បុណ្យ៧ថ្ងៃកវី គង្គ ប៊ុនឈឿន រៀបចំដោយសិល្បករ ឈានមកដល់ថ្ងៃទី២
- 2016-04-23 15:50:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យ៧ថ្ងៃកវី គង្គ ប៊ុនឈឿន រៀបចំដោយសិល្បករ ឈានមកដល់ថ្ងៃទី២
ចន្លោះមិនឃើញ
លោក គង្គ ប៊ុនឈឿន ដែលអនិច្ចកម្មនៅបរទេសដោយសារជំងឺមហារីក ហើយធាតុមិនទាន់មកដល់ប្រទេសកំណើតផងនោះ ត្រូវបាន យុវជន និងសិល្បករជំនាន់ក្រោយមួយក្រុម រួមគ្នាធ្វើពិធីបុណ្យខួប៧ថ្ងៃជូន ដោយបានចាប់ផ្ដើមតាំងពីរសៀលម្សិលមិញ បន្តរហូតមកដល់ព្រឹកនេះ។
ឌីជេ អាចារ្យធំ ដែលជាអ្នកផ្ដួចផ្ដើមគំនិតរៀបចំបុណ្យ៧ថ្ងៃ ឧទ្ទិសជូនកវី គង្គ ប៊ុនឈឿន
តាម ឌីជេ អាចារ្យធំ ដែលជាអ្នកផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីបុណ្យនេះឡើង បានប្រាប់ភ្នាក់ងារSabayឲ្យដឹងថា បើទោះមិនមានជាប់សាច់ឈាមអ្វីជាមួយកវីម្ចាស់សង្កែ តែពួកលោកសម្រេចរៀបចំពិធីបុណ្យនេះឡើង ដោយសារការគោរព និងមោទនភាពចំពោះស្នាដៃជាច្រើនដែលព្រឹទ្ធាចារ្យបន្សល់ទុកសម្រាប់សិល្បករជំនាន់ក្រោយ ដែលស្ទើរតែមួយឆាកជីវិតរបស់គាត់ ជាអ្នកនិពន្ធ បានលះបង់ក្នុងបុព្វហេតុការតែងនិពន្ធ និងលើកស្ទួយអក្សរសិល្ប៍ខ្មែរ។
"យើងរៀបចំឡើងក្នុងគោលបំណងដើម្បីសម្ដែងការដឹងគុណ និងគោរពចំពោះវីរភាពរបស់លោកតា ដែលលោកតាបានបន្សល់ទុកនូវស្នាដៃរាប់មិនអស់សម្រាប់អ្នកជំនាន់ក្រោយ និងអ្នកជំនាន់គាត់ផ្ទាល់"។
តាមអ្នកផ្ដួចផ្ដើមគំនិតដដែល បានឲ្យដឹងថា បន្ទាប់ពីចាប់ផ្ដើម មានសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួនដែលស្ម័គ្រចិត្តចូលរួមជួយ ហើយកម្មវិធីបុណ្យ គឺមានរយៈពេល២ថ្ងៃ រាប់ចាប់ពីរសៀលម្សិលមិញ ដោយមានការសម្ដែងសិល្បៈដូចជាការច្រៀងចម្រៀងចាស់ៗដែលនិពន្ធដោយលោក គង្គ ប៊ុនឈឿន ផ្ទាល់ ការលេងចាប៉ីដងវែង នៅទីធ្លាទល់មុខវត្តកណ្ដាលនៅក្បែរនឹងទីតាំងអនុស្សាវរីយ៍ម្លប់ដូងទី១០របស់លោកកវីផង។
ចំណែកនៅព្រឹកនេះ នឹងមានការប្រារព្ធពិធីបែបសាសនាមានរាប់បាត្រ បង្សុកូល វេរស្លាដក់ប្រគេនព្រះសង្ឃ និងចុងក្រោយមានការដាក់កម្រងផ្កាជាកិច្ចបង្ហើយ ដែលនឹងចាប់ផ្ដើមនៅម៉ោង៧ព្រឹក និងបញ្ចប់នៅម៉ោង១១។
ពិធីបុណ្យខាងលើ ត្រូវបានសហការរៀបចំដោយ ក្រុមយុវជនស្ម័គ្រចិត្តនគររាជ ក្រុមរថយន្តតន្ត្រីទិព្វខ្មែរ មូលធិនិកុមារសាវិនកម្ពុជា និងកសិករឡាយហ្វ៍អ៊ិនវេសម៊ិន។សិល្បករមួយចំនួនដែលមានវត្តមាននៅក្នុងពិធីមានដូចជា លោក សាវិន ហ្វីលីព លោក សាន ផានិត លោក ហ្សូណូ លោក យឹង យន អ្នកស្រីថន សីម៉ា ចំណែកសិល្បករមួយចំនួនដែលមិនបានចូលរួមដោយផ្ទាល់ មានដូចជាលោក អ៊ាម វន្នី និង លោក ហេង ពិទូ ជាដើម ក៏បានចូលរួមជាបច្ច័យផងដែរ៕
អត្ថបទ៖ ហួន ទីណារ័ត្ន