ទើបរកឃើញគំនូរ “បាតដៃក្រញ៉ាំសត្វ” នៅឥណ្ឌូនេស៊ី មានអាយុកាល ជិត ៧ ម៉ឺនឆ្នាំមុន

  • 2026-01-22 05:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកបុរាណវិទូអន្តរជាតិ បានប្រកាសពីការរកឃើញដ៏អស្ចារ្យមួយ ដែលផ្លាស់ប្តូរការយល់ដឹងអំពីប្រវត្តិសាស្ត្រមនុស្សជាតិ ខណៈដែលពួកគេបានរកឃើញ «ផ្ទាំងគំនូរបាតដៃ» នៅក្នុងរូងភ្នំមួយលើកោះ Muna (ភាគអាគ្នេយ៍នៃកោះ Sulawesi) ប្រទេសឥណ្ឌូនេស៊ី ដែលមានអាយុកាលយ៉ាងតិច ៦៧,៨០០ ឆ្នាំ។

របកគំហើញដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ Nature នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ផ្ទាំងគំនូរបាតដៃពណ៌ក្រហមនេះ មានអាយុកាលចាស់ជាងគំនូរដែលធ្លាប់រកឃើញកាលពីមុនៗទាំងអស់។ វាមានអាយុច្រើនជាងគំនូររូបសត្វជ្រូកព្រៃ (រកឃើញឆ្នាំ ២០២៤ អាយុ ៥១,២០០ ឆ្នាំ) រហូតដល់ទៅជាង ១៥,០០០ ឆ្នាំ និងចាស់ជាងផ្ទាំងគំនូររបស់មនុស្សបុរាណ Neanderthals នៅប្រទេសអេស្ប៉ាញ ជាង ១,០០០ ឆ្នាំ។

ដើម្បីកំណត់អាយុកាលដ៏ពិតប្រាកដនេះ ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកសាស្ត្រាចារ្យ Maxime Aubert មកពីសាកលវិទ្យាល័យ Griffith ប្រទេសអូស្រ្តាលី និងលោក Adhi Agus Oktaviana អ្នកជំនាញឥណ្ឌូនេស៊ី បានប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ (Laser Ablation) ដើម្បីវិភាគស្រទាប់រ៉ែដែលដុះពីលើគំនូរនោះ។ ការវិភាគលើសារធាតុ Uranium បានបង្ហាញយ៉ាងច្បាស់ថា គំនូរនេះត្រូវបានបង្កើតឡើងតាំងពីសម័យដែលមនុស្សដំបូងបង្អស់បានធ្វើចំណាកស្រុកឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍។

អ្វីដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍បំផុតនោះគឺ រូបរាងនៃបាតដៃដែលគេរកឃើញនៅក្នុងរូងភ្នំ Liang Metanduno លើកោះ Muna នេះ មិនមែនជាបាតដៃធម្មតាទេ។ ម្រាមដៃនៃគំនូរនោះត្រូវបានគេកែច្នៃឱ្យមើលទៅស្រួចៗដូចជា «ក្រញ៉ាំសត្វ»។

"វាគឺជាភស្តុតាងដំបូងបំផុតដែលបង្ហាញពីការប្រើប្រាស់ការស្រមើស្រមៃ និងនិមិត្តរូប (Abstract Thought) របស់មនុស្សសម័យដើម។ ពួកគេមិនត្រឹមតែគូរអ្វីដែលឃើញនឹងភ្នែកទេ ប៉ុន្តែពួកគេបានច្នៃប្រឌិតវាឱ្យទៅជាអត្ថន័យផ្សេង"។ — សម្ដីលោក Adam Brumm អ្នកនិពន្ធនៃការសិក្សានេះ។

របកគំហើញនេះបានផ្តល់ជាភស្តុតាងយ៉ាងរឹងមាំថា មនុស្សសម័យនោះ (Homo sapiens) បានរស់នៅ និងបង្កើតសិល្បៈនៅក្នុងតំបន់កោះនៃប្រទេសឥណ្ឌូនេស៊ី យូរជាងអ្វីដែលយើងធ្លាប់ស្មាន។ វាក៏បញ្ជាក់ផងដែរថា បុព្វបុរសរបស់ជនជាតិដើមអូស្រ្តាលី ប្រហែលជាបានធ្វើដំណើរឆ្លងកាត់ច្រករបៀងភាគខាងជើង (តាមរយៈកោះ Sulawesi និង Muna) ដើម្បីឆ្ពោះទៅកាន់ទ្វីបអូស្រ្តាលី កាលពីប្រហែល ៦៥,០០០ ឆ្នាំមុន។

បច្ចុប្បន្ន អាជ្ញាធរឥណ្ឌូនេស៊ី និងក្រុមអ្នកវិទ្យាសាស្ត្រកំពុងអំពាវនាវឱ្យមានការការពាររូងភ្នំទាំងនេះឱ្យបានម៉ត់ចត់បំផុត ព្រោះវាជា «បណ្ណាល័យសិល្បៈ» ដ៏មានតម្លៃបំផុតដែលមនុស្សជាតិមិនធ្លាប់បានឃើញក្នុងរយៈពេលជិត ៧ ម៉ឺនឆ្នាំមកនេះ៕