Nothing Phone 3 រូបរាងស្អាតប្លែកពីគេ ប៉ុន្តែតម្លៃមិនទាបទៀតឡើយ

  • 2025-07-03 03:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nothing Phone 3 ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ទៅលើការរចនារូបរាងទូរសព្ទទៅមួយកម្រិតទៀត និងរក្សាអត្ដសញ្ញាណរបស់ខ្លួនដដែល ជាពិសេសលើការបន្ថែមអេក្រង់ LED តូចមួយនៅខ្នងខាងក្រោយ និងបំពាក់កាមេរ៉ាក្រោយដល់ ៣ គ្រាប់ស្រដៀងទូរសព្ទកំពូល។ តម្លៃរបស់ Nothing Phone 3 ចាប់ផ្ដើមពី ៧៩៩ ដុល្លារលើទីផ្សារបរទេស ប្រហាក់ប្រហែលនឹងទូរសព្ទកំពូលដូចជា iPhone 16 ទៅហើយ ប៉ុន្តែសមត្ថភាពមិនកំពូលដូចតម្លៃឡើយ យ៉ាងណាក៏វាស្ថិតនៅកម្រិតខ្ពស់មួយដែរ។

អ្វីដែលថ្មីបំផុតពី Nothing Phone 3 នោះគឺ Glyph Matrix គឺជាអេក្រង់ LED ចំនួន ៤៨៩ គ្រាប់នៅខ្នងខាងក្រោយ ដែលមានមុខងារបង្ហាញ Notification, បង្ហាញការ call ចូល, បង្ហាញម៉ោង, ប្រើជាមួយ app ផ្សេងៗ, និងដាក់រូបភាពស្អាតៗដែលយើងចូលចិត្ត។ អេក្រង់ខាងមុខវិញ ទំហំ 6.67 អ៊ីងជាប្រភេទ AMOLED កម្រិតបង្ហាញ FHD+ និងល្បឿនឡើងដល់ 120Hz ពន្លឺបង្ហាញខ្ពស់ដល់ ៤ ៥០០ នីត។

ចំណុចសំខាន់មួយទៀត គឺការតម្លើងកាមេរ៉ា ៣ គ្រាប់ទំហំ 50MP ទាំងអស់ ដែលត្រូវចិត្តអ្នកប្រើប្រាស់ទូទៅ កាមេរ៉ាគោលទំហំស៊េនស័រជិត ១ អ៊ីង ចាប់រូបភាព 50MP មានទប់លំនឹង OIS រីឯកាមេរ៉ា telephoto 3x ប្រើលេន 70mm មានទំហំ 50MP និងលេនទូលាយចាប់រូបភាព ១១៤ ដឺក្រេ មានទំហំ 50MP ដូចគ្នា ហើយអាចប្រើប្រាស់សម្រាប់ថតម៉ាក្រូ បូកជាមួយ កាមេរ៉ាមុខទំហំ 50MP ដូចគ្នាផងដែរ។

ចំណែកផ្នែកម៉ាស៊ីនវិញ វាស្រដៀងទៅនឹង Poco F7 ដោយប្រើប្រាស់ឈីប Snapdragon 8s Gen 4 មានជម្រើសរ៉េម 12/16GB និងអង្គផ្ទុកទិន្នន័យ 256/512GB មានទំហំថ្ម 5,150mAH គាំទ្រការសាកថ្មលឿន 65W និងសាកថ្មឥតខ្សែត្រឹម 15W។ ទូរសព្ទដំណើរការដោយ Nothing OS 3.5 នៅពីលើ Android 15 ត្រៀមឡើង Android 16 ឆាប់ៗនេះ ហើយក៏ធានា update រហូតដល់ ៥ ឆ្នាំ និង security patches ដល់ ៧ ឆ្នាំ។

Nothing Phone 3 នឹងចាប់ផ្ដើមបើក Pre-order ចាប់ពីថ្ងៃទី០៤ កក្កដាតទៅ លើគេហទំព័រ nothing.tech នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ១៥ កក្កដា នៅក្នុងតម្លៃ ៧៩៩ ដុល្លារសម្រាប់ជម្រើសរ៉េមអង្គផ្ទុកទិន្នន័យ 12/256GB និងតម្លៃ ៨៩៩ ដុល្លារសម្រាប់ជម្រើសរ៉េមអង្គផ្ទុកទិន្នន័យ 16/512GB។

អត្ថបទ៖ Khong Phearum