ឡាច វុទ្ធី​​ អាជ្ញា​កណ្ដាល​​យូដូ​អន្តរជាតិ របស់​កម្ពុជា

  • 2014-12-30 21:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​ឡាច វុទ្ធី បាន​ចូល​បម្រើ​ការងារ​ជា​​​នាយក​បច្ចេកទេស​​​នៅ​ក្នុង​ខេមរៈ​សហព័ន្ធ​កីឡា​យូដូ​កម្ពុជា​​​តាំង​ពី​ឆ្នាំ​២០០០។​ បន្ទាប់​មក ​លោក​បាន​ជាប់​ឆ្នោត​ជា​អគ្គ​លេខាធិការ ​​​នៅ​​​ក្នុង​ខេមរៈ​សហព័ន្ធ​កីឡា​យូដូ​ក្នុង​​ឆ្នាំ​​២០០២​ រហូត​ដល់​បច្ចុប្បន្ន​។​ ​​

 

អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ​​នោះ​​ ​លោក​បាន​ប្រឡង​​ជាប់​ជា​អាជ្ញា​​កណ្ដាល​យូដូ​​អន្តរជាតិ​IJF(International Judo Federation)​ក្នុង​ឆ្នាំ​​​២០០៣​នៅ​ប្រទេស​វៀតណាម​។​ ​​លោក​បាន​ចេញ​​ទៅ​​ធ្វើ​​ជា​អាជ្ញាកណ្ដាល​​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ ស៊ីហ្គេម​​​ និង​អន្តរជាតិ​​ជា​ច្រើន​ដង​។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​បាន​ចេញ​ទៅ​​ហ្វឹកហាត់​​នៅ​ឯ​បរទេស​ជា​ញឹកញាប់​​​ជា​​ពិសេស​ប្រទេស​ ជប៉ុន​។  

តើ​ខ្សែ​ជីវិត​របស់​​អាជ្ញាកណ្ដាល​អន្តរជាតិ​រូប​នេះ​ប្រព្រឹត្ត​ទៅ​បែប​ណា​ មុន​​​ឈាន​​ដល់​សព្វថ្ងៃ?

លោកឡាច វុទ្ធីហក់ពីលើកីឡាករពីរនាក់

 

ជីវិត​ផ្ទាល់​ខ្លួន លោក​ ឡាច វុទ្ធី ​កើត​ថ្ងៃ​ទី​​៣០​ ខែ​​ធ្នូ​​ ឆ្នាំ​១៩៦៨​នៅ​​សង្កាត់​លេខ៣​ ​រាជធានី​ភ្នំពេញ​។​ ​​លោក​មាន​បង ប្អូន​៨​នាក់​​ក្នុង​នោះ​​ស្រី​​៤​ ​នាក់​ប្រុស​៤​នាក់​។​ ​​លោក​គឺ​ជា​កូន​ទី៣​នៅ​ក្នុង​ក្រុម​​គ្រួសារ​ដែល​មាន​លោក​ឪ​​ពុ​ក​ ឈ្មោះ​​ ឡាច​ សេងសាន ​និង​ម្ដាយ​​ឈ្មោះ​​​ តាន់ លីណា។

ការ​ជម្លៀស​ខ្លួន ឆ្នាំ​១៩៧៥​ ​​​​​គ្រួសារ​របស់​លោក​ត្រូវ​បាន​​ជម្លៀស​ទៅ​​កាន់​​​ទឹក​ដី​ស្រុក ​​លើក​ដែក ខេត្ត​កណ្ដាល​ដោយ​សារ​របប​ខ្មៅ​ងងឹត​​ ប៉ុលពត​។ ​​លោក​ ឡាច វុទ្ធី​​​​​​សុំ​មិន​រំលឹក​​ពី​​របប​ប្រល័យ​ពូជសាសន៍​នេះ​​ទេ​ តែ​លោក​គ្រាន់​តែ​និយាយ​ថា​ ​គឺ​​គ្មាន​អ្នក​ណា​ម្នាក់​​រស់​ដោយ​ស្រួល​នោះ​​ ឡើយ​​​ក្នុង​គ្រា​នោះ​។

 

ឆ្នាំ​​១៩៧៩​ លោក​ និង​ក្រុម​​គ្រួសារ​បាន​​​ត្រឡប់​មក​ទី​ក្រុង​​ភ្នំ​ពេញ​វិញ​ដោយ​​ចាប់​យក​​ផ្ទះ​នៅ​ផ្ដុំ​​ផ្សារ​ចាស់​ ​​​ពី​ព្រោះ​​មិន​​សូវ​ជា​​មាន​​មនុស្ស​​រស់​ នៅ​​ច្រើន​កាល​ជំនាន់​នោះ​។​ ​​​លោក​រំលឹក​ថា ​​លោក​​អាយុ​​ប្រហែល​ជា​៧​ឆ្នាំ​ប៉ុណ្ណោះ​។​​ ​លោក​បាន​បញ្ជាក់​ថា​ ដោយ​​​​​សំណាង​ល្អ​ សមាជិក​គ្រួសារ​របស់​លោក​​គ្មាន​អ្នក​ណា​ម្នាក់​ស្លាប់​ក្នុង​បន​ប្រល័យ​ ពូជសាសន៍​នោះ​ឡើយ។

ការ​សិក្សា  

មុន​​​​ឆ្នាំ​១៩៧៥ ​លោក​​​បាន​​សិក្សា​ត្រឹម​ថ្នាក់​ទី៣​ (ត្រូវ​នឹង​ថ្នាក់​ទី៩​ពី​ដើម) ​ប៉ុណ្ណោះ​​​នៅ​សាលា​ភ្នំ​ដូន​ពេញ​ (បច្ចុប្បន្ន​​​សាលា​ស៊ីសុវត្ថិ)​ តែ​​ចូល​រៀន​​នៅ​ថ្នាក់​ទី​៨​​នៅ​​​​ឆ្នាំ​១៩៨១​នៅ​​សាលា​ដដែល​។​ ការ​​​ចូល​រៀន​ថ្នាក់​ទី​៨​នេះ​គឺ​​ផ្លោះ​រហូត​ដល់​​៥​ថ្នាក់​។ កាល​នោះ​ លោក​គ្រូ​​ក៏​អនុញ្ញាត​​ឲ្យ​​លោក​ចូល​រៀន​​ដោយសារ​តែ​លោក​ពូកែ​​មុខ​វិជ្ជា​ គណិតវិទ្យា​​​​​​ ហើយ​​ការ​​រៀន​​នៅ​ក្នុង​ថ្នាក់​ទៀត​សោត​​ក៏​​​មិន​ចាញ់​​​អ្នក​ឡើង​ថ្នាក់​ ​តាម​លំដាប់​លំដោយ​ដែរ​​​។​ ក្រោយ​មក​លោក​បាន​ប្រលង​ជាប់​​ មធ្យមសិក្សា​ទុតិយភូមិ​​(BacII)​នៅ​ក្នុង​ឆ្នាំ​១៩៨៤។ ​ក្រោយ​​បញ្ចប់​ការ​សិក្សា​ លោក​បាន​​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ប៉ូលិស​នៅ​ក្រសួង​មហាផ្ទៃ​​​ដល់​ បច្ចុប្បន្ន។

អាពាហ៍ពិពាហ៍ លោក​បាន​រៀបការ​ជាមួយ​​អ្នក​ស្រី​​ចាន់ ជៀន​​ក្នុង​​ឆ្នាំ​​​១៩៨៩​ ក្រោយ​ពី​បាន​​ស្វែង​​យល់​ចិត្ត​គ្នា​តាំង​ពី​ឆ្នាំ​​​​​១៩៨៣។​ ការ​​ដឹង​ចិត្ត​ដឹង​ថ្លើម​គ្នា​រវាង​អ្នក​ទាំង​ពីរ​បាន​កើត​ឡើង​ដោយសារ​តែ​​ អ្នក​ស្រី​ហាត់​កីឡា​យូដូ​​ជា​គ្នា​​កាល​ឆ្នាំ​១៩៨៣​។​ ​បច្ចុប្បន្ន​អ្នក​ស្រី​ក៏​ជា​គ្រូ​បង្វឹក​កីឡា​​​យូដូ​ថ្នាក់​ខ្សែ​ក្រវាត់ ​ខ្មៅ​៣ដាន់​ផង​​​​​​​ដែរ​នៅ​ក្លិប​យូដូ​អូឡាំ​ពិក​។​​ ក្នុង​ចំណង​អាពាហ៍ពិពាហ៍​​ដ៏​ផ្អែម​ល្ហែម​ និង​ប្រកប​ដោយ​សុភមង្គល​នេះ ​អ្នក​ទាំង​ពីរ​​​​​បាន​​បន្សល់ទុក​​ចំណង​ដៃ​ដោយ​មាន​បុត្រា​បុត្រី​ពីរ​ នាក់​ក្នុង​នោះ​ស្រី​​​ម្នាក់​​ និង​ប្រុស​ម្នាក់​។ ​​​​កូន​ស្រី​​ច្បង​ឈ្មោះ​ ​ឡាច វង្សច័ន្ទរស្មី​ ​មាន​អាយុ​១៥​ឆ្នាំ​​ និង​​​​​កូន​ប្រុស​ពៅ​ឈ្មោះ​ ឡាច វង្សសុភ័ក្រ្តា​ អាយុ​ ១០​ឆ្នាំ។

ការ​​ប្រឡូក​ក្នុង​កីឡា​​យូដូ ​ឆ្នាំ​១៩៨៣​ ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​​​នៅ​​ម្ដុំ​អាង​ហែល​​ទឹក​​នៃ​ពហុកីឡដ្ឋាន​ជាតិ​ អូឡាំ​ពិក​កម្ពុជា​​។​ ​​​ដល់​ឆ្នាំ​​១៩៨៤​ លោក​​បាន​ចូល​ហ្វឹកហាត់​​កីឡា​SAMBOជា​​​មួយ​លោក​សញ្ជាតិ​រុស្សី។​ ​​កីឡា​នេះ​​​ដូច​ទៅ​នឹង​កីឡា​យូដូ​​ដែរ​ ​ពី​ព្រោះ​ក្បាច់​​​ស្រដៀង​គ្នា។​​ ​​ ​ដោយ​ឡែក​​​ក្នុង​ឆ្នាំ​១៩៨៦-១៩៩១​ លោក​​​​បាន​​ទៅ​បំពេញ​កិច្ចការ​​នៅ​ប្រទេស​វៀតណាម​​ដោយ​​ផ្អាក​ការ​​​ហាត់​ យូដូ​មួយ​​រយៈ​រហូត​ដល់​ឆ្នាំ​១៩៩១​​។​ ​ចុង​ឆ្នាំ​​​១៩៩១​​ទើប​​លោក​អាច​បន្ត​​​​ការ​ហ្វឹកហាត់​​វិញ​ក្រោយ​ពី​​​​​ ​​ត្រឡប់​ពី​ប្រទេស​វៀតណាម​​​។​ ​​ក្រោយ​ពី​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​មិន​ខ្លាច​នឿយ​ហត់​ លោក​ត្រូវ​បាន​កោះហៅ​​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​​ក្នុង​ឆ្នាំ​ ១៩៩២​។

 

ឆ្នាំ​ ១៩៩៧​ លោក​បាន​ចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​​នៅ​​ទី​ក្រុង​ Chiba​ ​​ប្រទេស​ ជប៉ុន​រយៈ​៦​ខែ​​តាមរយៈ​អង្គការ​​ JICA។ ​ឆ្នាំ​១៩៩៨​​​​លោក​បាន​ទៅ​ចូល​រួម​សិក្ខាសាលា​​​យូដូ​​មួយ​ខែ​នៅ​ វិទ្យាស្ថាន​យូដូ​ Kodokan ​ប្រទេស​ជប៉ុន​​​ និង​បាន​​ប្រឡង​ជាប់​​ខ្សែ​ក្រវាត់​ខ្មៅ​២ដាន់​​​ នៅ​ទី​នោះ​។  

លោកឡាច វុទ្ធី(កណ្ដាល) កាល រៀន នៅ OSAKA៣ខែ

 

ឆ្នាំ​​១៩៩៩​ លោក​​បាន​​​ចេញ​ដំណើរ​ទៅ​​ហ្វឹកហាត់​​​​យូដូ​​​នៅ​ទី​ក្រុង​ Osak ប្រទេស​ជប៉ុន​​​ទៀត​ បន្ទាប់​ពី​​​​ទទួល​​បាន​ខ្សែក្រវាត់​ខ្មៅ​​២ដាន់។ ​​ដោយសារ​តែ​ការ​​តស៊ូ​គួប​ផ្សំ​នឹង​ទេពកោសល្យ​មិន​អាច​ខ្វះ​បាន​​​​ ​ លោក​បាន​ប្រលង​ជាប់​ខ្សែក្រវាត់​ខ្មៅ​៣ដាន់​។ កាន់​តែ​អស្ចារ្យ​ជាង​​នោះ​ទៅ​ទៀត​​​លោក​បាន​​​លង​ជាប់​ខ្សែក្រវាត់​ខ្មៅ​​ ៤ដាន់​ក្នុង​ឆ្នាំ​២០០៧។  

លោកឡាច វុទ្ធី(ខាង ឆ្វេង)កាល រៀន នៅ Kodokan៦ ខែ

ការងារ​ជា​អាជ្ញាកណ្ដាល អ្វី​ដែល​គួរ​ឲ្យ​កោតស្ញប់ស្ញែង​នោះ​​គឺ​​​លោក​បាន​ប្រឡង​​ជាប់​ជា​អាជ្ញា​កណ្ដាល​យូដូ​​អន្តរជាតិ​IJF(International Judo Federation)​ក្នុង​ឆ្នាំ​​​២០០៣​នៅ​ប្រទេស​វៀតណាម​។

ឆ្នាំ​២០០៣​ ២០០៥ ២០០៧ ២០០៩​ ​លោក​បាន​ចេញ​​​ធ្វើ​ជា​​អាជ្ញា​កណ្ដាល ស៊ីហ្គេម​ (SEA GAMES)និង​អាជ្ញា​កណ្ដាល​ថ្នាក់​ជាតិ​​រួម​នឹង​​​អន្តរជាតិ​​​​ជា​ច្រើន​ ទៀត។  

លោក ឡាច វុទ្ធី ធ្វើ អាជ្ញា កណ្ដាល Sea Games ឆ្នាំ ២០០៥ នៅ វៀត ណាម

 

ដឹក​នាំ​ការ​ប្រកួត

លោក​បាន​ដឹក​នាំ​កីឡា​យូដូ​កម្ពុជា​​ទៅ​ចូល​រួម​ប្រកួត​​ជា​លក្ខណៈ​អន្តរជាតិ​​​នៅ​​ប្រទេស​ឡាវ ​វៀតណាម​ និង​ការ​ប្រកួត​ស៊ីហ្គេម។ ខែ ​សីហា​​​​ឆ្នាំ​២០១០​​ លោក​បាន​ដឹក​នាំ​កីឡា​ការិនី​​ សំ សុធា​ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​យុវជន​ពិភពលោក(Olympic Youth Game2011)នៅ​ប្រទេស​សិង្ហបុរី​។ ​ជា​លទ្ធផល​​ ​សំ សុធា​ទទួល​បាន​មេដាយ​សំរឹទ្ធ​​​​ជូន​ជាតិ​មាតុភូមិ​វិញ​​ក្នុង​ចំ​យុវជន​​មក ​ពី​ប្រទេស​​​ចំនួន​២០៥។ ​​ក្រៅ​ពី​នេះ​ លោក​បាន​ចូល​រួម​​រៀប​ចំ​ការ​ប្រកួត​​​យូដូ​ជើង​ឯក​អាស៊ីអាគ្នេយ៍​​​កាល​ ឆ្នាំ​២០០៦​​។  

លោកឡាច វុទ្ធី(រូបទី២ពី ឆ្វេង ) កាល ដឹក នាំ Sea Games នៅ Qatar

  ការងារ​​ជា​អគ្គលេខាធិការ ក្នុង​ឆ្នាំ​២០០០​លោក​បាន​ចូល​បម្រើ​ការងារ​​​​ក្នុង​ខេមរៈ​សហព័ន្ធ​កីឡា​ យូដូ​​ដែល​​មាន​តួ​នាទី​​ជា​​នាយក​បច្ចេកទេស។ ​កិច្ច​ខិត​​​ប្រឹងប្រែង​​និង​សមត្ថភាព​របស់​លោក​ត្រូវ​បាន​​បង្ហាញ​យ៉ាង​ ច្បាស់​​ដោយ​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​រង​ក្នុង​ឆ្នាំ​២០០២។​ កាន់​​តែ​មាន​ភាព​លេច​ធ្លោ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ដោយ​កើត​ចេញ​ពី​​​ បទពិសោធន៍​ និង​ការងារ​ លោក​​បាន​ក្លាយ​ជា​អគ្គលេខាធិការ​តែ​ម្ដង​​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ក្នុង​ ឆ្នាំ​​២០០៤​។  

អាជីព​​ជា​គ្រូ​បង្វឹក លោក​បាន​ចាប់​ផ្ដើម​​​​​បង្ហាត់​យូដូ​​តាំង​ពី​ឆ្នាំ​​១៩៩៧​ ពោល​គឺ​​ ហ្វឹកហាត់​ខ្លួន​ឯង​ផង​​និង​បង្ហាត់​​កូន​សិស្ស​ផង​។ ​ការ​​បង្វឹក​បង្ហាត់​​នេះ​គឺ​ផ្ដើម​ដំបូង​​​​នៅ​ក្នុង​ក្លិប​យូដូ​អូឡាំពិក ​​​រហូត​ដល់​បច្ចុប្បន្ន។  

ជា​មួយ​គ្នា​នោះ​ដែរ​ លោក​​បាន​បង្ហាត់​កីឡា​យូដូ​​​នៅ​សាលា​បារាំង​​​Lycee De Cart(លីហ្សេដេកាត)​តាំង​ពី​ឆ្នាំ​​២០០៣​រហូត​​ដល់​បច្ចុប្បន្ន​​​ដែរ​។ ​បច្ចុប្បន្ន​លោក​​​ក៏​ជា​គ្រូ​បង្វឹក​កីឡា​យូដូ​ក្រៅ​ម៉ោង​នៅ​​សាលា​ “I Can”​ តាំង​ពី​ឆ្នាំ​២០០៤​ រហូត​​ដល់​ពេល​នេះ​ដែរ​​។ ​លោក​បាន​បញ្ជាក់​ថា​លោក​មាន​កូនសិស្ស​ប្រហែល​​ជា​ជាង​​៥០០​នាក់​ហើយ​​ចាប់​ តាំង​ពី​ឆ្នាំ​១៩៩៧មក​។  

លោកឡាច វុទ្ធីទទួល សញ្ញាបត្រ នៅ ជប៉ុន

 

ស្នា​ដៃ​​ទទួល​បាន លោក​ជា​កីឡាករ​យូដូ​ឆ្នើម​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដោយ​​ជាប់​​លំដាប់ ​ថ្នាក់​លេខ១​​​តាំង​ពី​ឆ្នាំ​១៩៩១​​​​ ​ពោល​ក្នុង​អំឡុង​ពេល​ដែល​លោក​មិន​​ទាន់​ចូល​បម្រើ​ការងារ​នៅ​ក្នុង​​ខេមរៈ​ សហព័ន្ធ​។ លោក​ដឹក​នាំ​កីឡា​យូដូ​តាំង​ពី​ឆ្នាំ​​១៩៩៨​មក​ ដែល​ក្នុង​នោះ​​​ធ្លាប់​ទទួល​បាន​មេដាយ​​​​​សរុប​២១ ​ក្នុង​នោះ​​​ មេដាយ​ មាស​ពីរ​​ ​ ប្រាក់៥​​ និង​សំរឹទ្ធ​១៤​។

 

គោល​បំណង​ទៅ​ថ្ងៃ​អនាគត ក្នុង​នាម​ជា​អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កីឡា​យូដូ​​ និង​គ្រូ​បង្វឹក​កីឡា​យូដូ​ លោក​ឡាច​ វុទ្ធី​​បាន​​អះអាង​​ថា​លោក​នឹង​​​បន្ត​កិច្ច​ខំប្រឹង​​​ថែម​ទៀត​ដើម្បី​​ ធ្វើ​​យ៉ាង​ណា​ឲ្យ​កីឡា​យូដូ​​​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ជប៉ុន​​​នេះ​ កាន់​តែ​រីកចម្រើន​ទៅ​មុខ​នៅ​កម្ពុជា​។​ ​ ជា​ពិសេស​ការ​បង្កើត​​ទំនាក់​​ទំនង​ជា​មួយ​​សហព័ន្ធ​កីឡា​យូដូ​អន្តរជាតិ​ បន្ថែម​​​លើ​ការ​សម្រេច​បាន​ជោគជ័យ​នា​ពេល​កន្លង​មក។  

មួយ​វិញ​ទៀត​​ លោក​​​​នឹង​ព្យាយាម​ផ្សព្វផ្សាយ​​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ជ្រាប​ “កីឡា​​យូដូ​ជួយ​ដល់​សុខភាព​​ប្រចាំថ្ងៃ​”។ លើស​ពី​នេះ​ក្បាច់​គុន​​អាច​ជួយ​ការពារ​ខ្លួន​​និង​​បង្ការ​ការ​គ្រោះ​ ថ្នាក់​ផ្សេងៗ៕  

អត្ថបទ៖ ឆន​ ទិត្យ រូបថត៖ ផ្ដល់ឲ្យ

អត្ថបទថ្មី