តារា​ម៉ូដែល យ៉ាន់ ស្រីពេជ្រ ​ទទួលបាន​បរិញ្ញាបត្រ​ម្សិលមិញ

  • 2015-10-20 16:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ម៉ូដែល​ យ៉ាន់ ស្រីពេជ្រ ទើប​ទទួល​បាន​​បរិញ្ញាបត្រ​មួយ​កាល​ម្សិល​មិញ​នេះ បន្ទាប់​ពី​ចំណាយ​ពេល​​​តស៊ូ​សិក្សា​រយៈពេល​៤ឆ្នាំ​រួច​មក។

 

 

បរិញ្ញាបត្រ​ដែល យ៉ាន់ ស្រីពេជ្រ  ទទួល​បាន​នោះ​គឺ​​​​ជំនាញ"គ្រប់គ្រង​ពាណិជ្ជកម្ម" ដោយ​នាង​បាន​ចំណាយ​ពេល​​សិក្សា​រយៈពេល៤ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ។ តារា​ម៉ូដែល​ម្នាក់​នេះ ប្រាប់​ថា ក្នុង​រយៈពេល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នេះ​​​មាន​ភាព​លំបាក​ខ្លាំង​​ណាស់ ​ត្បិតអី ត្រូវ​​រៀន​ផង និង​ឆ្លៀត​​ប្រឡូក​សិល្បៈ​ផង។ តែ​បែប​នេះ​ក្ដី ​​មិន​បាន​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​​ខ្លួន​ឡើយ។ "ច័ន្ទ ដល់ សុក្រ ហ្នឹង​ត្រូវ​​ទៅ​រៀន ហើយ​សៅរ៍ - អាទិត្យ ខ្ញុំ​ខំ​រក​លុយ ព្រោះ​អី​ការងារ​សិល្បៈ​​រវល់​តែ​ចុង​សប្ដាហ៍​ទេ"។

 

យ៉ាន់ ស្រីពេជ្រ គ្រោង​បន្ត​យក​ថ្នាក់​អនុបណ្ឌិត ឬ​បណ្ឌិត​ថែម​ទៀត ប៉ុន្តែ​មិន​ទាន់​​ធ្វើ​នៅ​ពេល​នេះ​ឡើយ នាង​ចង់​ធ្វើ​ការ​មួយ​រយៈ​សិន ប៉ុន្តែ​ប្រសិន​បើ​មាន​អ្នក​ចេញ​ថ្លៃ​សិក្សា​ឲ្យ​​នោះ នាង​នឹង​បន្ត​ភ្លាមៗ​តែ​ម្ដង។"ខ្ញុំ​ចង់​ធ្វើ​ការ​សិន តែ​បើ​មាន​អ្នក​ឧបត្ថម្ភ​​លុយ​ឲ្យ​​រៀន ខ្ញុំ​បន្ត​យក​​តែ​ម្ដង តែ​មើល​ទៅ​មិន​ដឹង​ម៉េច​ម៉ា​ទេ ព្រោះ​ថ្នាក់​អនុបណ្ឌិត​​ហ្នឹង​ថ្លៃ​ណាស់" តារា​ម៉ូដែល​វ័យ២៤ឆ្នាំ​ថ្លែង​​លាយ​នឹង​សំណើច។

 

ដើម្បី​កុំ​ឲ្យ​សញ្ញាបត្រ​ដែល​នាង​ប្រឹង​ខិតខំ​យ៉ាង​លំបាក​ ក្លាយ​ទៅ​ជាអត់​​ប្រយោជន៍ ស្រីពេជ្រ ប្រាប់​ថា នាង​នឹង​ព្យាយាម​រក​ការងារ​មួយ​ឲ្យ​សម​ទៅ​នឹង​ជំនាញ​របស់​ខ្លួន ហើយ​ចំពោះ​ការងារ​សិល្បៈ​វិញ នៅ​តែ​បន្ត មិន​បោះ​បង់​ឡើយ ត្បិត​អី​​អាជីព​ដើរ​ម៉ូដ​​នេះ  គឺ​ជា​ប្រភព​ចំណូល​ធំ​​​របស់​នាង៕

 

 

 

អត្ថបទ៖ ខុត សីហា រូប​ថត៖ ផ្ដល់​ដោយ ស្រីពេជ្រ

អត្ថបទពេញនិយម