វ៉ាត់ ចំរើន ​ហាម​ដាច់​ខាត​រឿង​កីឡា​អុក​ប្រើ​ល្បិច​ស៊ី​លុយ

  • 2016-04-13 13:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​បាន​ផ្ដាំ​ដល់​កីឡាករ​អុក​ទាំង​៨​នាក់​ដែល​ត្រូវ​ទៅ​ប្រកួត​យក​ជើង​ឯក​ស្ដេច​អុក​នៅ​សៀមរាប​ថា​ហាម​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ល្បិច​ភ្នាល់​យក​លុយ​នៅ​ពេល​ប្រកួត ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​កិត្តិយស​ដល់​កីឡា​អុក​ថ្នាក់​ជាតិ​របស់​កម្ពុជា។

 

 

កីឡាករ​ចំនួន​៨​នាក់​ដែល ជម្រេញ​ចេញ​ពី​បេក្ខជន​ចំនួន​១២៨​នាក់​រួម​មាន រៀម​ វាសនា, ហួយ​ សុខណា, នូ ច័ន្ទផានិត, សៅ ម៉ិចសុភា, សេង សុធា, ហេង សៅឌី, រស់ រិទ្ធីយ៉ា និង​ ម៉េង សេរី​សម្បត្តិ ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ​ដើម្បី​ប្រកួត​ដណ្ដើម​យក​ពាន​រង្វាន់​ស្ដេច​អុក​ចត្រង្គ​ឆ្នាំ​២០១៦ ​នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ខេត្ត​សៀមរាប។

 

កីឡាករទាំង៨​នាក់ (អាវ​ក្រហម)

 

មុន​ការ​ចេញ​ដំណើរ​ទៅ​នេះ​ដែរ ឯកឧត្តម​ វ៉ាត់ ចំរើន ​បាន​ប្រាប់​ទៅ​ដល់​កីឡាករ​ទាំង​៨​នាក់​ពី​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ត្រូវ​បំពេញ ​ហើយ​អ្វី​ដែល​ពិសេស​គឺ​ហាម​ពួកគេ​មិន​ឱ្យ​ប្រើ​ល្បិច​ស៊ី​លុយ​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​មួយ​នេះ​នោះ​ទេ។ “សូម​កីឡាករ​ទាំង​អស់​ប្រកួត​ដោយ​ស្មោះត្រង់ ហាម​ដាច់​ខាត​រឿង​ប្រើ​ល្បិច​ស៊ី​លុយ​ក្នុង​ការ​ប្រកួត។ នរណា​ចាក់​លុយ​នៅ​ទី​ណា​ក៏​បាន តែ​ហាម​កីឡាករ​ចូល​លេង​ដែរ។ ប្រសិន​បើ​ក្រុម​ការងារ​បាន​ដឹង នោះ​ពួកគេ​នឹងធ្លាក់​ដោយ​ស្វ័យប្រវត្តិ”។ សម្ដី ឯកឧត្តម​ វ៉ាត់ ចំរើន ។

 

ចំពោះ​ប្រាក់​រង្វាន់​សម្រាប់​ស្ដេច​អុក​ឆ្នាំ​២០១៦​នេះ ​​អ្នក​ចំណាត់​ថ្នាក់​លេខ​មួយ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​១២​លាន​រៀល លេខ​២​ទទួល​បាន​៨​លាន​រៀល និង​លេខ​៣​ទទួល​បាន​៤​លាន​រៀល៕

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី