ក្រុមហ៊ុន KP Cement ចាប់អារម្មណ៍វិនិយោគកំពង់ផែពហុបំណង ៣៥ លានដុល្លារ នៅខេត្តក្រចេះ

  • 2025-08-20 10:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាជាមួយក្រុមហ៊ុន KP Cement Industries Co., Ltd ដើម្បីស្វែងយល់ពីទិដ្ឋភាពច្បាប់ និងបទបញ្ញាត្តិស្ដីពីការសាងសង់ និងប្រតិបត្តិការកំពង់ផែពហុបំណង ដែលក្រុមហ៊ុន មានបំណងចង់វិនិយោគនៅតាមបណ្ដោយទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។

ក្រុមហ៊ុន KP Cement Industries Co., Ltd មានគោលបំណងវិនិយោគលើគម្រោងសាងសង់កំពង់ផែពហុបំណង ស្ថិតនៅក្នុងស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដោយគម្រោងនេះ អាចនឹងចំណាយទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារ ព្រមទាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីបម្រើដល់ការវិនិយោគ និងការដឹកជញ្ជូនកសិផល នៅក្នុងតំបន់។

ក្រុមហ៊ុន KP Cement Industries Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Energy Engineering Group Co., Ltd. (CEEC) ដែលជាក្រុមហ៊ុន Fortune Global 500 ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងប៉េកាំង ប្រទេសចិន មានប្រតិបត្តិការក្នុង១៤០ប្រទេស។ CEEC មានឯកទេសលើគម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែតាមដងទន្លេចំនួន ១១៩ កន្លែងដែលកំពុងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ ក្នុងនោះនៅតាមតំបន់ឆ្នេរសមុទ្រ មានកំពង់ផែក្រុងព្រះសីហនុ រួមទាំងកំពង់ផែចំនួន ៣០ ផ្សេងទៀត និងនៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត។

អត្ថបទ៖ Khong Phearum