ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងជួយចរាចរណ៍ និងការដឹកជញ្ជូនកម្រិតណា?

  • 2025-08-20 04:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមខែសីហា ឆ្នាំ២០២៥ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បានសាងសង់សម្រេចបាន ៤១% ហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ តើក្រោយពីសាងសង់រួច ស្ពានឆ្លងទន្លេបាសាក់មួយនេះ នឹងជួយសម្រួលការធ្វើចរាចរណ៍ និងការដឹកជញ្ជូនអ្វីខ្លះ?

នៅពេលសាងសង់រួច ស្ពានមួយខ្សែនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្ដហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ជាពិសេសធ្វើអោយប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្ដុភារកម្ម នៅក្នុងតំបន់រាជធានីភ្នំពេញ និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍន៍តំបន់ទាំងនោះផងដែរ។

គិតត្រឹមពេលនេះ ស្ពានឆ្លងកាត់ទន្លេបាសាក់ព្រែកប្រា-ចាក់អង្រែក្រោម សម្រេចការងារបាន៖ ១. ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦១% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ សម្រេចបាន ១៣៧ ដើម ជើងតាង ២០ សម្រេចបានចំនួន ៩ ដើម និងធ្នឹមភ្ជាប់ក្រោមចំនួន ១២ សម្រេចបាន ៨ ធ្នឹម។ ២. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ២៦% រួមមាន តួសរសរស្ពាន ១២ សម្រេចបាន ៦ សរសរ, សរសរស្ពានចំនួន ៥២ សម្រេចបាន ២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន ៣៤ សម្រេចបាន ១០ ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

គម្រោងសាងសង់ស្ពានទន្លេបាសាក់នេះ គ្រោងចំណាយពេល ៤២ ខែដើម្បីបញ្ជប់ការងារទាំងស្រុង ខណៈពេលការងារជាង ៤០% ដែលសម្រេចបាន ចំណាយពេលប្រមាណ ១៧ ខែ នឹងត្រូវបញ្ចប់ទាំងស្រុង នៅដើមឆ្នាំ២០២៨ ខាងមុខ។

អត្ថបទ៖ Khong Phearum

អត្ថបទថ្មី