កិច្ចចរចាសន្តិភាព រវាង កម្ពុជា-ថៃ នឹងធ្វើឡើងនៅ ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ
- 2025-07-28 04:19:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិច្ចចរចាសន្តិភាព រវាង កម្ពុជា-ថៃ នឹងធ្វើឡើងនៅ ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ
ចន្លោះមិនឃើញ
ថៃ និង កម្ពុជានឹងជួបគ្នានៅ ម៉ាឡេស៊ី សម្រាប់កិច្ចចរចាសន្តិភាពនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ខណៈជម្លោះព្រំដែនបានឈានចូលដល់ថ្ងៃទី ៥ មកហើយ។ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភុំថាំ វេចាយ៉ាចៃ នឹងដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុង កូឡាឡាំពួ ដើម្បីចរចាបទឈប់បាញ់។ ម៉ាឡេស៊ីបានប្រាប់ថៃថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំនេះ។
ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេន អាស៊ាន បានអំពាវនាវឱ្យបញ្ចប់អរិភាព និងបានដើរតួនាទី ធ្វើជាអ្នកសម្របសម្រួល។ ទន្ទឹមគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីអូ ហ្គូទែរ៉េស នៅថ្ងៃសៅរ៍ បានជំរុញឱ្យភាគីទាំងពីរឯកភាពលើបទឈប់បាញ់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅលើវេទិកាបណ្តាញសង្គម Truth Social របស់លោកនៅថ្ងៃសៅរ៍ បាននិយាយថា លោកបាននិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដើម្បីស្នើសុំបទឈប់បាញ់រវាងប្រទេសទាំងពីរ។ លោក ត្រាំ ក៏បាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ប៉ុន្តែលោកមិនចង់ធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសណាមួយ ប្រសិនបើពួកគេកំពុងប្រយុទ្ធគ្នា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃអាទិត្យ បានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់កម្ពុជាសម្រាប់ "បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ" រវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ បន្ទាប់ពីការពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ការប្រយុទ្ធនៅតែបន្តនៅថ្ងៃអាទិត្យ នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា ខណៈសំឡេងកាំភ្លើងត្រូវបានឮកងរំពង។ ក្រសួងការពារជាតិកម្ពុជាបាននិយាយថា ថៃបានបាញ់ផ្លោង និងវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅព្រឹកថ្ងៃអាទិត្យ នៅចំណុចជាច្រើននៅតាមបណ្តោយព្រំដែន។ អ្នកនាំពាក្យក្រសួងបាននិយាយថា កាំភ្លើងធំត្រូវបានបាញ់ទៅលើប្រាសាទបុរាណរបស់កម្ពុជាផងដែរ។
ចាប់តាំងពីជម្លោះប្រដាប់អាវុធរវាងទាហានកម្ពុជា និងថៃលើតំបន់ព្រំដែនដែលមានជម្លោះបានផ្ទុះឡើង ជនស៊ីវិល និង ទាហាន ជាង ៣០ នាក់បានស្លាប់ រវាងភាគីទាំងពីរ។ គួរឱ្យដឹងថា ប្រជាពលរដ្ឋស្លូតត្រង់ ជាង ១០០,០០០ នាក់ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព យោងតាមតួលេខដែលផ្តល់ដោយប្រទេសទាំងពីរ៕