UEFA ត្រៀមជជែកពីការ «ពហិកា» ការប្រកួត World Cup ជុំវិញផែនការFIFA ចងលក់ភាគហ៊ុនទៅឲ្យឯកជន
- 2026-07-29 09:32:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UEFA ត្រៀមជជែកពីការ «ពហិកា» ការប្រកួត World Cup ជុំវិញផែនការFIFA ចងលក់ភាគហ៊ុនទៅឲ្យឯកជន
ចន្លោះមិនឃើញ
វិបត្តិដ៏ក្តៅគគុកមួយបានផ្ទុះឡើងក្នុងពិភពបាល់ទាត់ អំឡុងពេលដែលសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដែលមានប្រទេសជាសមាជិកទាំង៥៥ ត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការពហិកាមិនចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ដើម្បីប្រឆាំងនឹងផែនការលក់ភាគហ៊ុនទៅឱ្យវិនិយោគិនឯកជនរបស់ FIFA។
យោងតាមប្រភពព័ត៌មានពី ESPN និងបណ្តាញព័ត៌មានអន្តរជាតិនានា បានឱ្យដឹងថា FIFA ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធ លោក Gianni Infantino មានបំណងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយឈ្មោះថា FIFA Forward Enterprise (FFE) ដែលមានតម្លៃប្រមាណ ២០ ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ នឹងទទួលបន្ទុកគ្រប់គ្រងសិទ្ធិពាណិជ្ជកម្មនៃការប្រកួតធំៗ រួមទាំង World Cup ផងដែរ ដោយ FIFA គ្រោងលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនវិនិយោគិនឯកជន ដើម្បីប្រមូលទុនប្រមាណ ៤,២ ប៊ីលានដុល្លារ។
ទោះជាយ៉ាងណា ផែនការដែលលេចធ្លាយនេះបានធ្វើឱ្យ UEFA ខឹងសម្បារយ៉ាងខ្លាំង ដោយសារតែពួកគេមិនត្រូវបានជូនដំណឹងជាមុន។ UEFA បានចេញសេចក្តីថ្លែងការណ៍រិះគន់ចំៗ និងធ្ងន់ៗថា៖ «ទង្វើនេះបានឆ្លងកាត់ខ្សែបន្ទាត់ក្រហមមួយ ដែលស្ថាប័នគ្រប់គ្រងបាល់ទាត់មិនគួរឆ្លងទាល់តែសោះ។ ព្រលឹង និងការគ្រប់គ្រងនៃកីឡាបាល់ទាត់ មិនមែនជាទ្រព្យសម្បត្តិសម្រាប់យកទៅជួញដូរនោះទេ ជាពិសេសគឺគ្មានតម្លាភាពថា នរណាជាអ្នកទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុនេះ។ ពួកយើងគ្មាននរណាម្នាក់ជាម្ចាស់បាល់ទាត់ឡើយ ហើយវាក៏មិនមែនជាទ្រព្យរបស់ FIFA សម្រាប់យកទៅលក់ដែរ»។
បន្ថែមពីនេះ របាយការណ៍បានចង្អុលបង្ហាញថា ក្រុមហ៊ុនវិនិយោគឯកជនដែលត្រូវបានអញ្ជើញឱ្យដឹកនាំក្រុមវិនិយោគិននោះ គឺ Thrive Eternal/Thrive Capital ដែលបង្កើតឡើងដោយលោក Joshua Kushner ប្អូនប្រុសរបស់លោក Jared Kushner ដែលត្រូវជាកូនប្រសារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ខណៈពេលដែល FIFA បានអះអាងថា ខ្លួននឹងនៅតែរក្សាអំណាចគ្រប់គ្រងដាច់មុខលើបទបញ្ជា បទដ្ឋានបាល់ទាត់ និងការរៀបចំការប្រកួត ដោយវិនិយោគិនឯកជនគ្រាន់តែមានភាគហ៊ុនភាគតិច និងគ្មានសិទ្ធិប្រតិបត្តិការក៏ដោយ ក៏ភាគីខាងអឺរ៉ុបបារម្ភថា ការទាក់ទាញដើមទុនឯកជនបែបនេះ នឹងធ្វើឱ្យវិស័យបាល់ទាត់រងការជ្រៀតជ្រែកពីពាណិជ្ជកម្មជ្រុលហួសហេតុ និងប៉ះពាល់ដល់តម្លៃស្មារតីកីឡាពិតប្រាកដ។
កិច្ចប្រជុំបន្ទាន់របស់ UEFA នាចុងសប្តាហ៍នេះ នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការសម្រេចចិត្តថា តើអឺរ៉ុបនឹងត្រូវចាត់វិធានការតឹងរឹងកម្រិតណា រួមទាំងលទ្ធភាពនៃការធ្វើពហិការមិនចូលរួមការប្រកួតពានរង្វាន់ពិភពលោកនាពេលអនាគតផងដែរ៕
ប្រភព៖ ESPN