ក្រសួងអប់រំ និង Yeo’s ចុះកិច្ចព្រមព្រៀងបន្តយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅសាលារៀនសម្រាប់ឆ្នាំ២០២៦
- 2026-01-14 03:30:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំ និង Yeo’s ចុះកិច្ចព្រមព្រៀងបន្តយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅសាលារៀនសម្រាប់ឆ្នាំ២០២៦
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមូលនិធិជំនួយសប្បុរសធម៌ Ng Teng Fong ដែលគាំទ្រដោយក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច (Yeo’s) ដើម្បីបន្តយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាសម្រាប់ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Yuh Hwang ONG នាយកប្រតិបត្តិក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច (Yeo’s Food & Beverage Pte Ltd)។
យុទ្ធនាការនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការទទួលទានភេសជ្ជៈផ្អែមដែលមានកម្រិតជាតិស្ករតិច ដើម្បីសុខភាពរបស់សិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ មូលនិធិ Ng Teng Fong នឹងពង្រីកការគាំទ្រដល់សាលារៀនសរុបចំនួន៥០០កន្លែង រួមទាំងការផ្តល់កុំព្យូទ័រចំនួន១០០គ្រឿងដល់សាលាចំនួន១០ ដែលនឹងត្រូវជ្រើសរើសដោយក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច (Yeo’s) និងក្រសួងអប់រំ។
នៅក្នុងពិធីនោះ លោក Yuh Hwang ONG បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ក្រសួងអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង និងពង្រីកការចូលរួមគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងធ្វើឱ្យប្រសើរឡើងនូវសុខភាពកុមារ។ លោកក៏បានបង្ហាញមោទនភាពចំពោះការចូលរួមចំណែកជាមួយក្រសួងក្នុងការជួយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងអំឡុងពេលសង្គ្រាមផងដែរ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច (Yeo’s) និងមូលនិធិ Ng Teng Fong ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុខភាពកុមារកម្ពុជា តាមរយៈរបបអាហារដែលត្រឹមត្រូវ និងមានផលប៉ះពាល់វិជ្ជមានដល់លទ្ធផលសិក្សា។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះស្របតាមគោលនយោបាយរបស់ក្រសួង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងគុណភាពធនធានមនុស្សជំនាន់ក្រោយ ដើម្បីក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ពិធីចុះហត្ថលេខានេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសុខភាពសិក្សា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។ តាងនាមក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងអំណរគុណជាថ្មីដល់ដៃគូទាំងអស់ ដោយរំពឹងថាកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានពង្រីកទៅកាន់គ្រឹះស្ថានសិក្សាកាន់តែច្រើន ដើម្បីធានាសុខភាព និងការអប់រំកាន់តែល្អប្រសើរសម្រាប់កុមារកម្ពុជានាពេលអនាគត។
យុទ្ធនាការនេះត្រូវបានគេមើលឃើញថាជាជំហានសំខាន់មួយក្នុងការលើកកម្ពស់សុខភាពសិក្សា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលនឹងជួយឱ្យសិស្សានុសិស្សមានទម្លាប់ទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព និងផ្តល់ឱកាសក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការសិក្សា៕