តើ​មាន​កីឡា​អ្វី​ខ្លះ​បង្ហាញ​ខ្លួន​នៅ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​?

  • 2015-04-13 18:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​បង្ក​ភាព​សប្បាយ​រីករាយ​ និង​ទាក់ទាញ​អ្នក​ទស្សនា​ក្នុង​កម្មវិធី​នីមួយ​ៗ។ ចុះ​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​អង្គរ​សង្ក្រាន្ត​នៅ​​ទី​រួម​ខេត្ត​សៀមរាប​ឆ្នាំ​នេះ​មាន​កីឡា​អ្វី​ខ្លះ​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ​ និង ​អន្តរជាតិ​រយៈ​ពេល​ ៣ ​ថ្ងៃ​នេះ?

 

យោង​តាម​លោក សោម រតនា អ្នក​នាំ​ពាក្យ​​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​បាន​ឲ្យ​ដឹង​ថា​ កីឡា​ប្រពៃណី​ចំនួន​ ៤ ​ប្រភេទ​នឹង​បង្ហាញ​ខ្លួន​​រយៈ​ពេល ​៣ ​ថ្ងៃ​នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ​គឺ​ កីឡា​ល្បុក្កតោ ទាញ​ព្រ័ត្រ ​ប្រណាំង​រទេះ​គោ-ក្របី​ និង​ការ​ប្រកួត​អុកចត្រង្គ។

ល្បែង​ទាញព្រ័ត្រ​នៅ​​អង្គរ​ព្រឹក​នេះ

ការ​បង្ហាញ​ក្បាច់​គុនល្បុក្កតោ​ព្រឹក​នេះ​នៅ​អង្គរ

 

លោក​រៀប​រាប់​ថា ការ​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ​នឹង​ធ្វើ​ឡើង​ទាំង​​៣​ថ្ងៃ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរ​វត្ត​ដែល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​អាច​ទស្សនា​ថ្ងៃ​ណា​មួយ​ ឬ​ទស្សនា​ទាំង​៣​ថ្ងៃ​ក៏​បាន។ ​ការ​ប្រណាំង​រទេះ​គោ-ក្របី​វិញ​ក៏​មិន​ខុស​ពី​ការ​សម្ដែង​​ល្បុក្កតោ​ដែរ​គឺ​ប្រណាំង​ទាំង​៣​ថ្ងៃ​នៅ​ទី​លាន​អង្គរ​ខ្យុងយូ​ដោយ​ថ្ងៃ​ចូល​ឆ្នាំ​ទី​​មួយ​ប្រណាំង​នៅ​ម៉ោង​៣:៣០​រសៀល​ ថ្ងៃ​ទី​១៤​ ខែ​មេសា​ ខណៈ​ថ្ងៃ​ចូល​​ឆ្នាំ​ទី​១៥ និង​ទី​១៦ ខែ​មេសា ប្រណាំង​វេលា​ម៉ោង​៣​រសៀល។

 

ចំពោះ​ការ​ប្រកួត​ទាញ​ព្រ័ត្រ​មិត្តភាព​វិញ​ធ្វើ​ឡើង​តែ​ម្ដង​គត់​នៅ​​ខាង​មុខ​ប្រាសាទ​អង្គរ​តូច​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ចូល​ឆ្នាំ​ទី​មួយ​គឺ​ទី​១៤ ខែ​មេសា​ដែល​ជា​ថ្ងៃ​ទទួល​ទេវតា​ឆ្នាំ​ថ្មី។ ដោយ​ឡែក​ការ​ប្រកួត​អុកចត្រង្គ​វគ្គ​ផ្តាច់​ព្រ័ត្រ​វិញ​នឹង​រៀប​ចំ​ប្រកួត​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​បី​​វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក​ ថ្ងៃ​​ទី​១៦ ខែ​មេសា​ នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា
អត្ថបទថ្មី