ការបង្ហាញខ្លួននៃម៉ាកស្បែកជើង «២៤កក្កដា» (24KAKADA) ជានិមិត្តរូបនៃការចងចាំ និងស្មារតីជាតិនិយម

  • 2026-03-16 08:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ៖ ម៉ាកផលិតផលស្បែកជើងក្នុងស្រុកថ្មីមួយដែលមានឈ្មោះថា «២៤កក្កដា» (24KAKADA) បានបង្ហាញខ្លួនជាផ្លូវការ ដោយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ អ្វីដែលធ្វើឱ្យផលិតផលមួយនេះមានភាពលេចធ្លោ និងមានអត្ថន័យជ្រាលជ្រៅនោះ គឺវាមិនមែនត្រឹមតែជាផលិតផលស្បែកជើងសម្រាប់ពាក់ប្រចាំថ្ងៃធម្មតានោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងជា "និមិត្តរូបនៃការចងចាំ" សម្រាប់ប្រជាជាតិខ្មែរ។

យោងតាមទស្សនវិជ្ជានៃការបង្កើតប្រេនមួយនេះ ស្ថាបនិកបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «២៤កក្កដា 24KAKADA ត្រូវបានបង្កើតឡើងមិនមែនត្រឹមតែជាផលិតផលស្បែកជើងប៉ុណ្ណោះទេ ប៉ុន្តែជា 'និមិត្តរូបនៃការចងចាំ'។ រាល់ជំហានដែលលោកអ្នកដើរគ្រប់ជំហាន គឺជាការរំលឹកខ្លួនឯងថា យើងនឹងមិនអនុញ្ញាតឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នេះ កើតឡើងម្តងទៀតឡើយ។» តាមរយៈសារដ៏មានអត្ថន័យនេះ ២៤កក្កដា បានបញ្ជ្រាបនូវស្មារតីនៃការចងចាំប្រវត្តិសាស្ត្រជាតិ ផ្សារភ្ជាប់ទៅនឹងការរស់នៅប្រចាំថ្ងៃ។ ជាងនេះទៅទៀត ម៉ាកសញ្ញាមួយនេះ ក៏បានសង្កត់ធ្ងន់ទៅលើជំហរដ៏រឹងមាំមួយ ដោយតំណាងឱ្យស្មារតីជាតិនិយម។

តំណាងយីហោនេះបានបន្ថែមថា គ្រប់ជំហានដែលលោកអ្នកឈានដើរជាមួយនឹងស្បែកជើង ២៤កក្កដា វាមិនត្រឹមតែផ្តល់នូវផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា "ការរំលឹក ការចងចាំ និងជាការពហិការដោយស្មារតីជាតិនិយមដ៏មុតមាំ"។ វាគឺជាការបោះជំហានទៅមុខដោយភាពជឿជាក់ តែមិនបំភ្លេចអតីតកាល។

ការចូលរួមគាំទ្រផលិតផល «២៤កក្កដា» មិនត្រឹមតែជាការលើកស្ទួយស្នាដៃ និងផលិតផលក្នុងស្រុកប៉ុណ្ណោះទេ តែជាការបង្ហាញនូវការរួបរួម និងស្មារតីជាតិនិយមដែលមិនអាចកាត់ថ្លៃបាន។

អត្ថបទថ្មី