នៅលីវយូរពេកមែនទេ? អាជ្ញាធរក្រុងចេញមុខជួយរកសង្សារឱ្យ កម្លោះ ក្រមុំ ឆាប់បានរៀបការបង្កើតកូន!
- 2026-01-22 04:47:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅលីវយូរពេកមែនទេ? អាជ្ញាធរក្រុងចេញមុខជួយរកសង្សារឱ្យ កម្លោះ ក្រមុំ ឆាប់បានរៀបការបង្កើតកូន!
ចន្លោះមិនឃើញ
ដើម្បីឆ្លើយតបទៅនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះ និងចំនួនប្រជាជនវ័យចាស់ដែលកំពុងកើនឡើង អាជ្ញាធរទីក្រុងហាណូយ ប្រទេសវៀតណាម បានប្រកាសពីផែនការបង្កើត «ក្លឹបផ្គូផ្គង» និងម៉ូដែលសង្គមថ្មីៗ ដើម្បីជួយយុវជននៅលីវឱ្យមានឱកាសស្វែងរកដៃគូស្នេហា និងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍។
យោងតាមផែនការស្តីពីការងារប្រជាជន និងការអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២៦ ដែលចុះហត្ថលេខាដោយលោកស្រី Vu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានឱ្យដឹងថា ទីក្រុងនឹងរៀបចំសកម្មភាព និងបង្កើតក្លឹបដើម្បីជួយមនុស្សវ័យក្មេងឱ្យបានជួបគ្នា។ គោលដៅសំខាន់នៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីជំរុញឱ្យយុវជន រៀបការមុនអាយុ ៣០ ឆ្នាំ និងលើកទឹកចិត្តឱ្យគូស្វាមីភរិយា យកកូនទីពីរមុនអាយុ ៣៥ ឆ្នាំ។
បច្ចុប្បន្ន រដ្ឋធានីហាណូយ កំពុងជួបប្រទះនិន្នាការដែលយុវជនពន្យារពេលរៀបការ។ ទិន្នន័យបានបង្ហាញថា អាយុជាមធ្យមនៃអាពាហ៍ពិពាហ៍ដំបូងនៅហាណូយគឺខ្ពស់ណាស់ ដោយបុរសរៀបការនៅអាយុប្រហែល ២៩.៥ ឆ្នាំ និងស្ត្រីនៅអាយុជិត ២៨ ឆ្នាំ។ ការរៀបការយឺតនេះ បានធ្វើឱ្យអត្រាកំណើតធ្លាក់ចុះមកត្រឹម ១.៨៦ កូនក្នុងស្ត្រីម្នាក់ ដែលទាបជាងអត្រាជំនួស (Replacement level) ដែលគួរតែមានកម្រិត ២.១។
ក្រៅពីការបង្កើតក្លឹបផ្គូផ្គង អាជ្ញាធរក្រុងក៏មានផែនការផ្សេងៗទៀតដូចជា៖
• ផ្តល់ប្រឹក្សា និងពិនិត្យសុខភាពមុនរៀបអាពាហ៍ពិពាហ៍ដល់គូស្នេហ៍ឱ្យបាន ៨៧%។
• ត្រួតពិនិត្យ និងចេញគោលនយោបាយគាំទ្រផ្សេងៗ ដើម្បីលើកទឹកចិត្តដល់ការមានកូន ដូចជាការជួយសម្រួលដល់ស្ត្រីមានផ្ទៃពោះ និងគ្រួសារដែលមានកូនពីរ។
• ប្រើប្រាស់បច្ចេកវិទ្យា AI
ដើម្បីវិភាគទិន្នន័យប្រជាសាស្ត្រសម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍សង្គម។ វិធានការនេះត្រូវបានមើលឃើញថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិរបស់វៀតណាម ក្នុងការទប់ស្កាត់វិបត្តិប្រជាសាស្ត្រ ដែលអាចប៉ះពាល់ដល់កម្លាំងពលកម្ម និងសេដ្ឋកិច្ចនាពេលអនាគត៕