គ្រូ​ការពារ​ជាតិ​បញ្ជាក់​រឿង ​ស្តាត​ចាស់​សម្រាប់​​ជម្រុះ​ World Cup​

  • 2015-03-04 23:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​កង​យុទ្ធពលខេមរ​ភូមិន្ទ​(ស្តាត​ចាស់​)​ត្រូវ​បាន​ជួសជុល​រួច​រាល់​ហើយ​នៅ​រសៀល​ថ្ងៃ​នេះ​ដែល​​អាច​​រៀបចំ​ការ​ប្រកួត​ជម្រុះ​​ព្រឹត្តិការណ៍​ World Cup ​ជើង​ទី​មួយ​បាន​សម្រាប់​ការ​ប៉ះ​គ្នា​រវាង​ជម្រើស​ជាតិ​កម្ពុជា​ និង​ម៉ាកាវ​នៅ​ថ្ងៃ​ទី​១២ មីនា​ខាង​មុខ​នេះ។

លោក​ ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្លិប​​​ក្រសួង​ការ​ពារ​ជាតិ​បាន​ឲ្យ​ Sabay ដឹង​នៅ​រសៀល​ថ្ងៃ​​នេះ​ថា​ ​ការ​ជួសជុល​ កីឡដ្ឋាន​ស្តាត​ចាស់​​រួច​រាល់​ហើយ​ត្រឹម​រសៀល​​ថ្ងៃ​នេះ និង​​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​ដើម្បី​សម្រេច​ចុង​ក្រោយ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​តែ​ប៉ុណ្ណោះ។

អ្នក​ចាត់ការ​ក្រុម​រូប​នេះ​បន្ត​ថា ៖«ការ​​​ជួសជុល​​រួច​រាល់​​៩៩​%​ហើយ​ចំណុច​ខ្វះ​ខាត​នៅ​តិច​បំផុត​ ដូច​ជា​​ការ​តុប​តែង​បន្ទប់​អនាម័យ​ និង​​កាត់​ស្មៅ​តែ​ប៉ុណ្ណោះ​។ ចំពោះ​​កន្លែង​អង្គុយ​ទស្សនា​ និង​ បន្ទប់​ផ្លាស់​សំលៀកបំពាក់ បាន​ជួសជុល​រួច​ជាស្រេច»។

 

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្ងៃ​ស្អែក​នេះ​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​​​ថា​​​មាន​ចំណុច​ខ្វះ​ខាត​អ្វី។ លោក​​គិត​ថា​ កីឡដ្ឋាន​ស្តាត​ចាស់​អាច​មាន​​ភាគ​រយ​ខ្ពស់​សម្រាប់​​រៀប​ចំ​ធ្វើ​​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ជម្រុះ​ World Cup នៅ​តំបន់​អាស៊ី​ជើង​ទី​១​រវាង​កម្ពុជា​ និង​ម៉ាកាវ។

 

«សម្រាប់​ទី​លាន​ស្តាត​ចាស់​នេះ​ មាន​សង្ឃឹម​ សឹង​ថា​ ១០០% ​ទៅ​ហើយ​ ព្រោះ​យើង​សំអាងលើ​​ចំណុច​សំខាន់​ៗ​ពីរ​ ទី​មួយ​មាន​សណ្ឋាគារ​ល្អ​ៗ​នៅ​ភ្នំពេញ​ដែល​​​កីឡាករ​​ងាយ​ស្រួល​ស្នាក់​​នៅ​ និង​មាន​​​មន្ទីរពេទ្យ​នៅ​ជិត»។​ អ្នក​ចាត់ការ​ក្រុម​រូប​នេះ​បាន​និយាយ​។

 

 

សម្រាប់​គេហទំព័រ FIFA.COM បាន​បង្ហាញ​ថា ការ​ជួប​គ្នា​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ម៉ាកាវ នៅ​កីឡដ្ឋាន​ទព័ (​ស្តាត​ចាស់) រាជធានី​ភ្នំពេញ។

 

ទោះ​ជា​យ៉ាង​ណា​រហូត​មក​ដល់​ពេល​នេះ​ អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​ថា​ ការ​ប្រកួត​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា​ និង​ម៉ាកាវ​នៅ​ថ្ងៃ​ទី​១២​ ខែ​មីនា​ខាង​មុខ​នេះ​ធ្វើ​នៅ​ទី​លាន​ណា​នោះ​ទេ​ ខណៈ​រហូត​ដល់​ពេល​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មិន​អាច​ទាក់​ទង​ដើម្បី​បញ្ជាក់​បាន​ទេ៕

 

អត្ថបទ ៖​ស្រី​​ សុវណ្ណដារ៉ា​​​

​​​​​​​​​​​​​

អត្ថបទថ្មី