លោកគ្រូ Lee ពន្យល់រឿងដាក់ ណុប តុលា លេងជាខ្សែការពារពេលចាញ់ថៃ ២-១
- 2015-04-02 22:07:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូ Lee ពន្យល់រឿងដាក់ ណុប តុលា លេងជាខ្សែការពារពេលចាញ់ថៃ ២-១
ចន្លោះមិនឃើញ
សម្រាប់ការប្រកួតបើកឆាកពេលជំនួបជាមួយថៃក្នុងវគ្គជម្រុះតាមពូល G ក្នុងពានរង្វាន់ទ្វីបអាស៊ី U23 AFC Championship 2016 កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៥ លោកគ្រូបង្វឹកជម្រើសជាតិកម្ពុជាសញ្ជាតិកូរ៉េខាងត្បូងបានឲ្យកីឡាកររបស់ក្លិបស្វាយរៀង ណុប តុលា លេងជាតំណែងខ្សែការពារ។ ហេតុអ្វីបានជាលោកគ្រូដាក់កីឡាករបម្រើប្រយុទ្ធរូបនេះជាខ្សែការពារវិញ?
ឆ្លើយតបនឹងសំនួររបស់ Sabay នៅប្រលានយន្តហោះភ្នំពេញអន្តរជាតិនៅពេលក្រុម U-22 កម្ពុជាបានមកដល់ស្រុកកំណើតកាលពីរសៀលម្សិលមិញ លោក Lee Tae Hoon បានឲ្យដឹងថា ណុប តុលា ជាកីឡាករម្នាក់ដែលឆ្លាត និងរហ័សនៅតំបន់ការពារជាងតំបន់ប្រយុទ្ធ ដូច្នេះហើយទើបបានជាលោកសម្រេចដាក់កីឡាកររូបនេះឲ្យលេងនៅតំបន់ការពារវិញ។
លោក Lee Tae Hoon បាននិយាយថា ៖«ខ្ញុំមើលឃើញថា ណុប តុលា អាចលេងក្នុងតំណែងខ្សែការពារល្អជាងប្រយុទ្ធ ព្រោះភាពរហ័សរហួននៅលើទីលានក្នុងការប្រយុទ្ធគឺយឺតជាងការការពារ»។ លោកដឹងថា ណុប តុលាលេងជាបម្រើប្រយុទ្ធនៅក្លិបស្វាយរៀងបានល្អ ប៉ុន្តែកីឡាកររូបនេះមិនមានទេពកោសល្យសម្រាប់តួនាទីបម្រើប្រយុទ្ធដូចតួនាទីជាខ្សែការការពារទេ ហើយរូបគេអាចការពារមិនឲ្យដៃគូទាត់បាល់ចូលទីបានច្រើនគ្រាប់ជាងទាត់បាល់ចូលទីដៃគូ។
ទោះបីជាយ៉ាងណា លោកគ្រូបង្វឹកទាំងឈុតធំ និងអាយុក្រោម២២បានប្រាប់ទៀតថា ណុប តុលា ជាកីឡាករម្នាក់ដែលអាចលេងបានល្អនៅគ្រប់តួនាទីលើទីលាន ប៉ុន្តែសម្រាប់តំណែងជាខ្សែការពារនេះ ណុប តុលា បានប្រាប់លោកថា មិនចង់លេងទេ ពីព្រោះមិនអាចជួយរកគ្រាប់បាល់បាន។
ណុប តុលា ជាខ្សែបម្រើប្រយុទ្ធមួយដ៏ល្អនៅក្លិបស្វាយរៀងដែលបានសហការគ្នាជាមួយ ប្រាក់ មន្នីឧត្ដម សម្រាប់ការឈ្នះពានរង្វាន់ Hun Sen Cup ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ។ ពេលជួបនឹង U-22 ថៃកន្លងទៅ ក្រុមកម្ពុជាការពារបានយ៉ាងល្អក្នុងនោះមាន ណុប តុលា ផងដែរដែលធ្វើឲ្យក្រុមថៃអាចទម្លាយសំណាញ់ទីរបស់កម្ពុជាបានតែ២គ្រាប់ប៉ុណ្ណោះ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា