អតីត​អ្នក​ប្រដាល់ ឡោ សំណាង ​ក្លាយ​ជា​ឈ្មួញ​កណ្ដាល​រក​ស៊ី​នៅ​ខេត្ត​កំពង់ចាម

  • 2015-09-28 21:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​មួយ​កំផ្លេ ឡោ សំណាង​ បាន​បាត់​មុខ​ពី​អ្នក​គាំទ្រ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ខ្លួន​ជា​ឈ្មួញ​កណ្ដាល​រក​ស៊ី​ទិញ​ស្រូវ​អង្គរ ពោត សណ្ដែក​ និង​របស់​ផ្សេង​ៗ​ទៀត​នៅ​ខេត្ត​កំពង់​ចាម បន្ទាប់​ពី​​បាត់​បង់​ការងារ​ជា​អ្នក​រក​ស៊ី​កិប​សំបុត្រម៉ូតូ-កង​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ក្នុង​រាជ​ធានី​ភ្នំពេញ។

 

 

បន្ទាប់​ពី​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​ទាំង​វ័យ​ក្មេង ឡោ សំណាង ​បាន​ចាប់​អាជីព​ជា​អ្នក​រកស៊ី​វិញ​ម្ដង ដោយ​កាល​ពី​មុន​ធ្វើ​ជា​អ្នក​កិប​សំបុត្រកង់-ម៉ូតូ​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ។ ​បាន​ប៉ុន្មាន​ឆ្នាំ មុខ​របរ​នេះ​មិន​សូវ​ជា​កាក់កប​ដោយសារ​តែ​មាន​គេ​ដេញ​ថ្លៃ​ខ្ពស់​ពេក រូប​លោក​ក៏​បាន​ទៅ​រក​ស៊ី​ជា​ឈ្មួញ​កណ្ដាល​ទិញ​ភោគផល​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ចាម​វិញ​ម្ដង។

 

ចំពោះ​មុខ​របរ​ថ្មី​នេះ​ដែរ អតីត​អ្នក​ប្រដាល់​ដែល​ពូកែ​ទាំង​កណ្ដាប់​ដៃ ទាត់ ធាក់​និង​កែង​ខាង​លើ​បាន​និយាយ​ប្រាប់ Sabay ​ថា ​៖ “វា​មិន​ចំណេញ​ច្រើន​ទេ​ប្អូន តែ​អាច​ជួយ​គ្រួសារ​បង​បាន។ ហើយ​មុខ​របរ​នេះ​ដែរ ភាគ​ច្រើន​រក​បាន​នៅ​ខែ​ប្រាំង ហើយ​ខែ​វស្សា​វិញ​ដូចជា​មិន​សូវ​ជា​កាក់កប​ទេ ព្រោះ​មាន​ភ្លៀង​ច្រើន”។ ទន្ទឹម​នឹង​មុខ​របរ​នេះ​ដែរ ឡោ សំណាង​ បាន​និយាយ​ទៀត​ថា​ លោក​គ្មាន​គោលបំណង​ងាក​ទៅ​រក​វិស័យ​កីឡា​ប្រដាល់វិញ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​កត្តា​អ្វី​ជំរុញ​ក៏​ដោយ។

 

ត្រលប់​ទៅ​កាល​ពី​ជាង​៥​ឆ្នាំ​មុន ឡោ សំណាង ​ជា​អ្នក​ប្រដាល់​ដែល​មាន​កេរ្តិ៍ឈ្មោះ​ម្នាក់ ដោយ​អាច​បំបាក់​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​ដូចជា ឡុង វណ្ណថន និង​ នួន ភិរម្យ ​ជា​ដើម។ លើស​ពី​នេះ​ទៅ​ទៀត មួយ​កែង​ដែល​រូប​លោក​បាន​ធ្វើ​ឱ្យ​ជើង​ខ្លាំង​អ៊ីតាលី Itdzik Levy ​ដេក​សន្លប់​នោះ​គឺ​នៅ​តែ​ដិត​ជាប់​ក្នុង​បេះដូង​អ្នក​ស្រលាញ់​កីឡា​ប្រដាល់​ខ្មែរ​រហូត៕

 

ចុចអាន៖អតីត​អ្នក​​ប្រដាល់​កម្ពុជា​១០​រូប​ស្ថិត​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ដល់​សព្វ​ថ្ងៃ​

 

​អត្ថបទ៖ មុន្នី រម្យ