងកាមេរ៉ាខាងមុខ ១៣ មេហ្គាភិកស៊ែល។ ប្រើប្រាស់ឈីប Tensor G4 AI Processing មានមុខងារ AI Magic Eraser, Night Sight, HDR+ ទូរសព្ទ Pixel 9a មានសមត្ថភាពថតច្បាស់ មិនចាញ់ទូរសព្ទកំពូល Google Pixel 9 ឡើយ។

អត្ថបទ៖ Khong Phearum

អត្ថបទពេញនិយម