សាលាអន្តរជាតិផារ៉ាហ្គន ប្រារព្ធពិធីប្រគល់សញ្ញាបត្រជូនសិស្សជំនាន់ទី២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
- 2026-05-30 14:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាអន្តរជាតិផារ៉ាហ្គន ប្រារព្ធពិធីប្រគល់សញ្ញាបត្រជូនសិស្សជំនាន់ទី២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ចន្លោះមិនឃើញ
ភ្នំពេញ៖ នៅក្នុងបរិយាកាសដ៏អធិកអធម និងពោរពេញដោយក្តីមោទនភាព សាលាអន្តរជាតិផារ៉ាហ្គន (Paragon International School) បានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សានុសិស្សជំនាន់ទី២៥ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ពិធីដ៏មានអត្ថន័យនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ លោកគ្រូ-អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។
សមិទ្ធផលគួរឱ្យមោទនៈ៖ សិស្សានុសិស្ស ៩៩នាក់ បញ្ចប់ការសិក្សាដោយជោគជ័យ
នៅក្នុងរបាយការណ៍ស្វាគមន៍ លោកនាយកសាលាអន្តរជាតិផារ៉ាហ្គន បានថ្លែងដោយក្តីរំភើបថា នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ មានសិស្សានុសិស្សសរុបចំនួន ៩៩នាក់ (ស្រី ៤៦នាក់) បានបញ្ចប់ការសិក្សាដោយជោគជ័យ។ ក្នុងនោះ រួមមានសិស្សថ្នាក់ពីរភាសា (Bilingual) ចំនួន ៨៣នាក់ និងថ្នាក់អន្តរជាតិ (International) ចំនួន ១៦នាក់។ កាន់តែពិសេសជាងនេះទៅទៀត តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់លើសមត្ថភាពរយៈពេល ៣ឆ្នាំ (ចាប់ពីថ្នាក់ទី១០ ដល់ទី១២) ផ្អែកលើជំនាញ ឥរិយាបថ និងលទ្ធផលសិក្សា សាលាបានរកឃើញសិស្សឆ្នើមលេចធ្លោចំនួន ១៤នាក់ ដែលត្រូវបានឡើងទទួលបណ្ណសរសើរផ្ទាល់ សម្រាប់ការពង្រឹង និងអភិវឌ្ឍសមត្ថភាពខ្លួនឯងយ៉ាងខ្លាំងក្លា។
ឧត្តមភាពនៃការអប់រំ៖ គុណភាពកម្រិតជាតិ និងអន្តរជាតិ (Cambridge)
សាលាអន្តរជាតិផារ៉ាហ្គន បាននិងកំពុងអនុវត្តយ៉ាងជោគជ័យនូវកម្មវិធីសិក្សាខេមប៊្រីជ (Cambridge) សម្រាប់ថ្នាក់អន្តរជាតិពេញម៉ោង និងថ្នាក់ពីរភាសា។ លោកនាយកសាលាបានសង្កត់ធ្ងន់ថា៖ «ថ្នាក់ពីរភាសារបស់យើង បានដំណើរការរួមគ្នាយ៉ាងរលូនរវាងកម្មវិធីសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីសិក្សាខេមប្រ៊ីជ ដែលនេះជាការលើកកម្ពស់គុណភាពអប់រំថ្នាក់ជាតិ និងអន្តរជាតិទន្ទឹមគ្នា»។ ស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងនេះ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី ២៨ សីហា ២០២៥ កន្លងទៅ សិស្សថ្នាក់ពីរភាសាសាលាផារ៉ាហ្គនសម្រេចបានអត្រាជាប់រហូតដល់ ៩៨,៥៥% ដោយក្នុងនោះ៖
• ថ្នាក់វិទ្យាសាស្ត្រ៖ អត្រាជាប់ ៩៨,៤៤%
• ថ្នាក់វិទ្យាសាស្ត្រសង្គម៖ អត្រាជាប់ ១០០%
• សិស្សទទួលបាននិទ្ទេស A សរុប៖ ចំនួន ១០នាក់
ជាមួយគ្នានេះ សាលាក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឱ្យសាលាមានលទ្ធភាពផ្តល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្របខណ្ឌកម្មវិធីសិក្សាខេមប្រ៊ីជអន្តរជាតិ ដោយមានការបញ្ជាក់តម្លៃសមមូលត្រឹមត្រូវ។
ការអប់រំគ្រប់ជ្រុងជ្រោយ និងការចូលរួមចំណែកជួយសង្គម
ក្រៅពីពង្រឹងផ្នែកការសិក្សា សាលាអន្តរជាតិផារ៉ាហ្គនតែងតែផ្ដោតលើ «ការអប់រំគ្រប់ជ្រុងជ្រោយ» ផ្ដល់បរិយាកាសសិក្សាដែលមានភាពបត់បែនតាមទេពកោសល្យ និងជំរុញឱ្យសិស្សានុសិស្សមានគំនិតច្នៃប្រឌិត និងការគិតបែបស៊ីជម្រៅដើម្បីជួយសង្គម។ កន្លងមក សិស្សានុសិស្សរបស់សាលាបានបង្កើតកម្មវិធីសង្គមធំៗជាច្រើនដូចជា៖
យុទ្ធនាការមនុស្សធម៌៖ រៃអង្គាសថវិកា និងគ្រឿងឧបភោគបរិភោគ រួមទាំង «យុទ្ធនាការក្រមារ ១ម៉ឺន» និងថវិកា ចូលរួមជាមួយក្រសួងអប់រំ ផ្ញើជូនគ្រួសារភៀសសឹក និងកងទ័ពជួរមុខ។
ការការពារបរិស្ថាន៖ យុទ្ធនាការដាំដើមឈើចំនួន ៨០០ដើម នៅអនុវិទ្យាល័យបាក់ខែង ព្រមទាំងព្រឹត្តិការណ៍សង្គមជាច្រើនទៀត។
សារដាស់តឿន និងពរជ័យដ៏កក់ក្តៅទៅកាន់អនាគតទំព័រថ្មី
ជាទីបញ្ចប់ លោកនាយកសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងគណៈអធិបតីទាំងអស់ ព្រមទាំងបានផ្ដាំផ្ញើសារយ៉ាងមានអត្ថន័យទៅកាន់សិស្សជ័យលាភីជំនាន់ទី២៥ គ្រប់រូបថា៖ «ចូរប្អូនៗរៀនចាប់យកឱកាសទាំងអស់ដោយសេចក្ដីក្លាហាន និងទឹកចិត្តក្លៀវក្លា។ ចូរចាំថា គោលដៅនៃការអប់រំគឺមិនមែនត្រឹមតែដើម្បីស្រូបជញ្ជក់យកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីក្លាយខ្លួនជាធនធានដ៏ពិតប្រាកដដែលអាចរួមចំណែក និងនាំមកនូវផលវិជ្ជមានដល់សង្គម។ លោកគ្រូ អ្នកគ្រូជឿជាក់លើប្អូនៗគ្រប់រូប និងមានក្ដីរំភើបចង់ឃើញប្អូនៗអាចតម្រង់វាសនាអនាគតខ្លួនឯងបាន»។
ពិធីប្រគល់សញ្ញាបត្រនេះ បានបញ្ចប់ទៅក្រោមស្នាមញញឹម ក្ដីសង្ឃឹម និងភាពជឿជាក់យ៉ាងមុតមាំថា យុវជនជំនាន់ថ្មីរបស់សាលាអន្តរជាតិផារ៉ាហ្គន នឹងក្លាយជាសសរទ្រូងដ៏រឹងមាំ និងជាអ្នកដឹកនាំប្រកបដោយសក្តានុពលសម្រាប់ប្រទេសជាតិនាពេលអនាគត៕