ចាន់​តារាទី ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​​ជាមួយ​នឹង​ ម៉ូតូ ​កាល​ពី​យប់​មិញ

  • 2015-10-21 19:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​ម៉ោង ៨​ ​យប់​តារា​សម្តែង​ជើង​ចាស់ ចាន់ តារាទី បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​បង្ក​ឡើង​ដោយ​ ម៉ូតូ ជាមួយ​នឹង​ឡាន​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​នៅ​ម្ដុំ​ស្ពាន​បុរី​ពិភព​ថ្មី​ចម្ការ​ដូង ប៉ុន្តែ​ អ្នក​ស្រី​មិន​មាន​របួស​អ្វី​នោះ​ឡើយ។​

 

"ចាស​អូន...​យប់​មិញ​បង​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាមួយ​នឹង​ម៉ូតូ ប៉ុន្តែ​បង​​អត់​អី​ទេ ចំណែក​ខាង​ម៉ូតូ​ពេល​បុក​ភ្លាមៗ​សន្លប់​៥​នាទី​ដែរ បន្ទាប់​មក​​បាន​ដឹង​ខ្លួន​វិញ​។ ហើយ​ម៉ូតូ​នោះ​​បុក​ឡាន​បង​ផ្នែក​ខាង​ស្តាំ​​ បែ​ក​ធុង​ទឹក​ឡាន"។ ចាន់ តារាទី ថ្លែង។

 

 

ចំពោះ​ហេតុ​ការណ៍​កាល​ពី​យប់​​ម្សិល​មិញ​ តារា​ជើង​ចាស់ ចាន់ តារាទី​ បាន​ប្រាប់​ថា​ ទាំង​អ្នក​ស្រី​​​ និង​កូន​ស្រី​ ភ័យ​ឡើង​​ញ័រ​ខ្លួន​​ព្រោះ​ម៉ូតូ​ដែល​បើក​ដោយ​ជន​ស្រវឹង​​រូប​នោះ​បុក​ឡាន អ្នកស្រី ខ្លាំង​រហូត​លាន់​ ឮ​ដូច​គ្រាប់​បែក​ផ្ទុះ។

 

"អូន​អើយ...បង​ និង​កូន​បង​ភ័យ​ឡើង​ញ័រ​ខ្លួន​កូន​សត្វ​ធ្លាក់​ទឹក​ចឹង ព្រោះ​មិន​ដែល​ជួប​ហេតុ​ការណ៍​ចឹង​ពី​មុន​មក​ទេ។ រឿង​លុយ​កាក់​បង​មិន​បាន​ទាម​ទារ​​១០០$ដូច​អ្នក​កាសែត​ ចុះ​ពី​ម្សិល​មិញ​ទេ​ បើ​ត្រឹម​ប៉ុណ្ណឹង បង​មិន​សូវ​ប្រកាន់​ទេ ចេះ​តែ​បិទ​ភ្នែក​ ប៉ុន្តែ​​នេះ​ខូច​ច្រើន​ណាស់​ ណាមួយ​​អ្នក​បើក​ម៉ូតូ​ហ្នឹង​គាត់​ស្រវឹងអី​ចឹង​បង​ចង់​ឲ្យ​គាត់​មាន​ទំនួល​ខុស​ត្រូវ"។

 

តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​បន្ត​ថា ពី​មុន​អ្នក​នាង​ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ​ ប៉ុន្តែ​មិន​ដល់​ម្លឹង​ទេ គឺ​ធ្លាប់​តែ​គេ​កៀរ​ឡាន​អ្នក​នាង​តិច​តួច ហើយ​​មិន​ដែល​ទៅ​ទាមទារ​សំណង​ពី​គេ​អី​នោះ​ទេ។ ​

 

 

កិច្ច​សម្ភាសន៍​ជាមួយ​ Sabay​មុននេះ ​តារា​រៀម​ច្បង​ដែល​មាន​ស្នាម​សាក់​នៅ​ស្មា​បាន​ប្រាប់​ថា រឿង​រ៉ាវ​កើត​ហេតុ​ មិន​ទាន់​បាន​បញ្ចប់​ទេ។ ដោយសារ​តែ​យប់​ម្សិល​មិញ​ អ្នកស្រី ​សុំ​ឲ្យ​ខាង​ម៉ូតូ​ចេញ​ថ្លៃ​ខូចខាត​ឡាន​ និង​មិន​មាន​ការ​ទាមទារ​លើស​ហ្នឹង​ទេ​ ប៉ុន្តែ​ ភាគី​ខាង​ម៉ូតូ​មិន​ព្រម​ ដូច្នេះ​ខាង​ ប៉ូលីស បាន​យក​ឡាន និង​ម៉ូតូ ទៅ​តម្កល់​ទុក​នៅ​ទី​ស្នាក់ការ​សិន រង់​ចាំ​ថ្ងៃ​នេះ​វេលា​ម៉ោង​២​ ទើប​ដោះ​ស្រាយ​ម្តង​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ ចាន់ តារាទី។

 

ជា​ចុង​ក្រោយ​ តារា​​ពូកែ​ទឹក​ភ្នែក សំណូម​ពរ​ទៅ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ទាំង​អស់​គ្នា​ ពេល​ពិសា​គ្រឿង​ស្រវឹង​សូម​កុំ​បើក​បរ​ ព្រោះ​កាល​ណា​ស្រវឹង​ គឺ​មិន​អាច​ឃុំ​គ្រង​អារម្មណ៍​​ខ្លួន​ឯង​បាន​ឡើយ ដូច​ករណី​ធ្លាប់​បាន​កើត​ឡើង​ជា​រឿយៗ​ និង​ជា​ពិសេស​បាន​កើត​ជាមួយ​នឹង​ អ្នក​ស្រី កាល​ពី​យប់​មិញ ដោយសារ​ឥទ្ធិពល​សុរា​ចូល​ក្នុង​ខ្លួននេះ​​ឯង៕

 

អត្ថបទ៖ ថា ម៉ាលីដា​​​

អត្ថបទថ្មី