ពីក្មេងស្រីក្រីក្រកម្ពុជា លោកស្រី សុភា បុត្រឈរ​ ក្លាយជាសប្បុរសជនលំដាប់ពិភពលោក!

  • 2025-06-30 04:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាដំណើរជីវិតដ៏អស្ចារ្យរបស់ស្ត្រីម្នាក់ ដែលបានប្រើប្រាស់ភាពឈឺចាប់កាលពីកុមារភាព និងរឿងរ៉ាវលំបាកជាច្រើនក្នុងអតីតកាល ទៅជាស្មារតីតស៊ូរហូតក្លាយជាបុគ្គលមួយរូប ដែលទទួលបានជោគជ័យក្នុងជីវិត។​ នោះគឺលោកស្រី សុភា បុត្រឈើ​ ដែល​បច្ចុប្បន្នបានសាបព្រួសអំពើសប្បុរសមកកាន់ប្រទេសកម្ពុជាជាទឹកដីកំណើត ក៏ដូចជាជាមនុស្សម្នាជាច្រើននៅលើពិភពលោក។

លោកស្រី សុភា បុត្រឈរ ( Sophea Bottcher) កើតនៅឆ្នាំ ១៩៧៩ ក្នុងខេត្តកំពង់ធំ។ ពេលនោះ ប្រទេសទើបចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនាំឲ្យជីវិតមនុស្សរាប់លាននាក់រងគ្រោះ ក្នុងនោះក៏មានក្រុមគ្រួសាររបស់អ្នកស្រីដែរ។ ក្នុងបរិយាកាសដ៏ស្ទើរតែមិនអាចរស់នៅបាននោះ លោកស្រីបានធំឡើងដោយទទួលបានការចិញ្ចឹមបីបាច់ថែរក្សាពីជីដូនជីតា ដែលពោរពេញដោយក្តីស្រឡាញ់ ដ្បិតថាជីវភាពក្រីក្រលំបាក និងមិនបានទទួលភាពកក់ក្ដៅពីឪពុកម្ដាយដោយផ្ទាល់យ៉ាងណាក៏ដោយ។

ជីវិតក្មេងស្រីម្នាក់នៅជិតព្រៃភ្នំ ពោរពេញដោយធម្មជាតិ និងសព្វសត្វនានា។ តែការរស់នៅពោរពេញដោយការតស៊ូ រែកទឹកក្រោមកម្ដៅថ្ងៃ ពុះអុស ប្រមូលសំណល់អាវុធ ដើម្បីលក់រកចំណូលជួយគ្រួសារ ព្រមទាំងខិតខំបំពេញការតព្វកិច្ចជាចៅស្រីដ៏ល្អម្នាក់សម្រាប់ជីដូនជីតារបស់នាង។ ដ្បិតតែជីវិតជួបការលំបាក ឆ្ងាយសាលារៀនយ៉ាងណាក៏ដោយ ប៉ុន្តែ សុភា តែងខិតខំតស៊ូរៀនសូត្រដូចទៅនឹងកូនចៅអ្នកភូមិដទៃ និងជាសិស្សពូកែប្រចាំសាលាផងដែរ។ នៅពេលបញ្ចប់ថ្នាក់វិទ្យាល័យលោកស្រីបានបន្តមកសិក្សានៅភ្នំពេញ និងបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកគណនេយ្យ និងកុំព្យូទ័រ។

សុភា បានចាប់ផ្តើមការងារតូចៗដូចជា រោងចក្រ និងបុគ្គលិកតាមហាងលក់ទំនិញ រហូតបានបានបំពេញការងារផ្នែកសេវាកម្មនៅសណ្ឋាគារ Raffles Hotel Le Royal។ នៅទីនោះ លោកស្រីទទួលបានពាន “បុគ្គលិកឆ្នើមប្រចាំឆ្នាំ” ជាច្រើនឆ្នាំដោយសារកិច្ចខិតខំប្រឹងប្រែង។ ដ្បិតតែមានការងារសមរម្យប្រាក់ខែអាចចិញ្ចឹមជីវិតបានប្រសើរបន្តិចក៏ពិតមែន តែស្ត្រីរូបនេះនៅតែបន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ព្រមទាំងកសាងទំនាក់ទំនងល្អជាមួយមជ្ឍដ្ឋានដទៃ។

ជាដំណាក់កាលនៃជីវិតថ្មីមួយ លោកស្រីបានធ្វើការជាជំនួយការផ្ទាល់ របស់វេជ្ជបណ្ឌិតល្បីឈ្មោះ Dr. Beat Richner នៅមន្ទីរពេទ្យគុន្ធបុប្ផា។ បទពិសោធន៍នោះកាន់តែធ្វើឱ្យលោកស្រីឃើញថា សប្បុរធម៌អាចផ្លាស់ប្តូរជីវិតមនុស្សបានពិតប្រាកដ។ ក្នុងដំណើរវែងឆ្ងាយជាមួយលោក Dr Beat Richner បានធ្វើឱ្យលោកស្រីកាន់តែមានជំនក់ចិត្តជាមួយនឹងអំពើសប្បុរសធម៌។

លោកស្រី សុភា បុត្រឈរ៖​ "បំណងមួយតាំងពីនៅក្មេង…ខ្ញុំតែងតែសន្យាចិត្តថា បើមួយថ្ងៃអាចក្លាយជាមានទ្រព្យសម្បត្តិជាច្រើន ខ្ញុំចង់ជួយមនុស្សក្រីក្រ កុមារ និងអ្នកគ្មានផ្ទះសម្បែងឱ្យបានច្រើន។ នេះជាក្តីប្រាថ្នាដែលខ្ញុំបានរក្សាទុកក្នុងបេះដូងរហូតមក"។

ក្ដីស្រមៃបានក្លាយជាការពិត ចំពោះចិត្តសប្បុរស ឧស្សាហ៍ព្យាយាម និងសេចក្តីស្រលាញ់បរិសុទ្ធ បុរសជាអ្នកជោគជ័យម្នាក់បានជួបនាង។ គាត់គឺជាមហាសេដ្ឋីអាល្លឺម៉ង់ ដែលមានបុគ្គលិកជិត ១,០០០ នាក់ និងឈ្នះពានរង្វាន់ “អ្នកលក់អនឡាញល្អបំផុត ២០២៣/២០២៤” នៅអឺរ៉ុប។ គាត់បានស្រឡាញ់នាងមិនមែនត្រឹមតែសម្រស់ ឬអតីតកាលទេ ប៉ុន្តែស្រឡាញ់ចិត្តសុទ្ធ និងភាពស្មោះត្រង់របស់នាង។

បច្ចុប្បន្ននេះ លោកស្រី និងស្វាមីបានបរិច្ចាគប្រាក់ចំនួន ១២ លានអឺរ៉ូ ទៅដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងប្រទេសផ្សេងៗ។ ពួកគាត់បានជួយកុមារកំព្រាជាង ២០០នាក់ តាមរយៈមជ្ឈមណ្ឌលមែកឈើរបស់លោក ផន ផល្លា ជួយអ្នកមានពិការភាព ជនចាស់ជរា អ្នកគ្មានផ្ទះសម្បែង សូម្បីតែសត្វដែលត្រូវការជំនួយ។ ពួកគេក៏បានសាងសង់ផ្ទះ និងផ្តល់អាហារ ការអប់រំ និងសុវត្ថិភាពដល់មនុស្សក្នុងតំបន់ដែលរងនូវការឈឺចាប់ ជាពិសេសដោយសារសង្គ្រាមជាច្រើន។

លោកស្រី សុភា បុត្រឈរ៖ “ការធ្វើសប្បុរធម៌សម្រាប់ខ្ញុំ មិនមែនជាកាតព្វកិច្ចទេ វាជាស្មារតី ដែលនាំមកពីបេះដូង”។

លោកស្រី សុភា បត្រឈើ ជាស្ត្រីកម្ពុជាដែលបង្ហាញនូវគំរូនៃភាពសាមញ្ញ ភាពសប្បុរស និងការរស់នៅដើម្បីជួយអ្នកដទៃ។ លោកស្រីមិនត្រឹមជាឧត្តមភរិយារបស់មហាសេដ្ឋីទេ ប៉ុន្តែជាម្តាយនៃសេចក្ដីសង្ឃឹមសម្រាប់មនុស្សជាច្រើនជុំវិញលោក៕

អត្ថបទ៖ សំណាង