ដំណើរជីវិតរបស់ខ្សែការពារ សាយ ពិសិដ្ឋ ប្រធានក្រុមរបស់ក្លិបប៉ូលិស
- 2015-04-23 18:32:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរជីវិតរបស់ខ្សែការពារ សាយ ពិសិដ្ឋ ប្រធានក្រុមរបស់ក្លិបប៉ូលិស
ចន្លោះមិនឃើញ
កីឡាករ សាយ ពិសិដ្ឋ ជាកម្លាំងការពារដ៏រឹងមាំនៅតំបន់ការពារប្រចាំក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ក៏ដូចជាក្នុងក្រុមជម្រើសជាតិកម្ពុជា នាពេលបច្ចុប្បន្ននេះ។ គ្រប់គ្នាធ្លាប់តែឃើញគេបង្ហាញសមត្ថភាពលើសមរភូមិវាលស្មៅ ប៉ុន្ដែមានអ្នកគាំទ្រតិចណាស់បានស្គាល់ពីប្រវត្តិរបស់តារាកម្ពុជា រូបនេះ។
សាយ ពិសិដ្ឋ កាលប្រកួតជម្រុះ FIFA World Cup 2018 ជាមួយម៉ាកាវ នៅស្ដាតចាស់
Sabay សូមបង្ហាញពីដំណើរជីវិតត្រួសៗ របស់ សាយ ពិសិដ្ឋ ដូចខាងក្រោម៖ សាយ ពិសិដ្ឋ កើតថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៩០ នៅក្នុងភូមិ ស្វាយជ្រំ ឃុំ ស្វាយជ្រំ ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល។ លោកឪពុកឈ្មោះ ទេស សាយ ជាអ្នកបើកបរឲ្យក្រុមហ៊ុនឯកជនមួយ និងអ្នកម្ដាយឈ្មោះ នាង អ៊ិន ជាមេផ្ទះ។ លោកមានបងប្អូនចំនួន៤នាក់ ប្រុស៣ ស្រី១ដែលលោកជាកូនច្បង។ ប្អូនប្រុសទីមួយឈ្មោះ សាយ វិសាល ប្អូនប្រុសទីពីរឈ្មោះ សាយ ពិសី និងប្អូនស្រីពៅ ឈ្មោះ សាយ ស្រីនី។ ប្អូនប្រុសទីមួយរបស់លោកក៏ជាកីឡាករបាល់ទាត់ផងដែរដែលសព្វថ្ងៃលេងឲ្យក្រុមបាល់ទាត់ប៉ូលិស ជាមួយគ្នាដែរ។ កម្រិតវប្បធម៌ចន្លោះឆ្នាំ១៩៩៩-២០០៣ កុមារា សាយ ពិសិដ្ឋ បានចូលរៀនសាលាបឋមសិក្សា ស្វាយជ្រំ ឃុំ ស្វាយជ្រំ ស្រុក ខ្សាច់កណ្ដាល។ ឆ្នាំ២០០៤ កុមារារូបនេះបានប្ដូរមករៀនបឋមសិក្សាបាក់ទូក រាជធានីភ្នំពេញ។ ចាប់ពីថ្នាក់ទី៧ដល់ទី១២ លោករៀននៅវិទ្យាល័យបាក់ទូករវាងឆ្នាំ២០០៤-២០០៨។ បន្ទាប់ពីប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបានដោយជោគជ័យ លោកមិនបានរៀនបន្តសម្រាប់កម្រិតឧត្ដមសិក្សាឡើយ។ លោកបានចូលបម្រើការងារជានាយទាហានបន្តពីលោកឪពុក។
សាយ ពិសិដ្ឋ ខាងឆ្វេង ជួរខាងក្រោយ
ជីវិតគ្រួសារ
នៅខែ មិថុនា ឆ្នាំ ២០១៤ កន្លងទៅ ពិសិដ្ឋ បានភ្ជាប់ពាក្យជាមួយកីឡាការិនី ស្រស់ប្រិមប្រិយក្នុងក្រុមជម្រើសជាតិសីប៉ាក់តាក្រ ងួន ច័ន្ទបូរ៉ាមី។ រូបគេធ្លាប់ប្រាប់ Sabay ថា រហូតដល់ចប់កីឡាស៊ីហ្គេម ឆ្នាំ ២០១៥ ទើបគូស្នេហ៍នេះសម្រេចជ្រើសថ្ងៃចូលរោងការ។
សាយ ពិសិដ្ឋ និង គូដណ្ដឹង
ការលេងបាល់ទាត់
កាលពីកុមារភាព សាយ ពិសិដ្ឋ មិនបានលេងបាល់ទាត់ឡើយ។ លោកបានចាប់ផ្ដើមលេងបាល់ទាត់លើកដំបូងពេលលោកចូលរៀនអនុវិទ្យាល័យបាក់ទូក។ ដំបូងឡើយក្រុមបាល់ទាត់បាក់ទូកដែលមានរូបលោកជាកីឡាករមួយរូបនោះបានចូលលេងសម្រាប់កម្មវិធី Mello ក្នុងឆ្នាំ២០០៤ ដោយទទួលបានចំណាត់ថ្នាក់លេខបួន។ នៅក្នុងឆ្នាំ២០០៥ ក្រុមបាល់ទាត់បាក់ទូកបានចូលរួមលេងក្របខណ្ឌបាល់ទាត់រាជធានីភ្នំពេញ ប៉ុន្តែមិនទទួលបានចំណាត់ថ្នាក់ទេ។ បន្ទាប់មកលោកបានចូលលេងឲ្យក្រុមបាល់ទាត់ Phnom Penh Impier រយៈពេលពីរឆ្នាំ ក្រោយពីការចាប់អារម្មណ៍ទម្រង់លេងពីលោកគ្រូបង្វឹកកាលនោះ សម្រាប់ក្រុម B អាយុ១៦ឆ្នាំ។ ក្នុងរយៈពេលពីរឆ្នាំលោកបានជួឲ្យក្រុម Phnom Penh Impier ទទួលបានលេខមួយសម្រាប់ពានរង្វាន់មេគង្គកម្ពុជា។
ឆ្នាំ២០០៧និង២០០៨ កីឡាករ សាយ ពិសិដ្ឋ មិនបានលេងបាល់ទាត់ឡើយ ពេលលោកស្នាក់នៅជាមួយអ៊ំស្រីនៅម្ដុំផ្សារអូរឫស្សីដើម្បីខិតខំសិក្សាសម្រាប់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទើបបានជាឈប់លេងបាល់ទាត់អស់រយៈពេលពីរឆ្នាំ។ បើទោះបីជាលោកមិនបានលេងបាល់ទាត់អាជីពឲ្យក្រុមណាមួយក៏ដោយ ក៏លោកនៅតែឆ្លៀតពេលលេងបាល់ទាត់ជាមួយមិត្តភក្តិដើម្បីសុខភាពផងដែរ។ បន្ទាប់ពីបានប្រឡងជាប់ Bace II លោកបានចូលលេងឲ្យក្រុមបាល់ទាត់ជើងទឹក (ឆ្លាមសមុទ្រ) ព្រោះពេលនោះក្រុមបាល់ទាត់ជើងទឹកបានចងមិត្តភាពជាមួយភូមិ ស្រាយជ្រំ ឃុំ ស្វាយជ្រំដែលជាភូមិកំណើតរបស់លោកដើម្បី ស្វែងរកកីឡាករបាល់ទាត់ល្អ។ ពេលនោះលោកត្រូវបានគេចាប់អារម្មណ៍ហើយហៅឲ្យចូលលេងនៅក្នុងក្រុមបាល់ទាត់ជើងទឹកចុងឆ្នាំ២០០៨។ អំឡុងពេលនោះក្រុមបាល់ទាត់ជើងទឹកបានចូលរួមលេងវគ្គជម្រុះពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី២ (Hun Sen Cup)។ ក្រុមជើងទឹកបានជាប់លេខ១សម្រាប់វគ្គជម្រុះពានរង្វាន់សម្ដេច ហ៊ុន សែន សម្រាប់មណ្ឌលកំពង់ចាម។ ការលេងនៅក្នុងក្រុមបាល់ទាត់ជើងទឹកលោកទទួលបានប្រាក់ចំនួន១៥ម៉ឺនរៀលក្នុងមួយខែ។ ក្រោយមកក្រុមបាល់ទាត់ជើងទឹកបានប្ដូរឈ្មោះជាក្រុម ភុជង្គនាគ សម្រាប់លេងក្រមខណ្ឌបាល់ទាត់កំពូលរបស់កម្ពុជា។
ដើមឆ្នាំ២០០៩ ក្រុមបាល់ទាត់ភុជង្គនាគត្រូវបានកាត់ចេញពីក្របខណ្ឌកំពូលរបស់កម្ពុជា។ ពេលនោះក្រុមបាល់ទាត់វត្តភ្នំបានខ្ចីជើងលោកដើម្បីលេងឲ្យក្រុមពួកគេសម្រាប់កម្មវិធីមិតហ្វូតខេមបូឌានលិក។ បន្ទាប់ពីក្រុមវត្តភ្នំបានធ្លាក់ពីក្របខណ្ឌកំពូលរដូវកាល ២០១០ លោកក៏នៅតែមានឈ្មោះនៅក្នុងក្រុមជើងទឹកដដែល ប៉ុន្តែមិនមានសកម្មភាព ព្រោះក្រុមនោះធ្លាក់ចេញពីក្របខណ្ឌកំពូលហើយ។ ចុងឆ្នាំ២០១០ ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិបានខ្ចីជើងលោកដើម្បីលេងពានរង្វាន់ក្របខណ្ឌ ក១ ទូទាំងប្រទេស។ ពេលនោះលោកបានជួយឲ្យក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិជាប់លេខ១ សម្រាប់ខណ្ឌ ក១ ទូទាំងប្រទេស ហើយមានសិទ្ធិចូលលេងក្របខណ្ឌពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី៥។ ដោយមានការពេញចិត្តចំពោះទម្រង់លេងលោក ជួន ណារិន ប្រធានក្លឹបអគ្គស្នងការនគរបាលជាតិ បានអូសទាញ សាយ ពិសិដ្ឋ ឲ្យលេងពេញសិទ្ធិសម្រាប់ក្រុមអគ្គស្នងការនគរបាលជាតិ។ ចាប់ពីរូបលោកបានជាប់ពេញសិទ្ធិនៅក្នុងក្រុមអគ្គស្នងការនគរបាលជាតិមក លោកបានជួយឲ្យក្រុមនេះបានឡើងដល់វគ្គ១/៤ផ្ដាច់ព្រ័ត្រហើយសម្រាប់ពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី៥នេះ។
សាយ ពិសិដ្ឋ (លេខ៥) ក្នុងឈុតជម្រើសជាតិ នាពេលកន្លងទៅ
សាយ ពិសិដ្ឋ ក៏មានឈ្មោះក្នុងបញ្ជី ៥០ នាក់របស់កម្ពុជា ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់លំដាប់ពិភពលោក 2018 FIFA World Cup Russia ជុំទី២ ប្រចាំទ្វីបអាស៊ី ជាមួយជប៉ុន, ស៊ីរី, អាហ្វហ្គានីស្ថាន និង ជប៉ុន ផងដែរ។
គ្រូបង្វឹក រហូតមកដល់ពេលនេះកីឡាករ សាយ ពិសិដ្ឋ បានឆ្លងកាត់ការហ្វឹកហាត់ជាមួយលោកគ្រូបង្វឹកចំនួន៩ នាក់ហើយគឺ៖ ១-លោក ជុំ ច័ន្ទរាសី គ្រូបង្វឹកក្រុមបាក់ទូក ២-លោក នុត សូនី គ្រូបង្វឹក Phnom Penh Impire ៣-លោក ចាយ សង្ហា គ្រូបង្វឹកនៅក្រុមជើងទឹក ៤-លោក ចាយ សៀងធឿន គ្រូបង្វឹកក្រុមជើងទឹក ៥-លោក អ៊ុង កនយ៉ានិត គ្រូបង្វឹកអគ្គស្នងការនគរបាលជាតិ ៦-លោក ពាស សុធី គ្រូបង្វឹកអគ្គស្នងការនគរបាលជាតិ ៧-លោក អៀង សាក់នីដា ជំនួយការគ្រូបង្វឹកជម្រើសជាតិកម្ពុជា ៨-លោក LEE TAE HOON គ្រូបង្វឹកជម្រើសជាតិកម្ពុជាសញ្ជាតិកូរ៉េខាងត្បូង ៩-ហុក សុចិត្រា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ១០- ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
ជាមួយគ្នានេះផងដែរ លោកបានជួយបង្វឹកបង្ហាត់ក្រុមបាល់ទាត់បឋមនិងអនុវិទ្យាល័យ ស្វាយជ្រំ ឃុំ ស្វាយជ្រំ ជាច្រើនឆ្នាំ។ លោកបានជួយឲ្យក្រុមបាល់ទាត់បឋមសិក្សា ស្វាយជ្រំ ជាប់លេខ១ សម្រាប់ក្របខណ្ឌបឋមប្រចាំខេត្តកណ្ដាល និងជួយក្រុមបាល់ទាត់អនុវិទ្យាល័យស្វាយជ្រំជាប់លេខ១ បានបីឆ្នាំទូទាំងខេត្តកណ្ដាល។ឆ្នាំ២០១២ -បច្ចុប្បន្ន៖ -ឆ្នាំ២០១២ ជាប់ជម្រើសជាតិក្រោមការបង្វឹករបស់លោក ហុក សុចិត្រា និង បានហ្វឹកហាត់នាពេលបច្ចុប្បន្នក្នុងដំណើរត្រៀមវគ្គជម្រុះ AFF Suzuki Cup 2012 នៅមីយ៉ាន់ម៉ា។ ពិសិដ្ឋ ជួយឲ្យក្រុមប៉ូលិសជាប់ Top 4 ដែលមានសិទ្ធិទៅប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Metfone Cambodian League 2012។
- ខែ សីហា ឆ្នាំ២០១២ ជួយឲ្យប៉ូលិស លើកពាន Eximbank Cup 2012 ឬ ប៉ូលិសអាស៊ាន បន្ទាប់ពីយកឈ្នះ ប៉ូលិសឡាវ ២-១ ឈ្នះ ប៉ូលិសអូស្ត្រាលី ៣-១ ឈ្នះ ប៉ូលិសថៃ ១-០ និង ស្មើ ម្ចាស់ផ្ទះប៉ូលិសវៀតណាម ១-១។ ការឈ្នះពាននេះបន្ទាប់ពី ប៉ូលិសមានពិន្ទុលើគេ (10 ពិន្ទុ)។
-ខែ មីនា ឆ្នាំ ២០១៤ ធ្លាប់ជួយក្រុមប៉ូលិស លើកពាន Hun Sen Cup 2013 ក្រោយយកឈ្នះក្រុមបៀលប្រាយ នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ២ ទល់ ០។
សាយ ពិសិដ្ឋ ទទួលប្រាក់រង្វាន់ជើងឯកពី អភិបាលរាជធានីភ្នំពេញ
-ខែ កុម្ភៈ ឆ្នាំ ២០១៥ ធ្លាប់ជួយឱ្យប៉ូលិសឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Hun Sen Cup 2015 តែចាញ់ណាហ្គាវើល ហើយបន្តរបូតតំណែងលេខ ៣ ក្រោយចាញ់ត្រាយអាស៊ីភ្នំពេញ (Phnom Penh Tiger) ដោយលទ្ធផល ៣ ទល់ ០។
បំណងប្រាថ្នា សាយ ពិសិដ្ឋ និយាយថា ខ្លួនពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបាននាំកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ ចំពោះអ្វីដែលលោកទទួលបាន ជាពិសេសជាប់ក្នុងក្រុមជម្រើសជាតិ ហើយបានចេញទៅប្រកួតនៅក្រៅប្រទេស។ ក្នុងនាមជាកីឡាករជម្រើសជាតិ លោកចង់មានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិ និងរៀនវគ្គជំនាញគ្រូបង្វឹកបាល់ទាត់ នានា៕
អត្ថបទ៖ ជាន ចាន់រ៉ា