ប្រាសាទ ដាវីន និងអ្នកគ្រប់គ្រង MUC 2025 ស្រឡាំងកាំងចំពោះសមត្ថភាពរបស់បេក្ខជន
- 2025-06-25 03:22:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទ ដាវីន និងអ្នកគ្រប់គ្រង MUC 2025 ស្រឡាំងកាំងចំពោះសមត្ថភាពរបស់បេក្ខជន
ចន្លោះមិនឃើញ
ក្រោយឆ្លងកាត់ការហ្វឹកហាត់បានប៉ុន្មានសប្តាហ៍ ម្ចាស់មកុដ MUC 2024 ប្រាសាទ ដាវីន និងអ្នកគ្រប់គ្រងថ្នាក់ជាតិ MUC 2025 លោក ឈួង យីវឆួយ បានបង្ហាញការភ្ញាក់ផ្អើលចំពោះការវិវត្ដសមត្ថភាពយ៉ាងឆាប់រហ័សរបស់បេក្ខភាព Miss Universe Cambodia 2025 ដែលត្រៀមចេញទៅប្រកួតលើឆាកអន្ដរជាតិក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ខណៈដែលវិញ្ញាសារលំបាកៗ ត្រូវបានដាក់ចេញជាបន្តបន្ទាប់ គ្រប់បេក្ខភាពបានបញ្ចេញសមត្ថភាពកាន់តែអស្ចារ្យមិននឹកស្មាន តាមរយៈវគ្គប្រឡងជម្រុះថ្នាក់ជាតិ។ តួយ៉ាង ក្រោយឆ្លងកាត់ហ្វឹកហាត់ និងការរៀនសូត្រចំណេះដឹងជាច្រើនផ្នែករួចមក បេក្ខភាពម្នាក់ៗរឹតតែមានភាពជឿជាក់ខ្លាំងឡើង បើនិយាយពីការរៀបចំខ្លួនវិញនោះ គឺខ្ញង់ខ្លាំងតែម្តង រហូតសូម្បីតែ លោក ឈួង យីវឆូយ អ្នកគ្រប់គ្រងថ្នាក់ជាតិ MUC 2025 និង អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 ក៏ស្រឡាំងកាំងពេលឃើញការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បេក្ខភាពទាំងអស់។
ផ្តល់បទសម្ផាសន៍ក្នុងថ្ងៃចុះ MOU ជាមួយ Unilever Cambodia ៤ប្រភេទ កាលពីថ្ងៃទី ២០ ខែមិថុនា អ្នកគ្រប់គ្រងថ្នាក់ជាតិ MUC 2025 លោក ឈួង យីវឆូយ បានឱ្យដឹងថា ឆ្នាំនេះយើងបានសម្រិតសម្រាំងទម្រង់នៃការប្រកួតមួយចំនួន ដែលមានភាពខុសប្លែកពីឆ្នាំរាល់ដង និងមានភាពថ្មីប្លែកសម្រាប់វិស័យប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានពួតដៃគ្នាជាមួយម្ចាស់មកុដ ប្រាសាទ ដាវីន ក្នុងការដុះខាតសមត្ថភាពរបស់បេក្ខភាពឱ្យអស់ពីលទ្ធភាព ទាំងចំណេះដឹង សម្រស់ និងការប្រតិបត្តិខ្លួនផ្សេងៗ និងបានបញ្ចូលនូវវិញ្ញាសារថ្មីៗពុំធ្លាប់មានពីមុនមកទៀតផង។ ទោះជាយ៉ាងណាជាមួយនឹងឆន្ទៈ និងចក្ខុវិស័យច្បាស់លាស់ លោក ឈួង យីវឆូយ ក៏សង្ឃឹមថា កម្ពុជានឹងកាន់តែមានកេរ្តិ៍ឈ្មោះរីកសុះសាយនៅលើពិភពលោក តាមរយៈវេទិកាប្រកួតសម្រស់បវរកញ្ញាចក្កវាឡកម្ពុជានេះផងដែរ៕