នាង Lily Ho ដែលបានធ្វើការជាមួយទូរទស្សន៍ TVB របស់ហុងកុងអស់រយៈពេល៧ឆ្នាំមកហើយនោះ ពេលនេះបានសម្រេចចិត្តដើរចេញដោយសារអាជីពជាតារាសម្ដែងរបស់នាងមិនបានដំណើរការរលូនសោះ។
អតីតបេក្ខភាពបវរកញ្ញាហុងកុងរូបនេះបានរៀបរាប់ថា ការសម្ដែងរបស់នាងមិនសូវដំណើរការបានល្អទេ ហើយមានពេលខ្លះនាងត្រូវគេតម្រូវឱ្យសម្ដែងជាតួរងក្នុងរឿងផងក៏មាន។ នាងបាននិយាយទៀតថា នៅក្នុងពិធីប្រគល់ពានរង្វាន់ជារៀងរាល់ឆ្នាំ មិត្តរួមអាជីពរបស់នាងពីរបីនាក់តែងទទួលបានរង្វាន់នោះ ហើយថ្លែងអំណរគុណនៅលើឆាក។ នាងតែងតែស្រមៃថាថ្ងៃណាមួយ នាងនឹងទទួលបានឱកាសនោះ និងអាចបង្ហាញអារម្មណ៍រំភើបរបស់នាងនៅលើឆាកបាន។
ទោះយ៉ាងណា កុងត្រារបស់នាងនឹងទូរទស្សន៍ TVB បានបញ្ចប់ត្រឹមដើមខែឧសភានេះ ហើយអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ TVB ក៏បានអះអាងថានាង Lily Ho ពិតជាបានចេញពីទូរទស្សន៍មួយនេះមែន។ អ្នកគ្រប់គ្រងរូបនេះថែមទាំងបានជូនពរនាងឱ្យសំណាងល្អចំពោះការចាកចេញ និងជ្រើសរើសផ្លូវថ្មីរបស់នាង៕
ប្រែសម្រួល៖ សុគន្ធី
ប្រភព៖ asianpopnews