ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលបានអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ តេជោ កំពុងបន្តពង្រឹងវិស័យអាកាសចរណ៍នៅកម្ពុជា
- 2025-09-10 09:03:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលបានអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ តេជោ កំពុងបន្តពង្រឹងវិស័យអាកាសចរណ៍នៅកម្ពុជា
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. មានវត្តមានក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន វិនិយោគទុនអាណិកជនគម្ពុជា (OCIC) ដែលមានសម្ព័ន្ធភាពជាមួយសាកលវិទ្យាល័យ ខេមតិច (CamTech) និង WCC Aeronautical and Technological College (WCC-ATC)។ ពិធីនេះធ្វើឡើងក្នុងវេទិកាធុរកិច្ច ហ្វីលីពីន-កម្ពុជា CEO B2B Business Forum ដែលប្រារព្ធធ្វើនៅទីក្រុងភ្នំពេញ រួមជាមួយនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី Marcos Jr. មកកាន់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក Thierry Tea អនុប្រធានក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ខេមតិច (CamTech) និងលោកបណ្ឌិត Raymond Patrick Guico ប្រធានក្រុមហ៊ុន WCC-ATC ដោយមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Lim Lina អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងលោកបណ្ឌិត Arlyn Grace V. Guico ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Citi Group។ កម្មវិធីនេះត្រូវបានបង្កើតឡើងនៅលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះរវាងសាកលវិទ្យាល័យ ខេមតិច (CamTech) ដែលជាសកលវិទ្យាល័យមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី និង WCC-ATC ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទីក្រុងម៉ានីល។
ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ឥឡូវនេះកំពុងពង្រីកការបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យមួយនេះរយៈពេលវែងក្នុងប្រទេស។ ក្រុមហ៊ុន WCC-ATC គឺជាស្ថាប័នអប់រំអាកាសចរណ៍ឈានមុខគេមួយរបស់ប្រទេសហ្វីលីពីន ជាមួយនឹងបទពិសោធន៍ជាង ៥០ ឆ្នាំនៃការបណ្តុះបណ្តាលវិស្វករយន្តហោះ អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រង – ឥឡូវនេះបានពង្រីកជំនាញរបស់ខ្លួនដល់ប្រទេសកម្ពុជា។
លោក Thierry Tea ដែលធ្លាប់ជានាយកប្រតិបត្តិក្រុមហ៊ុន Airbus Helicopters Philippines និងជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Airbus Group បានលើកឡើងថា «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយ WCC-ATC គឺជាការបោះជំហានឆ្ពោះទៅមុខក្នុងការបង្កើតឱកាសសម្រាប់និស្សិតកម្ពុជាក្នុងការទទួលបានចំណេះដឹងផ្នែកអាកាសចរណ៍ និងអភិវឌ្ឍជំនាញដែលពួកគេត្រូវការដើម្បីពង្រីកអាជីពរបស់ពួកគេ។ ការកសាងឱកាសថ្មីៗនៅក្នុងវិស័យអាកាសចរណ៍នៅកម្ពុជាគឺពិតជាគួរឲ្យរំភើបណាស់។»
ក្រោមកិច្ចព្រមព្រៀង ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង WCC-ATC នឹងសហការលើ៖
• បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាថែទាំយន្តហោះ – សេវាកម្ម និងថែទាំយន្តហោះ។
• បរិញ្ញាបត្រផ្នែក អាកាសចរណ៍ – ប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធនាវីការយានអាកាស។
• បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ – ការធ្វើផែនការក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិការលើដី (Ground operations)។
• បរិញ្ញាបត្រផ្នែកវិស្វកម្មអាកាសចរណ៍ – ការរចនា និងការធ្វើតេស្តយន្តហោះ។
• វិញ្ញាបនបត្រកម្មវិធីបណ្តុះបណ្តាលអ្នកបម្រើការលើយានអាកាស (Flight Attendant Training) – សុវត្ថិភាព និងសេវាកម្មនៅក្នុងយន្តហោះ។
កម្មវិធីទាំងនេះនឹងផ្តល់ឲ្យនិស្សិតកម្ពុជាទទួលស្គាល់នូវលក្ខណៈសម្បត្តិបច្ចេកទេស និងវិស្វកម្ម ដើម្បីរៀបចំពួកគេសម្រាប់អាជីពនៅទូទាំងក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងសេវាកម្មអាកាសចរណ៍។
លោកបណ្ឌិត Raymond Patrick Guico ប្រធានក្រុមហ៊ុន WCC-ATC មានប្រសាសន៍ថា «កិច្ចព្រមព្រៀងនេះពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងសាកលវិទ្យាល័យ CamTech ។ យើងមានគោលបំណងជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍអ្នកជំនាញអាកាសចរណ៍ដែលមានជំនាញដែលអាចបំពេញតម្រូវការក្នុងវិស័យមួយនេះនាពេលអនាគត។»
តាមរយៈការរួមបញ្ចូលគ្នានូវសមត្ថភាពរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំជាមួយនឹងជំនាញរបស់ WCC-ATC ក្នុងការបណ្តុះបណ្តាលអាកាសចរណ៍ កិច្ចសហការនេះមានគោលបំណងបង្កើតអ្នកជំនាញនិងទេពកោសល្យដ៏រឹងមាំដើម្បីពង្រឹងតម្រូវការនាពេលអនាគតរបស់វិស័យនេះ។ នេះក៏ជាការឆ្លុះបញ្ចាំងផងដែរពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកម្ពុជា និងហ្វីលីពីន ដោយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជនលើវិស័យអាកាសចរណ៍ ឧស្សាហកម្ម បច្ចេកវិទ្យា ការអប់រំ និងការអភិវឌ្ឍកម្លាំងពលកម្មនៅក្នុងតំបន់។