ថ្ងៃស្អែក ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំបន្ទាន់ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ

  • 2025-07-25 03:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតបទៅនឹងសំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ញើរជូនក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កាលពីម្សិលមិញ ក្រោយមានការផ្ទុះអាវុធឈ្លានពាន ពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជា ក្នុងតំបន់ឈរជើងកងទ័ពកម្ពុជាចំនួន ៨ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃស្អែក ដើម្បីពិភាក្សារកដំណោះស្រាយ លើជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំបិទទ្វារនេះ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ នឹងរៀបចំធ្វើឡើងនៅវេលាម៉ោង ៣ រសៀលនៅទីក្រុងញ៉ូវយ៉ក (ត្រូវនឹងម៉ោង ២ ទៀបភ្លឺនៅកម្ពុជា ថ្ងៃទី២៦ ខែកក្កដា) ក្នុងគោលដៅស្វែងរកដំណោះស្រាយបន្ទាន់ និងបង្កាវិវាទព្រំដែន រវាងប្រទេសទាំងពីរ យោងតាមការស្នើសុំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើរជូនលិខិតទៅឯកឧត្តម Asim Iftikhar Ahmad ប្រធានប្ដូរវេនក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ស្នើសុំកោះប្រជុំប្រឹក្សាសន្ដិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍ បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យកម្ពុជា។

អត្ថបទ៖ Khong Phearum