សួស សងវាចា៖ ខ្ញុំ​​នៅ​តែ​មាន​សង្ឃឹម​អាច​ឡើង​ច្រៀង​​ឡើង​វិញ

  • 2015-09-25 16:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​លើស​ឈាម​រហូត​ដល់​​ដួល​សន្លប់​ របស់​តារា​ចម្រៀង លោក សួស សងវាចា នៅ​មិន​ទាន់​វិល​មក​ភាព​ដើម​ឡើយ បច្ចុប្បន្ន​លោក​​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ជោរី ភ្នំពេញ។ ទោះ​បី​បែប​នេះ​ក្ដី​ លោក​នៅ​តែ​បង្ហាញ​ក្ដី​រំពឹង​ថា នឹង​អាច​ឡើង​ច្រៀង​វិញ​បាន​ជាក់​ជា​មិន​ខាន។

 

 

 

ក្រោយ​ព្យាបាល​នៅ​ប្រទេស​វៀតណាម១២ថ្ងៃ ​សុខភាព​របស់​លោក សួស សងវាចា បាន​ប្រសើរ​ឡើង​វិញ​បន្តិច ដោយ​លោក​អាច​ក្រោក​អង្គុយ​ទទួល​ទាន​​អាហារ​បាន​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ដើម​សប្ដាហ៍​នេះ​ ជំងឺ​របស់​លោក​បាន​រើ​ឡើង​វិញ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​ម្ដង​ទៀត។

 

បច្ចុប្បន្ន​លោក​​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ជោរី ភ្នំពេញ ដោយ​សភាព​ជំងឺ​របស់​លោក​មិន​អាច​​ងើប​អង្គុយ​បាន​ដូច​មុន​ទេ និង​មិន​ដឹង​ថា​ត្រូវ​បន្ត​ព្យាបាល​ដល់​ពេល​ណា ទើប​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​ឡើយ។ ចំពោះ​ការ​ចំណាយ​នៃ ការ​ព្យាបាល​ក៏​មិន​ត្រូវ​បាន ភរិយា​របស់​ប្រាប់​ឲ្យ​ដឹង​ដែរ ប៉ុន្តែ​ភរិយា​របស់​លោក​បាន​​ប្រាប់​ថា ចាប់​តាំង​ពី​តារា​ចម្រៀង​ម្នាក់​នេះ ធ្លាក់​ខ្លួន​ឈឺ​មក មាន​ថ្នាក់​ដឹក​នាំ ក៏​ដូច​ជា​មិត្តភ័ក្ដិ​ក្នុង​សិល្បៈ បង​ប្អូន​ក្នុង​ប្រទេស​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់។

 

 

 

លោក សួស សងវាចា ថ្លែង​​​ដោយ​សំដី​មួយៗ​ទាំង​​ដៃ​ព្យួរ​សេរ៉ូម​​មិន​អាច​​ងើប​អង្គុយ​បាន​កាល​ពី​ថ្ងៃ អង្គារ គ្រា​ដែល​ក្រុមប្រឹក្សា​នៃ​សមាគម​សិល្បករ​ខ្មែរ​ទៅ​​សួរ​សុខទុក្ខ​ថា  លោក​អាច​ពិសា​អាហារ​បាន​ដូច​​ធម្មតា ប៉ុន្តែ​មិន​អាច​​ងើប​អង្គុយ​​បាន​ទេ។ រាល់​ថ្ងៃ​លោក​កំពុង​តែ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​របស់ វេជ្ជបណ្ឌិត។ តារា​ចម្រៀង​រូប​នេះ ​បាន​ចូល​​សម្រាក​នៅ​​មន្ទីរពេទ្យ ​ជោរី ភ្នំពេញ ជា​លើក​ទី២ បាន​៤ថ្ងៃ​មក​ហើយ។ តាម​ការ​រៀប​រាប់​របស់​​ភរិយា​ តារា​ចម្រៀង​រូប​នេះ មាន​ជំងឺ​លើស​ឈាម​ជិត១០ឆ្នាំ​មក​ហើយ ប៉ុន្តែ​ជំងឺ​របស់​លោក​ទើប​ធ្វើ​ទុក្ខ​​ខ្លាំង កាល​ពី​​ល្ងាច​ថ្ងៃ​ទី ៥ ខែ​កញ្ញា​ កន្លង​ទៅ ខណៈ​លោក​កំពុង​រត់​ហាត់ប្រាណ​មុខ​ផ្ទះ ស្រាប់​តែ​​ដួល​សន្លប់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​មន្ទីរពេទ្យ ​ជោរី ភ្នំពេញ​ភ្លាម ក្រោយ​មក​ ​ក៏​បន្ត​ទៅ​សង្គ្រោះ​នៅ​​ប្រទេស​វៀតណាម ។

 

 

ទោះបីជា​បច្ចុប្បន្ន មិន​ទាន់​អាច​ងើប​​អង្គុយ​បាន​ក្ដី ប៉ុន្តែ​តារា​ចម្រៀង​សំឡេង​ផ្អែម​មាន​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង​ម្នាក់​នេះ​ នៅ​តែ​មាន​សង្ឃឹម​ថា ជំងឺ​របស់​លោក​នឹង​វិល​មក​រក​សភាព​ដើម​វិញ ហើយ​អាច​បន្ត​អាជីព​ជា​តារា​ចម្រៀង​បាន​ដូច​ដើម ៕

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី