អាកាសយានដ្ឋានតេជោ បិទបញ្ចប់ដំណាក់កាលសាងសង់ ត្រៀមបើកការហោះហើរថ្ងៃទី០៩ កញ្ញា

  • 2025-07-08 10:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងដំណាក់កាលទី១ ត្រូវបានប្រកាសបិទបញ្ចប់ដំណាក់កាលសាងសង់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ និងបើកការប្រជុំវាយតម្លៃ តៀមបើកប្រតិបត្តិការហោះហើរជាផ្លូវការ នៅថ្ងៃទី០៩ ខែកញ្ញា និងសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញដឹកនាំវាយតម្លៃការងារមួយចំនួនដូចជា វឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ, កំណត់ពេលវេលាដំណើរការអាកាសយានដ្ឋាន, វឌ្ឍនភាពការងារវិញ្ញាបនបត្រអាកាសយានដ្ឋាន, វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស, វឌ្ឍនភាពការរៀបចំផ្ទេរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) និងវឌ្ឍនភាពច្រកទ្វារអន្តរជាតិជាដើម។

សូមបញ្ជាក់ថា អាកាសយានដ្ឋានតេជោ ជាអាកាសយានដ្ឋានខ្នាតធំកម្រិត 4F ដែលបានសាងសង់នៅលើផ្ទៃដីប្រមាណ ២៦០០ ហិកតា និងត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន Foster and Partners វិនិយោគ ដោយក្រុមហ៊ុន OCIC ដោយចំណាយថវិការសាងសង់ប្រមាណ ១,៥ ប៊ីលានដុល្លារ ក្នុងដំណាក់កាលទី១ និងរំពឹងថាទទួលបានអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោយបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ឬអាកាសយានដ្ឋានពោធិ៍ចិនតុង នឹងមិនត្រូវបិទប្រតិបត្តិការទាំងស្រុងទេ ដោយរដ្ឋនឹងរក្សាទីតាំងនោះ ទុកជាសម្បត្តិរបស់រដ្ឋ សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ទៅលើទិសដៅផ្សេងទៀត។

អត្ថបទ៖ Khong Phearum