ទីភ្នាក់ងារកយកា (KOICA) ពង្រឹងសមត្ថភាពរបស់មន្ត្រីកម្ពុជា សម្រាប់ “សេដ្ឋកិច្ចចក្រា ដោយការគ្រប់គ្រងសំណល់ ប្រកបដោយចីរភាព” និង “ការអភិរក្សតំបន់ដីសើម” តាមរយៈកម្មវិធីបណ្តុះបណ្តាលជាតិ និងពហុជាតិ
- 2025-08-13 03:35:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីភ្នាក់ងារកយកា (KOICA) ពង្រឹងសមត្ថភាពរបស់មន្ត្រីកម្ពុជា សម្រាប់ “សេដ្ឋកិច្ចចក្រា ដោយការគ្រប់គ្រងសំណល់ ប្រកបដោយចីរភាព” និង “ការអភិរក្សតំបន់ដីសើម” តាមរយៈកម្មវិធីបណ្តុះបណ្តាលជាតិ និងពហុជាតិ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៨ សីហា ២០២៥ ទីភ្នាក់ងារកយកា (KOICA) ប្រចាំកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរាជការមកពីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុនពេលចូលរួមកម្មវិធីបណ្តុះបណ្តាល ដែលរៀបចំដោយ KOICA នៅសាធារណរដ្ឋកូរ៉េ។
មន្ត្រីរាជការពីក្រសួងទាំងពីរ នឹងចូលរួមក្នុងកម្មវិធី “បណ្តុះបណ្តាលសមត្ថភាព ក្នុងការអនុវត្តសេដ្ឋកិច្ចចក្រា ដោយការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព សម្រាប់កម្ពុជា (២០២៤–២០២៦)” ចាប់ពីថ្ងៃទី ១៧ ដល់ ៣០ ខែសីហា និងកម្មវិធី “បណ្ដុះបណ្ដាលសមត្ថភាព ក្នុងការអភិរក្សនិងគ្រប់គ្រងតំបន់ដីសើម សម្រាប់អន្តរកាលទៅរកអព្យាក្រឹតកាបូន (២០២៣–២០២៥)” ចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ថ្ងៃទី ៦ ខែកញ្ញា។
អ្នកចូលរួមសរុប១៥នាក់ នឹងចូលរួមក្នុងកម្មវិធីសេដ្ឋកិច្ចចក្រា ដែលមានគោលបំណងបង្កើនសមត្ថភាពមន្ត្រីកម្ពុជា ក្នុងការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជា ក្នុងវិស័យបរិស្ថាន។ ព្រមជាមួយគ្នានេះ អ្នកចូលរួមសរុប៣នាក់ នឹងចូលរួមក្នុងកម្មវិធីអភិរក្សតំបន់ដីសើម ដែលផ្ដោតលើការបង្កើត គោលនយោបាយអភិរក្សប្រព័ន្ធតំបន់ដីសើម ដែលជាប្រភពស្រូបយកកាបូនដ៏សំខាន់ ដើម្បីជម្រុញការផ្លាស់ប្តូរទៅរក អព្យាក្រឹតកាបូននៅកម្ពុជា។
ក្នុងកិច្ចថ្លែងបើកកម្មវិធី លោកស្រី LEE Sejin នាយិការង KOICA ប្រចាំកម្ពុជា បានអបអរសាទរដល់អ្នកចូលរួម ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី និងលើកឡើងពីសារៈសំខាន់នៃការបង្កើនសមត្ថភាព ក្នុងការជំរុញការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់បន្ថែមថា KOICA បន្តការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យសំខាន់ៗ ដូចជា កសិកម្ម អប់រំ បរិស្ថាន សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងកម្មវិធីតម្រង់ទិសនេះ អ្នកចូលរួមដែលជាមន្ត្រី បានស្វែងយល់បន្ថែមអំពីកិច្ចការរបស់ KOICA នៅកម្ពុជា ក៏ដូចជាសេចក្ដីណែនាំអំពីកម្មវិធីបណ្ដុះបណ្ដាល និងព័ត៌មានផ្សេងៗដែលជាជំនួយសម្រាប់មន្រ្តី ដែលនឹងចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅប្រទេសកូរ៉េ។ ព័ត៌មានស្ដីពីឱកាសក្លាយជាសមាជិកនៃ សមាគមអតីតកម្មសិក្សាការី កម្ពុជា -កូរ៉េ (CAMKAA) ក្រោយពីកម្មវិធីបណ្ដុះបណ្ដាល ក៏ត្រូវបានបង្ហាញក្នុងកម្មវិធីតម្រង់ទិសផងដែរ។ បន្ថែមពីនេះ មន្រ្តីដែលជាអ្នកចូលរួម ក៏ត្រូវបានណែនាំពីក្រមសីលធម៌ ដោយផ្ដោតជាពិសេសលើសុចរិតភាព និងការចៀសវាងពីការបៀតបៀនផ្លូវភេទ។
លោក កែវ វ៉ាន់ធឿន អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃក្រសួងបរិស្ថាន និងជាអតីតអ្នកចូលរួមនៃកម្មវិធី KOICA ឆ្នាំ២០២៤ បានចែករំលែកពីការអភិវឌ្ឍន៍សមត្ថភាពនិងវិជ្ជាជីវៈ ក៏ដូចជាលទ្ធផលការងារ ដែលលោកទទួលបាន តាមរយៈកម្មវិធីបណ្ដុះបណ្ដាលនៅកូរ៉េ។ លោកក៏បានចែករំលែកពីបទពិសោធន៍ផ្លាស់ប្ដូរវប្បធម៌ ក្នុងអំឡុងពេលស្នាក់នៅកូរ៉េផងដែរ។ ព្រមជាមួយនេះ មន្ត្រីតំណាងពីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់សេចក្តីសង្ខេបអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងសំណល់សម្រាប់សេដ្ឋកិច្ចចក្រា និងការអភិរក្សតំបន់ដីសើម។
មន្រ្តីរាជការដែលជាអ្នកចូលរួម បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីតម្រង់ទិសនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA និងរដ្ឋាភិបាលកូរ៉េ ចំពោះការជ្រោមជ្រែងក្នុងកម្មវិធី។