ពីក្មេងបោះបង់ការសិក្សា វាសនាមើលមិនឃើញ ចាប់មុខរបររកស៊ីត្រូវ ក្លាយជាស្តេចលុយវាល់លាន!
- 2026-05-29 05:39:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីក្មេងបោះបង់ការសិក្សា វាសនាមើលមិនឃើញ ចាប់មុខរបររកស៊ីត្រូវ ក្លាយជាស្តេចលុយវាល់លាន!
ចន្លោះមិនឃើញ
សិង្ហបុរី៖ រឿងរ៉ាវជោគជ័យរបស់មហាសេដ្ឋីសិង្ហបុរី លោក Choo Chong Ngen គឺជាគំរូមួយនៃការតស៊ូ និងការមើលឃើញឱកាសជំនួញនៅក្នុងហានិភ័យ។ ចាប់ផ្តើមពីក្មេងប្រុសម្នាក់ដែលបានបោះបង់ការសិក្សាទាំងវ័យក្មេង លោកបានខិតខំប្រឹងប្រែងរហូតអាចបង្កើតអាណាចក្រសណ្ឋាគារលំដាប់ថវិកាដ៏ធំជាងគេបំផុតមួយនៅក្នុងប្រទេសសិង្ហបុរី។
លោក Choo Chong Ngen ដែលបច្ចុប្បន្នជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Worldwide Hotels Group បានធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយ និងបានសម្រេចចិត្តឈប់រៀនតាំងពីអាយុ ១០ ឆ្នាំ ដើម្បីមកធ្វើការរកប្រាក់ជួយគ្រួសារ ដោយចាប់ផ្តើមពីការលក់ការ៉េម និងលក់ក្រណាត់។ ទោះបីជាមិនបានរៀនសូត្រខ្ពង់ខ្ពស់ ប៉ុន្តែលោកមានដុង និងភាពវៃឆ្លាតខាងផ្នែកជំនួញយ៉ាងខ្លាំង។ នៅអាយុ ២១ ឆ្នាំ លោកបានចាប់ផ្តើមបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ ដោយទិញផ្ទះល្វែង និងអាផាតមិនសម្រាប់ជួល។
របត់ជីវិតដ៏សំខាន់របស់លោកបានកើតឡើងនៅក្នុងឆ្នាំ ១៩៩១ នៅពេលដែលលោកបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសជប៉ុន ហើយបានស្នាក់នៅក្នុងសណ្ឋាគារខ្នាតតូចសម្រាប់បុគ្គលិកក្រុមហ៊ុន (Salaryman Hotel)។ លោកបានមើលឃើញថា សណ្ឋាគារដែលមានបន្ទប់តូចៗ និងមានតម្លៃសមរម្យ គឺជាគំរូអាជីវកម្មដ៏ល្អមួយដែលអាចយកមកអនុវត្តនៅសិង្ហបុរីបាន។
នៅក្នុងឆ្នាំ ១៩៩៥ លោក Choo បានបើកសណ្ឋាគារដំបូងបង្អស់របស់ខ្លួនឈ្មោះថា «Hotel 81» នៅក្នុងតំបន់ Geylang ដែលជាតំបន់ភ្លើងពណ៌ ឬតំបន់ពេស្យាចារដ៏ល្បីល្បាញមួយរបស់សិង្ហបុរី។ ខណៈពេលដែលអ្នកវិនិយោគដទៃទៀតមានការរារែកនិងព្យាយាមជៀសវាងតំបន់នេះ លោក Choo បែរជាមើលឃើញថាវាជាឱកាសមាសទៅវិញ ដោយសារតម្លៃដីធ្លីនៅទីនោះមានតម្លៃថោក ហើយតម្រូវការស្នាក់នៅមានកម្រិតខ្ពស់។ លោកបានដាក់ឈ្មោះសណ្ឋាគារនេះថា «Hotel 81» ទៅតាមលេខផ្ទះដែលលោកកំពុងរស់នៅនាពេលនោះ។
ទោះបីជាដំបូងឡើយ សណ្ឋាគារ Hotel 81 ត្រូវបានគេស្គាល់ជាទូទៅថាជាសណ្ឋាគារលំដាប់ថវិកា ឬសណ្ឋាគារសម្រាប់ការស្នាក់នៅរយៈពេលខ្លី ប៉ុន្តែជំនួញមួយនេះបានរីកចម្រើនយ៉ាងគំហុក។ លោក Choo បានពង្រីកសាខាយ៉ាងលឿន ដោយសារការគ្រប់គ្រងយ៉ាងហ្មត់ចត់ និងការផ្តល់តម្លៃសមរម្យសម្រាប់អ្នកដំណើរ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Worldwide Hotels Group របស់លោកមានម៉ាកសណ្ឋាគារចំនួន ៦ ផ្សេងគ្នារួមមាន Hotel 81, V Hotel, Value Hotel, Hotel Mi, Hotel Boss, និង Venue Hotel ដែលមានបន្ទប់សរុបជាង ៦,៥០០ បន្ទប់ (ស្មើនឹងប្រមាណ ១០% នៃចំនួនបន្ទប់សណ្ឋាគារសរុបនៅក្នុងប្រទេសសិង្ហបុរី)។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិផងដែរ រួមមាននៅក្នុងប្រទេសអូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង និងថៃ។
យោងតាមទស្សនាវដ្តី Forbes លោក Choo Chong Ngen គឺជាមហាសេដ្ឋីលំដាប់កំពូលម្នាក់នៅសិង្ហបុរី ដែលមានទ្រព្យសម្បត្តិសរុបរាប់ពាន់លានដុល្លារ។ បច្ចុប្បន្ន អាជីវកម្មដ៏ធំនេះត្រូវបានគ្រប់គ្រង និងដឹកនាំដោយកូនស្រីរបស់លោក គឺលោកស្រី Carolyn Choo ក្នុងនាមជាអគ្គនាយិកា (CEO)។
ទោះបីជាជោគជ័យ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងណាក្តី លោក Choo មិនដែលភ្លេចពីអតីតកាលរបស់លោកឡើយ។ តាមរយៈមូលនិធិ Worldwide Hotels-Choo Chong Ngen Foundation លោកបានបរិច្ចាគទឹកប្រាក់រាប់លានដុល្លារទៅកាន់សាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំនានានៅសិង្ហបុរី ដើម្បីផ្តល់ជាអាហារូបករណ៍ដល់និស្សិតក្រីក្រ។ លោកតែងតែដាស់តឿនទៅកាន់កូនចៅ និងជំនាន់ក្រោយថា៖ «ត្រូវខិតខំរៀនសូត្រ ព្រោះបើគ្មានការអប់រំទេ ជីវិតនឹងជួបការលំបាកខ្លាំងណាស់» ដែលនេះជាការឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកដែលត្រូវតស៊ូយ៉ាងលំបាកដោយសារគ្មានឱកាសបានរៀនសូត្រ៕