លោក ដូណាល់ ត្រាំ បញ្ជាឱ្យបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិកស្ដីពី UFO និងជីវិតក្រៅភព
- 2026-02-23 09:11:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ដូណាល់ ត្រាំ បញ្ជាឱ្យបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិកស្ដីពី UFO និងជីវិតក្រៅភព
ចន្លោះមិនឃើញ
(វ៉ាស៊ីនតោន) – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) បានចេញបញ្ជាឱ្យភ្នាក់ងារសហព័ន្ធនានា រួមទាំងក្រសួងការពារជាតិ (Pentagon) ចាប់ផ្ដើមស្វែងរក និងបញ្ចេញឯកសាររដ្ឋាភិបាលដែលទាក់ទងនឹង "វត្ថុហោះហើរមិនអាចកំណត់អត្តសញ្ញាណបាន" ឬ UFO និងជីវិតក្រៅភព ទៅកាន់សាធារណជន។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា លោកបានណែនាំដល់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងប្រមុខទីភ្នាក់ងារពាក់ព័ន្ធដទៃទៀត ឱ្យចាប់ផ្ដើមដំណើរការកំណត់អត្តសញ្ញាណ និងបញ្ចេញរាល់ព័ត៌មានដែលទាក់ទងនឹងបាតុភូតអាកាសមិនធម្មតា (UAP) និងជីវិតក្រៅភព ដោយសារតែមាន "ការចាប់អារម្មណ៍យ៉ាងខ្លាំង" ពីសំណាក់សាធារណជន។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ស្របពេលដែលលោក ត្រាំ បានរិះគន់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថាបានទម្លាយ "ព័ត៌មានសម្ងាត់" ក្នុងអំឡុងពេលសម្ភាសន៍តាមកម្មវិធី Podcast កាលពីពេលថ្មីៗនេះ ដែលក្នុងនោះលោក អូបាម៉ា បានលើកឡើងថា សត្វក្រៅភពគឺ "មានពិត" ប៉ុន្តែលោកមិនដែលបានជួបដោយផ្ទាល់ ឬឃើញភស្តុតាងនៃការទាក់ទងគ្នានោះទេ។ លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់ច្បាស់ថា តើសត្វក្រៅភពពិតជាមានមែនឬយ៉ាងណានោះទេ ប៉ុន្តែលោកចង់ឱ្យមានតម្លាភាពបំផុតលើបញ្ហានេះ។
លោក ត្រាំ បានមានប្រសាសន៍ថា៖ «ផ្អែកលើការចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានបង្ហាញឱ្យឃើញ ខ្ញុំនឹងណែនាំឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធ និងទីភ្នាក់ងារនានា ចាប់ផ្ដើមដំណើរការបញ្ចេញឯកសាររដ្ឋាភិបាលពាក់ព័ន្ធនឹងជីវិតក្រៅភព បាតុភូតអាកាសមិនធម្មតា (UAP) និងវត្ថុហោះហើរមិនអាចកំណត់អត្តសញ្ញាណ (UFO)។»
ការប្រកាសនេះបានទទួលការគាំទ្រភ្លាមៗពីសមាជិកសភាមួយចំនួន រួមទាំងអ្នកស្រី Anna Paulina Luna ដែលជាប្រធានក្រុមការងារស៊ើបអង្កេតលើបញ្ហា UAP របស់សភាអាមេរិក ដោយអ្នកស្រីបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ត្រាំ ចំពោះការបើកចំហរព័ត៌មានដែលពិភពលោកកំពុងរង់ចាំជាច្រើនទសវត្សរ៍មកនេះ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍កាលពីឆ្នាំ ២០២៤ របស់ក្រសួងការពារជាតិអាមេរិកធ្លាប់បានបញ្ជាក់ថា មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា ការមើលឃើញ UFO កន្លងមកមានជាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាសត្វក្រៅភពនោះទេ ដោយករណីភាគច្រើនត្រូវបានគេកំណត់ថាជា ប៉េងប៉ោងអាកាសធាតុ យន្តហោះចារកម្ម ឬផ្កាយរណបតែប៉ុណ្ណោះ។
ការបញ្ចេញឯកសារទាំងនេះត្រូវបានគេរំពឹងថា នឹងអាចជួយបកស្រាយនូវចម្ងល់ និងទ្រឹស្ដីសមគំនិតជាច្រើនដែលបានកើតឡើងក្នុងចំណោមប្រជាជនអាមេរិក និងពិភពលោកជុំវិញអាថ៌កំបាំងនៃជីវិតក្រៅភព៕