កាមេរ៉ាខ្នាតតូចទាំង៤ ដែលល្អបំផុត សម្រាប់ទឹកលុយខ្ទង់ ១០០០ ដុល្លារ
- 2025-06-25 04:12:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាខ្នាតតូចទាំង៤ ដែលល្អបំផុត សម្រាប់ទឹកលុយខ្ទង់ ១០០០ ដុល្លារ
ចន្លោះមិនឃើញ
Compact កាមេរ៉ាអាចប្រើប្រាស់សម្រាប់អ្នកថតរូបច្រើនប្រភេទ ដោយសារតែមានភាពងាយស្រួលប្រើ មានរូបរាងតូច និងមិនសូវមាន Settings ស្មុគស្មាញ អាចទាក់ទាញចិត្តសម្រាប់អ្នកថតទូទៅភាគច្រើន ឬអ្នកមិនសូវជំនាញកាន់កាមេរ៉ា បូករួមនឹងតម្លៃសមរម្យផងដែរ។ ប្រសិនបើអ្នកចង់បានកាមេរ៉ា compact ដែលមានតម្លៃខ្ទង់ ១០០០ ដុល្លារ កាមេរ៉ា ៤ ម៉ូដែលខាងក្រោមនេះ អាចនឹងជាជម្រើសដ៏ល្អសម្រាប់អ្នក។
១. Ricoh GR IIIx
កាមេរ៉ា Ricoh GR IIIx ល្អបំផុតសម្រាប់អ្នកចូលចិត្តកាមេរ៉ាតូចៗ ប៉ុន្តែបំពាក់ដោយសមត្ថភាពខ្ពស់ដូចជា ប្រើប្រាស់សេនស័រទំហំ 24.2MP ជាប្រភេទ APS-C បំពាក់លេន 40mm ទំហំ aperture f/2.8 ដំណើរការដោយ Processor GR Engine 6 មានសមត្ថភាពថតរូបភាព Raw DNG បានដល់ 14-Bit និងថតរូបវីដេអូបានកម្រិត Full HD ក្នុងល្បឿន 60fps។ បន្ថែមពីនេះ Ricoh GR IIIx មានប្រព័ន្ធទប់លំនឹង 3 axis លើសេនស័រ មាន ND Filter ភ្ជាប់មកស្រាប់ មានអង្គផ្ទុកទិន្នន័យ 2GB នៅក្នុងម៉ាស៊ីនមកស្រាប់។
២. Sony RX100 V
កាមេរ៉ា Sony RX100 ជាសេរី Compact Camera ដែលពេញនិយមបំផុតរបស់ Sony វាប្រើប្រាស់ សេនស័រទំហំ 20MP ទំហំ ១ អ៊ីញ ដំណើរការដោយឈីប BIONZ X image processor មានសមត្ថភាពថតវីដេអូដល់កម្រិត 4K ជាមួយ Color S-Log Gamma មានប្រព័ន្ធចាប់ auto focus លឿន និងភ្ជាប់ជាមួយលែន Zeiss 24-70mm f1.8 ទៅ f2.8 មកជាមួយម៉ាស៊ីនស្រាប់។ មានអេក្រង់បត់ 180 ដឺក្រេ ទំហំ 3 អ៊ីញ និងអាចថតវីដេអូ slowmo បានដល់ 960fps។ កាមេរ៉ានេះ ល្អបំផុតសម្រាប់អ្នកចូលចិត្តថតវីដេអូ និងថត Vlog ផ្សេងៗ។
៣. Canon Powershot G1X Mark III
ក្រុមហ៊ុន Canon ក៏មានកាមេរ៉ាខ្នាតតូចពេញនិយមផងដែរ ពពួកម៉ូដែល Powershot ហើយ Canon G1x Mark III ប្រើប្រាស់សេនស័រ APS-C ចាប់រូបភាពក្នុងទំហំ ២៤ មេហ្គាភិកស៊ែល មានបច្ចេកវិទ្យា Dual-Pixel autofocus អាចចាប់យករូបភាពក្នុងល្បឿន ៩ ប៉ុស្ដ៍ក្នុងមួយវិនាទី និងថតវីដេអូក្នុងកម្រិត Full HD ល្បឿន 60fps។ បន្ថែមពីនេះ Canon G1x Mark III មានអេក្រង់ LCD ទំហំ ៣ អ៊ីញ អាចប៉ះបញ្ជាបាន រូបរាងធន់ទៅនឹងអាកាសធាតុ ទម្ងន់ស្រាលងាយស្រួលយកតាមខ្លួនផងដែរ។
៤. Panasonic Lumix ZS99
កាមេរ៉ា Panasonic Lumix ZS99 ទើបតែបានប្រកាសចេញដើមឆ្នាំ២០២៥ នេះដែលមានតម្លៃខ្ទង់ ៧០០ ដុល្លារ អមជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដូចជាប្រើប្រាស់សេនស័រ BSI-CMOS ទំហំ 1/2.3 អ៊ីញ ភ្ជាប់ជាមួយលេន Leica 24-720mm f/3.4-f/6.4 អាចថតរូបភាពបានទំហំ ២០ មេហ្គាភិកស៊ែល ក្នុងល្បឿន ១០ សន្លឹកក្នុងមួយវិនាទី និងថតវីដេអូក្នុងកម្រិត 4K 30fps។ កាមេរ៉ានេះ ក៏មានអេក្រង់ប៉ះបញ្ជា LCD ដែលអាចបត់បាន ១៨០ ដឺក្រេ ងាយស្រួលសម្រាប់ការធ្វើមាតិកា ថត Vlog សម្រាប់បណ្ដាញសង្គម។