ហុងកុង ចាយ ១៤ ពាន់លានដុល្លារ ពង្រីកព្រលានយន្តហោះ ប្រជែងជាមួយ Changi របស់សិង្ហបុរី

  • 2026-05-29 05:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហុងកុង៖ ព្រលានយន្តហោះអន្តរជាតិហុងកុង (HKIA) បានបើកដំណើរការស្ថានីយអ្នកដំណើរទី២ (Terminal 2) ឡើងវិញជាផ្លូវការហើយនៅថ្ងៃពុធ (២៧ ឧសភា) ម្សិលមិញនេះ ដែលនេះជាផ្នែកមួយនៃគម្រោងពង្រីកព្រលានយន្តហោះតម្លៃ ១៤,៥ ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនសមត្ថភាពទទួលអ្នកដំណើរឱ្យបានដល់ ១០០ លាននាក់ក្នុងមួយឆ្នាំ និងដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងដណ្តើមភ្ញៀវទេសចរ ក៏ដូចជាការដឹកជញ្ជូនទំនិញជាមួយព្រលានយន្តហោះឈានមុខក្នុងតំបន់ ដូចជាព្រលានយន្តហោះ Changi របស់សិង្ហបុរី និងព្រលានយន្តហោះអន្តរជាតិឌូបៃ។

តាមរបាយការណ៍បានឱ្យដឹងថា អ្នកដំណើរបានចាប់ផ្តើមធ្វើដំណើរមកដល់ស្ថានីយថ្មីនេះតាំងពីម៉ោង ៥ ព្រឹក (ម៉ោងក្នុងស្រុក) ដើម្បីត្រៀមខ្លួនឡើងជើងហោះហើរដំបូងបង្អស់ ដែលជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Hong Kong Airlines បើកបរឆ្ពោះទៅកាន់ទីក្រុងស៊ាងហៃ ប្រទេសចិន។

នៅពេលបញ្ចប់ការរៀបចំពេញលេញ ស្ថានីយទី២ (Terminal 2) ថ្មីនេះ នឹងក្លាយជាទីតាំងបម្រើសេវាកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៥ ដែលភាគច្រើនជាក្រុមហ៊ុនហោះហើរតម្លៃទាប (Budget carriers) រួមមានក្រុមហ៊ុន AirAsia, Hainan Airlines, Cambodia Airways របស់កម្ពុជា, IndiGo, Bangkok Airways និង Cebu Pacific ជាដើម។ ការផ្ទេរក្រុមហ៊ុនទាំងនេះមកកាន់ Terminal 2 គឺដើម្បីជួយកាត់បន្ថយភាពណែនណាន់តានតាប់នៅស្ថានីយទី១ (Terminal 1) ទុកកន្លែងឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ ដូចជា Cathay Pacific Airways អាចដំណើរការបានកាន់តែទូលំទូលាយ។

យោងតាមទិន្នន័យអាកាសចរណ៍ OAG បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ ព្រលានយន្តហោះហុងកុងបានជាប់ចំណាត់ថ្នាក់ជាព្រលានយន្តហោះអន្តរជាតិមមាញឹកបំផុតលំដាប់ទី៨ នៅលើពិភពលោក ដោយមានសមត្ថភាពផ្ទុកកៅអីសរុប ៣៨,៧ លានកៅអី។ ចំនួននេះនៅមានកម្រិតទាបជាងព្រលានយន្តហោះ Changi របស់សិង្ហបុរី ដែលមានចំនួន ៤២,៦ លានកៅអី និងព្រលានយន្តហោះឌូបៃ ដែលមានរហូតដល់ ៦២,៤ លានកៅអី។

លោក Steven Yiu នាយកប្រតិបត្តិនៃប្រតិបត្តិការព្រលានយន្តហោះ HKIA បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការបើកដំណើរការថា៖ «Terminal 2 ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ព្រលានយន្តហោះអន្តរជាតិហុងកុង ព្រោះវាបានផ្តល់នូវសមត្ថភាពបន្ថែមសម្រាប់ពួកយើងក្នុងការរីកចម្រើនទៅមុខ»

មន្ត្រីព្រលានយន្តហោះហុងកុងបានអះអាងថា Terminal 2 ថ្មីនេះ គឺជាស្ថានីយអ្នកដំណើរដែលមានបច្ចេកវិទ្យាឌីជីថលទំនើបបំផុតមួយនៅលើពិភពលោក ដោយវាត្រូវបានរចនាឡើងដើម្បីឈានទៅរកយុគសម័យថ្មីនៃការធ្វើដំណើរតាមផ្លូវអាកាស ដែលពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា និងប្រើប្រាស់កម្លាំងបុគ្គលិកតិចតួចបំផុត។ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធមនុស្សយន្ត (Robotics) និងបច្ចេកវិទ្យាស្កេនទម្រង់មុខ (Facial Scanning) នឹងត្រូវយកមកប្រើប្រាស់ដើម្បីសម្រួលដល់ដំណើរការឆែកឆេរឯកសារ ដែលអាចបម្រើអ្នកដំណើរបានរហូតដល់ ៣០ លាននាក់ក្នុងមួយឆ្នាំ។ ស្ថានីយថ្មីនេះមានទូស្វ័យប្រវត្តិសម្រាប់ឆែកសំបុត្រយន្តហោះ (Self-check-in kiosks) ចំនួន ៥៨ ទូ និងកន្លែងដាក់ឥវ៉ាន់ស្វ័យប្រវត្តិ (Self-bag-drop facilities) ចំនួន ៦៨ កន្លែង ដែលដំណើរការដោយបច្ចេកវិទ្យា AI ព្រមទាំងមានបញ្ជរឆែកឆេរដោយបុគ្គលិកផ្ទាល់ចំនួន ១០៨ បញ្ជរផងដែរ។

គួរបញ្ជាក់ផងដែរថា ស្របពេលដែលមានជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងរំខានដល់ការធ្វើដំណើរឆ្លងកាត់ចំណុចតភ្ជាប់ធំៗដូចជា ឌូបៃ និងដូហា ព្រលានយន្តហោះនៅអាស៊ី ដូចជា ហុងកុង សិង្ហបុរី និងសេអ៊ូល កំពុងតែព្យាយាមទាញយកផលប្រយោជន៍ពីភាពមិនប្រាកដប្រជានេះ ដើម្បីដណ្តើមនិងទាក់ទាញលំហូរអ្នកដំណើរអន្តរជាតិមកកាន់តំបន់អាស៊ីវិញ។ ក្រៅពីការបើកដំណើរការ Terminal 2 ឡើងវិញនេះ គម្រោងពង្រីកព្រលានយន្តហោះរបស់ហុងកុងក៏បានរួមបញ្ចូលទាំងការដាក់ឱ្យដំណើរការផ្លូវរត់យន្តហោះទី៣ (Third Runway) ដែលបានចាប់ផ្តើមដំណើរការរួចរាល់កាលពីពេលមុនផងដែរ៕

អត្ថបទថ្មី