កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកម្មវិធីលំដាប់អន្តរជាតិ និងកម្មវិធីថ្នាក់ជាតិ ២ ផ្ទួនគ្នានៅចុងឆ្នាំ២០២៥

  • 2025-09-15 10:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័នគ្រប់គ្រងកម្មវិធី World Miss University ហៅកាត់ថា WMU កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញនេះ បានប្រារព្ធរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមួយ ក្នុងបំណងប្រកាសឱ្យសាធារណជនដឹងថា កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកម្មវិធីលំដាប់អន្តរជាតិ និងកម្មវិធីថ្នាក់ជាតិ ២ ផ្ទួនគ្នា នៅចុងឆ្នាំ២០២៥នេះ។

សន្និសីទនេះរៀបចំឡើងនៅសណ្ឋាគារកំាបូឌីយ៉ាណា​ ដោយមានការចូលរួមពីប្រធាន​គណៈកម្មការរៀបចំការប្រកួត World Miss University លោក​ ស៊ឹងមិន អ៊ី (Seung Min Lee) , ​ កញ្ញា​ Nagma Shrestha ម្ចាស់ជយលាភី Top3 World Miss University ឆ្នាំ ២០១៦ មកពីប្រទេសនេប៉ាល់ , កញ្ញា​ Karolina Chernoshei ម្ចាស់ជយលាភី Top3 World Miss University ឆ្នាំ​២០១៧​ មកពីប្រទេសបេឡារ៉ូស , កញ្ញា​ ប៊ី សុវណ្ណផន​ ម្ចាស់ជយលាភី 2024 World Miss University Cambodia ​និងបុគ្គលពាក់ព័ន្ធសំខាន់ៗជាច្រើនរូបទៀត។

តាមការបញ្ជាក់ឱ្យដឹងពី លោក​ ស៊ឹងមិន អ៊ី ប្រធាន​គណៈកម្មការរៀបចំការប្រកួត World Miss University កម្មវិធី ២ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះគឺ ទី១. ការប្រកួតបវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ នៅកម្ពុជា (32nd World Miss University Cambodia )  ដែលនឹងប្រព្រឹត្តិឡើងចាប់ថ្ងៃទី០១-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ និង ទី២. ការប្រកួតថ្នាក់ជាតិកម្មវិធី 2025 World Miss University Cambodia ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី២៣-២៨ ខែធ្នូ ឆ្នាំ២០២៥។

តាមការបញ្ជាក់ឱ្យដឹងពីប្រធាន​គណៈកម្មការរៀបចំការប្រកួត World Miss University បវរកញ្ញាស្រស់សោភាមកពី ៤៥ ប្រទេសជុំវិញពិភពលោក នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមការប្រកួតបវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ ហើយ​គណៈកម្មការ​នឹងអញ្ជើញ​បវរកញ្ញាទាំ​ងអស់ឲ្យឈរ​ថតរូប​នៅ​វិមានឯករាជ្យ ​​និងបង្ហាញ​សារ​ផ្សេងៗ​ទៅ​កាន់​ពិភព​លោកចំថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា​ ថ្ងៃ​ ៩​​ វិច្ឆិកា​ តែម្តង។ ការធ្វើដូច្នេះ គឺស្របតាមកម្មវិធី WMU ដែលបង្កើតឡើងតាំងពីឆ្នាំ 1986 ដើម្បីអបអរសាទរ «ឆ្នាំសន្តិភាពអន្តរជាតិ» ដែល UN បានប្រកាស និងទទួលស្គាល់។ ជារួម WMU គឺជាវេទិកាអន្តរជាតិ ដែលយុវជនមិនត្រឹមតែមានសំឡេងសន្តិភាពទេ វាអាចត្រូវបានគេហៅថាជាវេទិកាសកលអនុវត្តសន្តិភាព។

លោករំពឹងថា ព្រឹត្តិការណ៍នេះនឹងក្លាយជាសារនិមិត្តរូប ដែលនឹងទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ ជាពិសេសគឺទិដ្ឋភាពដែលយុវជនមកពីប្រទេសនីមួយៗ ប្រកាសសន្តិភាពនៅមុខប្រាសាទអង្គរវត្ត។ មិនតែប៉ុណ្ណោះ WMU នឹងមានវេទិកាសន្តិភាព សេដ្ឋកិច្ច បរិស្ថានជាមួយនិស្សិតសាកលវិទ្យាល័យមកពីជុំវិញពិភពលោក។

តាមរយៈការបញ្ចប់ដោយជោគជ័យនៃ World Miss University ទី៣២ យើងនឹងចែករំលែកស្មារតី នៃការរួបរួមពិភពលោកជាមួយប្រជាជនកម្ពុជា។ ភ្ជាប់ជាមួយគ្នានោះ ការប្រកួតក៏ជំរុញឱ្យមានសកម្មភាពសប្បុរសធម៌ផ្សេងៗ រួមទាំង៖​ គម្រោងដំណើរការហាងកាហ្វេ Go Peace ជាមួយនឹងអត្ថន័យនៃសន្តិភាព និងប្រើប្រាស់ប្រាក់ចំណេញដើម្បីគាំទ្រកម្មវិធីអាហារូបករណ៍ជាដើម។

ចំពោះការបោះឆ្នោតតាមអ៊ីនធឺណិត​ ចាប់ពីថ្ងៃទី1ខែតុលា ដល់ ថ្ងៃទី16ខែវិច្ឆិកា ឆ្នាំ2025​ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមជាសកល តាមរយៈប្រព័ន្ធ blockchain WMU Coin ដែលប្រកបដោយភាពសុក្រិត អ្នកបោះឆ្នោតនឹងទទួលបានCoinសម្រាប់គាំទ្របេក្ខជនរបស់ពួកគេ ដែលនឹងត្រូវបានប្រើដើម្បីផ្តល់អាហារូបករណ៍ទៅដល់បេក្ខជន។​ បន្ថែមទីនេះ WMU មានចលនា​ mecenat ដែលមិនមែនគ្រាន់តែជាការបរិច្ចាគ ឬការឧបត្ថម្ភនោះទេ ប៉ុន្តែជាប្រព័ន្ធដែលផ្តល់ឱ្យសង្គមវិញតាមរយៈសម្បត្តិវប្បធម៌។ ជាឧទាហរណ៍ វាជាឌីជីថលដល់ស្នាដៃរបស់វិចិត្រករវ័យក្មេង ភ្ជាប់ពួកវាទៅកាន់ទីផ្សារពិភពលោក ហើយបន្ទាប់មកប្រើប្រាស់ប្រាក់ចំណេញដើម្បីផ្តល់មូលនិធិដល់គម្រោងអប់រំ និងបរិស្ថាន។ សម្រាប់សន្និសីទនេះ យើងក៏កំពុងរៀបចំពិព័រណ៍សហការជាមួយសិល្បករក្នុងស្រុកផងដែរ។ WMU Mecenat Modelដែលភ្ជាប់សិល្បៈ សេដ្ឋកិច្ច និងតម្លៃសង្គម។

ទន្ទឹមគ្នានោះ កញ្ញា  ប៊ី សុវណ្ណផន​ ម្ចាស់ជយលាភី 2024 World Miss University Cambodia​ និង កញ្ញា លីម សុខលាភ ជយលាភីលំដាប់រងទី១ 2024 World Miss University Cambodia បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំក្នុងការត្រៀមបង្ហាញសមត្ថភាពប្រកួតប្រជែងកម្មវិធីអន្តរជាតិ ដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះចុងឆ្នាំនេះ។

(ដាក់សម្លេង កញ្ញា  ប៊ី សុវណ្ណផន​ ម្ចាស់ជយលាភី 2024 World Miss University Cambodia​ និង កញ្ញា លីម សុខលាភ ជយលាភីលំដាប់រងទី១ 2024 World Miss University Cambodia)

សូមជម្រាបឱ្យដឹងផងដែរថា បន្ទាប់ពីចប់ការប្រកួតលំដាប់អន្តរជាតិ បវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ នៅកម្ពុជា ស្ថាប័ន World Miss University នឹងបន្តរៀបចំការប្រកួតថ្នាក់ជាតិកម្មវិធី 2025 World Miss University Cambodia រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៨ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់លក្ខខណ្ឌចុះឈ្មោះ បេក្ខនារីត្រូវតែមានសញ្ជាតិខ្មែរ ជានិស្សិត (បរិញ្ញាបត្រ , អនុបណ្ឌិត , បណ្ឌិត) អាយុ២៧ឆ្នាំចុះក្រោម ត្រូវមានភាពឆ្លាតវៃ សីលធម៌ រូបសម្បត្តិ សមរម្យ ចូលចិត្តការចូលរួមសកម្មភាពសង្គមផងដែរ។ ទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

រួសរាន់ឡើង កុំឱ្យឱកាសបញ្ចេញសមត្ថភាពនេះរំលងហួសទៅឱ្យសោះ ដើម្បីអ្នកមានឱកាសឈោងចាប់ក្តីស្រមៃជាតារាពន្លកថ្មីដ៏ចែងចាំង៕

អត្ថបទថ្មី