ជយោ! កម្ពុជាជាប់ម៉ាឌីហ្សុន ២០១៥ ក្នុងកំណត់ត្រាពិភពលោក Guinness World Records ហើយ
- 2015-04-15 21:08:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជយោ! កម្ពុជាជាប់ម៉ាឌីហ្សុន ២០១៥ ក្នុងកំណត់ត្រាពិភពលោក Guinness World Records ហើយ
ចន្លោះមិនឃើញ
គម្របលទ្ធផលបានបើកហើយ គឺ ការរាំម៉ាឌីហ្សុន ២០១៥ បានជាប់នៅក្នុងកំណត់ត្រា Guinness World Record ហើយ។
នេះជាកំណត់ត្រា ទី ២ បន្ទាប់ពីនំអន្សមយក្ស ជាង ៤ តោន បានជាប់នៅក្នុងកំណត់ត្រា ពិភពលោក Guinness World Record។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការទទួលបាននូវលទ្ធផលជាផ្លែផ្កានៅពេលនេះ គឺដោយសារមានការចូលរួមពីក្រុមយុវជន យុវនារី ទាំងអស់គ្នា។
លោក សោម រតនា ប្រធានក្រុមកិច្ចការសាធារណៈ និង ជាអ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ធ្លាប់បានប្រាប់ Sabay ថា ការបង្កើតឲ្យមានការរាំចង្វាក់រាំម៉ាឌីហ្សុន ២០១៥ នាក់នេះ ក្នុងគោលបំណងដើម្បីឲ្យជាតិសាសន៍ដទៃបានស្គាល់កាន់តែច្បាស់ពីចង្វាក់រាំខ្មែរ ក៏ដូចជាចង់បង្ហាញពីសាមគ្គីភាពរវាងប្រជាជនរួបរួមគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរមួយប្រៀប ដូចជា ចង្កឹះមួយបាច់ ដែលកាច់មិនបាក់ និង បង្កើនបរិយាកាសរីករាយជូនដល់ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិឲ្យបានទស្សនា ផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ការរាំជាក្រុមនៃចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នកចូលរួមចំនួន ២,០១៥ នាក់ បានចំណាយពេល ៥ នាទី ដើម្បីបំបែកឯកត្តកម្មពិភពលោក។
សេចក្ដីប្រកាសដដែលបានសរសេរទៀតថា បន្ទាប់ពីវិនិច្ឆ័យអស់រយៈពេលប្រមាណ ២ ម៉ោង លោកស្រី Seyda Subasi-Gemici ចៅក្រមនៃកំណត់ត្រាពិភពលោក Guiness World Record បានមានប្រសាសន៍ថា ការរាំចង្វាក់ ម៉ាឌីហ្សុន នៅទីលានជល់ដំរីបានជាប់កំណត់ត្រាពិភពលោក Guiness World Record ដែលធ្វើឲ្យអ្នករាំ និង អ្នកទស្សនារាប់ម៉ឺននាក់ បានអបអរសាទរ និងសប្បាយរីករាយ។
នៅទីបំផុត ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៥ ក្រុមយុវជន យុវនារីចំនួន ២០១៥ នាក់ ដែលបានចូលរួមរាំចង្វាក់ម៉ាឌីហ្សុន នៅលានជល់ដំរី នាខេត្តសៀមរាប បានបំបែកឯកត្តកម្មចាស់របស់អូស្ត្រាលី កាលពីឆ្នាំមុនមាន ១១៥០ នាក់។
ការរាំចង្វាក់ ម៉ាឌីហ្សុននេះ គឺជា កម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀត នៃព្រឹត្តិការណ៍អង្គរ សង្រ្កាន្តឆ្នាំ ២០១៥ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (យុទ្ធនាការសៀមរាបផ្ទះខ្ញុំ) បានរៀបចំឡើងដោយមានកិច្ចសហការពីសំណាក់ស្ថាប័នរដ្ឋ និងឯកជននានា៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា