ក្រុមហ៊ុន CAIC ជ្រើសរើស ក្រុមហ៊ុន VINCI Airports ដើម្បីប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ
- 2025-07-12 02:47:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន CAIC ជ្រើសរើស ក្រុមហ៊ុន VINCI Airports ដើម្បីប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ
ចន្លោះមិនឃើញ
ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ - ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានជ្រើសរើសក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីនៅបារាំង VINCI (CAC 40: DG) ដើម្បីដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ (TIA) នាពេលខាងមុខរបស់រាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និងដោយលោក Nicolas Notebaert ប្រធានក្រុមហ៊ុន Cambodia Airports។
អាកាសយានដ្ឋានអន្តរជាតិតេជោកំពុងអភិវឌ្ឍដោយ CAIC ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍទីក្រុងដ៏ធំមួយរបស់កម្ពុជា និងរដ្ឋលេខាធិការ អាកាសចរស៊ីវិលកម្ពុជា (SSCA)។ គម្រោងនេះមានគោលបំណងបំពេញតម្រូវការកាន់តែខ្ពស់ក្នុងវិស័យអាកាសចរណ៍ និងដឹកជញ្ជូនរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីការស្តារឡើងវិញជាលំដាប់នៃចរាចរណ៍ផ្លូវអាកាសចាប់តាំងពី COVID-19 ហើយត្រូវបានរៀបចំឡើងជាមួយនឹងចក្ខុវិស័យរយៈពេលវែងសម្រាប់ ៥០ ឆ្នាំខាងមុខ។
លោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ មានប្រសាសន៍ថា៖ «តាមរយៈការជ្រើសរើស VINCI ឱ្យធ្វើប្រតិបត្តិការសេវាកម្មអាកាសយានដ្ឋានសំខាន់ៗ យើងប្តេជ្ញាបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តាមរយៈគម្រោងដែលស្របតាមស្តង់ដារអន្តរជាតិ។ ចក្ខុវិស័យរបស់យើងគឺបន្តពង្រីក TIA ក្នុងទសវត្សរ៍ខាងមុខ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់។»
ជាមួយនឹងតួនាទីស្នូលក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន OCIC កំពុងអនុវត្តគម្រោងនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ដើម្បីពង្រីកបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសក្តានុពលតភ្ជាប់របស់ព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ ២០២៥ នេះ OCIC អបអរសាទរខួបលើកទី ២៥ ដោយមានសមិទ្ធផលនានា ដែល OCIC បានសាងសង់លំនៅដ្ឋានជាង ១០,០០០ ខ្នង អភិវឌ្ឍសង្កាត់ទាំងមូល និងអនុវត្តគម្រោងសាធារណៈដ៏សំខាន់ជាច្រើន រួមមានស្ពាន ផ្លូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្មដែលជាភស្តុតាងនៃការចូលរួមរឹងមាំក្នុងការរួមចំណែកបំរើសេដ្ឋកិច្ចជាតិ និងកសាងទីក្រុង។ អាកាសយានដ្ឋានអន្តរជាតិតេជោតំណាងឱ្យជំហានបន្ទាប់ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អូស៊ីអាយស៊ី និង «CAIC» ក្នុងការដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវិនិយោគ ការធ្វើដំណើរ និងពាណិជ្ជកម្ម។
អាកាសយានដ្ឋានអន្តរជាតិតេជោតំណាងឱ្យជំហានបន្ទាប់ក្នុងគន្លងនេះ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អូស៊ីអាយស៊ី និង «CAIC» ក្នុងការដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវិនិយោគ ការធ្វើដំណើរ និងពាណិជ្ជកម្ម។ ដោយមានវត្តមានជាង ៣ ទសវត្សរ៍ក្នុងប្រទេសកម្ពុជា VINCI Airports ដែលបានចាប់ផ្តើមប្រតិបត្តិការព្រលានយន្តហោះក្នុងឆ្នាំ ១៩៩៥ និងបច្ចុប្បន្នកំពុងដំណើរការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានជ្រើសរើសឱ្យបន្តតួនាទីរបស់ខ្លួននៅ អាកាសយានដ្ឋានអន្តរជាតិតេជោ គាំទ្រដោយផលប័ត្រព្រលានយន្តហោះជាង ៧០ នៅក្នុង ១៣ ប្រទេសផ្សេងៗ។ គិតត្រឹមឆ្នាំ ២០២៤ ស្ថាប័ននេះបានគ្រប់គ្រងអ្នកដំណើរជាង ៣០០ លាននាក់ នៅទូទាំងបណ្តាញសកលរបស់ខ្លួន។
លោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports បានមានប្រសាសន៍ថា៖ «យើងកំពុងបន្តការប្តេជ្ញាចិត្តរបស់យើងបន្តទៀតជាមួយនឹងឧត្តមភាពនៃអាកាសយានដ្ឋាន និងដើម្បីអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជាបន្ថែមទៀត។ ខ្ញុំទន្ទឹងរង់ចាំភាពជាដៃគូរបស់យើងជាមួយ CAIC នៅពេលដែលយើងទាំងពីរចែករំលែកចក្ខុវិស័យរួមក្នុងការបម្រើប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួនដោយបង្កើតតម្លៃ និងឱកាស ដូច្នេះហើយ យើងអាចពង្រីកជំហររបស់ប្រទេស។» អាកាសយានដ្ឋានអន្តរជាតិតេជោបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ខណៈពេលដែលការចូលរួមជាមួយដៃគូអន្តរជាតិ ដើម្បីនាំយកអ្នកជំនាញបន្ថែម និងកម្រិតស្តង់ដារពិភពលោក។ បន្ថែមពីលើ «VINCI Airports» ព្រលានយន្តហោះបាននាំមកនូវបណ្តាញដ៏ធំទូលាយនៃអ្នកប្រឹក្សាសកល និងអ្នកជំនាញផ្នែករចនា រួមទាំង «Foster + Partners » និង «Changi Airports International»។
ក្រុមហ៊ុនធំៗពីរផ្សេងទៀតរបស់បារាំងគឺ «Lagardere Travel Retail» និង «Newrest» ត្រូវបានជ្រើសរើសឱ្យធ្វើប្រតិបត្តិការជាមួយហាងទំនិញឥតគិតពន្ធ និង ភោជនីយដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ដោយឆ្លុះបញ្ចាំងពីទស្សនវិស័យអន្តរជាតិរបស់អាកាសយានដ្ឋាន និងអត្តសញ្ញាណកម្ពុជា ស្ថានីយដំណើរនេះនឹងមានទាំងម៉ាកយីហោរល្បីៗជាសកល និងកម្ពុជា រួមទាំង «Starbucks» និងក្រុមហ៊ុនកាហ្វេកម្ពុជា «Brown Coffee» ដែលផ្តល់ជូនអ្នកដំណើរនូវអាហារអន្តរជាតិ និងក្នុងស្រុកប្រកបដោយតុល្យភាព។
គ្រោងនឹងបើកដំណើរការ និងស្វាគមន៍អ្នកដំណើរនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងត្រូវបានរៀបចំឡើងជាមួយនឹងការគិតអំពីអ្នកធ្វើដំណើរ។ ស្ថានីយដំណើរនេះនឹងមានកន្លែងបើកចំហ ធំទូលាយ និងសេវាកម្មជាច្រើន ដែលផ្តល់បទពិសោធន៍អាកាសយានដ្ឋានប្រកបដោយផាសុកភាព និងប្រសិទ្ធភាព។
អំពីក្រុមហ៊ុន Cambodia Airport Investment Co, Ltd.៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) បានទទួលសិទ្ធិអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាច្រកទ្វារអាកាសថ្មីសម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជា។ CAIC គឺជាក្រុមហ៊ុនរួមបណ្តាក់ទុន បង្កើតឡើងដោយសហការរវាងក្រុមហ៊ុន OCIC (កាន់កាប់ភាគហ៊ុន ៩០%) និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) (កាន់កាប់ភាគហ៊ុន ១០%)។
អំពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេរបស់កម្ពុជាដោយផ្តោតទៅលើការអភិវឌ្ឍវិស័យជាច្រើនដូចជាវិស័យអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សុខាភិបាល ការអប់រំ ការលក់រាយ និងកសិកម្ម។ មានក្រុមការងារចំនួនជាង ១៧,៥០០ នាក់នៅទូទាំងប្រទេស ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍នានា ដែលមានសារៈសំខាន់ចំពោះការលូតលាស់រយៈពេលវែងនៃប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ ២០០០ មក OCIC បានអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន រួមមានការសាងសង់លំនៅដ្ឋានចំនួនជាង ១០,០០០ ខ្នង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗដូចជា ស្ពាន ស្ពានអាកាស និងផ្លូវថ្នល់ ដែលភ្ជាប់សហគមន៍នៅគ្រប់តំបន់នៃប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមនៃក្រុមហ៊ុន OCIC សូមចូលទៅកាន់គេហទំព័រ៖ https://www.ocic.com.kh ឬចូលទៅកាន់ LinkedIn: https://www.linkedin.com/company/ocicgroup/