គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ សម្រេចបាន ៧០,១០% ហើយ
- 2025-06-16 07:57:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ សម្រេចបាន ៧០,១០% ហើយ
ចន្លោះមិនឃើញ
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ បានឈានដល់វឌ្ឍនភាព ៧០,១០% ហើយ គិតត្រឹមពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៥ នេះ ខណៈស្ពានផ្ទាល់សម្រេចបាន ៩៦,៣២%។ ការងារសាងសង់នេះ រំពឹងថានឹងអាចបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ននៅអំឡុងបុណ្យភ្ជុំបិណ្ឌខាងមុខ។
កាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ ដោយមានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ តភ្ជាប់រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ មានប្រវែង ១,៧៦១ ម៉ែត្រ។ ចំណែកឯផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះវិញ មានប្រវែងសរុប ៣៣,៤៦ គីឡូម៉ែត្រ។ គម្រោងនេះមានចំណុចចាប់ផ្ដើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B។
ស្ពាន និងផ្លូវនេះ គឺជាផ្នែកមួយនៃផ្លូវជាតិដ៏សំខាន់ដែលភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦, ៦២, ៧, ៩, ៧១, ៧១C, ផ្លូវខេត្តលេខ៣៧១, ៧៣, ៧៦ និងផ្លូវជាតិលេខ៧៨។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះនេះ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីសម្ពោធបើកការដ្ឋានសាងសង់បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ ជាមួយគ្នានេះ ប្រសិនបើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ននៅកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ នាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕