កំពង់ផែព្រះសីហនុ នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ

  • 2025-08-05 03:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់ផែព្រះសីហនុ នឹងប្រែក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA)។

ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបបានចុះហត្ថលេខាជាមួយ JICA លើកំណត់ត្រានៃកិច្ចពិភាក្សា ស្ដីពីគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។ យោងតាមគម្រោងនេះ នឹងចំណាយពេលប្រមាណ ២៤ ខែ ក្នុងការរៀបចំអភិវឌ្ឍន៍ផែនការមេខាងលើ ក្នុងគោលបំណង់ពង្រីកសក្ដានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែល្អ មានគុណភាពខ្ពស់ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការដឹកជញ្ជូន សេវាកម្មកំពង់ផែព្រះសីហនុមានប្រសិទ្ធភាព និងខ្លាំងក្លាជាងមុន។

ស្របពេលជាមួយគ្នា កំពង់ផែអន្តរជាតិព្រះសីហនុ នឹងប្រកួតប្រជែងជាមួយកំពង់ផែធំៗ នៅក្នុងតំបន់ រួមជាមួយការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្តមភាព រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា បច្ចុប្បន្ន កំពង់ផែក្រុងព្រះសីហនុ កំពុងសាងសង់ចំណតផែកុងតឺន័រថ្មី ដែលគ្រោងចំណាយថវិកា ៩៧៣ លានដុល្លារ បែងចែកជា ៣ ដំណាក់កាល អាចពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រធំជាងមុន ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងទំហំពាណិជ្ជកម្មអន្តរជាតិ។ សម្រាប់គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ដំណាក់កាលទី១ នឹងបញ្ចប់នៅឆ្នាំ២០២៦ ខាងមុខ។

អត្ថបទ៖ Khong Phearum

អត្ថបទថ្មី