ជាកូនកំព្រា ទាំងដៃពិការ បុន ហុង តស៊ូរហូតឈ្នះមេដាយមេដាយមាស Sea Para Games
- 2016-02-09 15:38:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាកូនកំព្រា ទាំងដៃពិការ បុន ហុង តស៊ូរហូតឈ្នះមេដាយមេដាយមាស Sea Para Games
ចន្លោះមិនឃើញ
បុន ហុង ជាកីឡាករជនពិការជម្រើសជាតិកម្ពុជាតែម្នាក់គត់ដែលបានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡា Sea Para Games នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៥កន្លងទៅនេះ ប៉ុន្តែបើនិយាយពីគ្រួសារវិញ រូបគេជាយុវជនមួយរូបដែលមិនធ្លាប់ស្គាល់អ្វីដែលជាភាពកក់ក្តៅពីឪពុកម្តាយឡើយ។
កីឡាករជនពិការជម្រើសជាតិកម្ពុជា បុន ហុង ដែលមានដើមកំណើតនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលបានឈ្នះមេដាយមាស១ក្នុងប្រភេទវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ និងមេដាយសំរឹទ្ធ១ក្នុងវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រពីព្រឹត្តិការណ៍កីឡា Sea Para Games ឆ្នាំ២០១៥នៅប្រទេសសិង្ហបុរី។ មុនពេលក្លាយជាកីឡាករជនពិការជម្រើសជាតិ និងទទួលបានលទ្ធផលជូនជាតិគួរទីមោទនៈនេះ រូបគេបានឆ្លងការលំបាកគ្រប់បែបយ៉ាងតាំងពីកុមារភាពដែលគ្មានឪពុកម្តាយនៅក្បែរ។
បុន ហុង បានរៀបរាប់ឲ្យដឹងថា រូបគេបានបាត់បង់ម្តាយតាំងពីកុមារភាពគឺនៅពេលម្តាយរបស់គេបានទៅធ្វើកម្មករនៅប្រទេសថៃ ហើយក៏បាត់ដំណឹងសូន្យរហូតដល់សព្វថ្ងៃ។ «ពេលខ្ញុំអាយុជាង១០ឆ្នាំ ម្តាយខ្ញុំបានទៅធ្វើការនៅថៃ គាត់ទៅបានមួយរយៈពេល គាត់បានមកលេងផ្ទះម្តង ហើយគាត់ទៅម្តងទៀតក៏បានដំណឹងសូន្យដល់សព្វថ្ងៃគឺរហូតដល់ពេលនេះជាង២០ឆ្នាំហើយ»។
«ខ្ញុំមិនដែលស្គាល់អ្វីទៅជាភាពកក់ក្តៅពីឪពុកម្តាយឡើយ។ ខ្ញុំរស់នៅពឹងផ្អែកដោយខ្លួនឯង ដើរតួខ្លួនឯងជាម្តាយផង ជាឪពុកផងដើម្បីរស់»។ ម្ចាស់មេដាយមាសរូបនេះបាននិយាយ និងបញ្ជាក់ថា បន្ទាប់ពីបាត់ម្តាយ ឪពុករបស់គេបានទៅរស់នៅខេត្តបន្ទាយមានជ័យតែម្នាក់ឯង ហើយរូបគេរស់នៅជាមួយបងប្រុសនៅខេត្តកណ្តាល។
បុរសដែលរៀនបានត្រឹមថ្នាក់ទី៣នៃកម្រិតបឋមសិក្សាបន្តថា កាលពីកុមារភាព និងយុវជន រូបគេគ្មានស្គាល់អ្វីក្រៅតែពីធ្វើស្រែជាមួយបងប្រុស ស៊ីឈ្នួលគេ និងទៅធ្វើជាពលករនៅប្រទេសថៃ។ «ខ្ញុំអត់បានរៀនទេ គឺជួយធ្វើស្រែបង ទៅឃ្វាលគោ ស៊ីឈ្នួលលើកស្រូវឲ្យគេ ធ្វើកម្មករសំណង។ ខ្ញុំបានទៅធ្វើកម្មករនៅថៃមួយលើកជាពីរលើកដែររហូតជួបគ្រោះថ្នាក់ពិការដៃ»។
«ឆ្នាំ២០០៥ ខ្ញុំបានទៅធ្វើកម្មករកាប់ចម្ការនៅថៃ ពេលនោះកាប់ព្រៃក៏ប៉ះមីនបណ្តាលឲ្យផ្ទះរបួសដៃ និងពោះ។ ខ្ញុំវះពោះពីរដង ហើយដៃក៏ពិការ»។ បន្ទាប់ពីពិការដៃ រូបគេក៏ឈប់ទៅធ្វើកម្មករនៅថៃដោយមករស់នៅក្នុងប្រទេសកំណើតវិញ។
ដោយសាររូបគេធ្វើការធ្ងន់ដូចជាស៊ីឈ្នូលលីសែង និងកម្មករសំណងបានធ្វើឲ្យរូបគេមានកម្លាំង និងសុខភាពមាំមួន។ ថ្ងៃមួយ រូបគេបានចុះឈ្មោះចូលរួមប្រកួតក្នុងទិវាសិទ្ធិជនពិការ៣ធ្នូ។ រូបគេក៏ទទួលបានចំណាត់ថ្នាក់លេខ២ដែលបណ្ដាលឲ្យគ្រូបង្វឹកជនពិការជម្រើសជាតិចាប់អារម្មណ៍ និងកោះហៅឲ្យចូលជម្រើសជាតិ។
ឆ្នាំ២០០៩ បុន ហុងបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិជនពិការ និងបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាបារ៉ាហ្គេមទ្វីបអាស៊ី (Asian Para Games 2009) នៅប្រទេសចិន ប៉ុន្តែមិនទទួលបានលទ្ធផលល្អឡើយ។ បន្ទាប់មករូបគេមិនបានហ្វឹកហាត់នៅក្រុមជម្រើសជាតិបន្តទៀតទេដោយសារការហ្វឹកហាត់ជួបការលំបាកដូចជាគ្មានសម្ភារៈ គ្មានប្រាក់ឧបត្ថម្ភ និងគ្មានការផ្គត់ផ្គង់ដល់ក្រុមកីឡាជនពិការ។ ទីបំផុតរូបគេបានឃ្លាតឆ្ងាយពីប្រទេសកំណើតដោយទៅធ្វើការនៅថៃម្តងទៀតទាំងដៃពិការ។
ក្រោយឃ្លាតឆ្ងាយពីកីឡារយៈពេលប្រហែលជា៥ឆ្នាំ បុន ហុងបានចូលប្រឡូកក្នុងវិស័យកីឡាម្តងទៀត បន្ទាប់ពីមួយរយៈពេលចុងក្រោយកីឡានៅកម្ពុជាទទួលបានការលើកទឹកចិត្តច្រើនពីរដ្ឋ និងឯកជន។ ឆ្នាំ២០១៥រូបគេបានចូលរួមជាមួយក្រុមជម្រើសជាតិ និងបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីប៉ារ៉ាហ្គេមនៅប្រទេសសិង្ហបុរី។ ទីបំផុត មានតែរូបគេម្នាក់គត់ដែលបានឈ្នះមេដាយមាស១គ្រឿងក្នុងចំណោមក្រុមជនពិការជាង៣០នាក់។ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏បានឈ្នះមេដាយសំរឹទ្ធ១គ្រឿងទៀតពីព្រឹត្តិការណ៍នេះ។
អ្វីដែលរូបគេកាន់តែរំភើបចិត្តថែមទៀតនោះ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំកម្មវិធីបោះឆ្នោតជ្រើសរើសអត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៥ក្នុងមានទាំងអត្តពលិកជនពិការផងដែរដែលរូបគេសង្ឃឹមថា នឹងទទួលបានលទ្ធផល៕
អត្ថបទ៖ ជាន ចាន់រ៉ា