នរណាខ្លះ​ដឹង​ប្រវត្តិ​របស់ Bing?

  • 2014-10-27 17:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំបូង​ឡើយ Bing ត្រូវ​បាន​គេ​ហៅ​ថា Live Search, Windows Live Search, និង MSN Search គឺ​ជា​ម៉ាស៊ីន​រុករក​ព័ត៌មាន​របស់​ក្រុមហ៊ុន Microsoft ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ នាយក​ក្រុមហ៊ុន​នេះ​លោក ​Steve Ballmer កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ ២០០៩ ក្នុង​​សន្និសីទ​អ្វី​គ្រប់​យ៉ាង​ជា​ឌីជីថល ដែល​ប្រារព្ធ​ឡើងនៅ​ទីក្រុង​ San Diego និង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០០៩។

ប្រវត្តិ​របស់ Bing

MSN Search Engine ជំនាន់​ដំបូង

MSN Search គឺ​ជា​ម៉ាស៊ីន​រុករក​ព័ត៌មាន​របស់​ក្រុមហ៊ុន Microsoft ដែល​ក្នុង​នោះ​មាន​ម៉ាស៊ីន​រុករក​ព័ត៌មាន​ លិបិក្រម (Index) និង Web Crawler។ MSN Search ត្រូវ​បាន​ដាក់​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ១៩៩៨។ នៅ​ដើម​ឆ្នាំ ១៩៩៩ MSN Search បាន​ដាក់​បង្ហាញ​កំណែ​ប្រែ​មួយ​ដែល​អាច​បង្ហាញ​ជា​ព័ត៌មាន​ក្នុង​ទម្រង់​ យ៉ាង​ស្រស់​ស្អាត។ ចាប់​តាំង​ពី Microsoft បាន​ប្រើ​ MSN Search សម្រាប់​ធ្វើ​ជា​ម៉ាស៊ីន​រុក​រក​ព័ត៌មាន​ វា​ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​ថ្មី​ជា​រៀង​រាល់​សប្តាហ៍ ហើយ​ពេល​ខ្លះ​រៀង​រាល់​ថ្ងៃ។ ការ​កែប្រែ​​ជា​កម្មសិទ្ធិ​នេះ បាន​ធ្វើ​ឡើង​ជា​កម្មវិធី​សាក​ល្បង(beta) ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០០៤ និង​ប្រើ​ពេញ​លេញ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ ២០០៥។ ការ​រុករក​រូបភាព​ ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ភាគី​ផ្សេង​ គឺ Picsearch។

 

មាន​Windows Live Search ខ្លួន​ឯង ឈប់​ប្រើ​Picsearch

កំណែ ​ប្រែ​សាក​ល្បង​របស់ Windows Live Search ដំបូង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី ៨ ខែ​មិនា ឆ្នាំ ២០០៦ និង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ ឆ្នាំ​ដដែល ដើម្បី​ជំនួស MSN Search។ ម៉ាស៊ីន​រុករក​ព័ត៌មាន​ថ្មី​មួយ​នេះ បាន​ប្រើ​ប្រាស់ Search Tab ដូច​ជា Web, news, images, music, desktop, local និង Microsoft Encarta។ បន្ទាប់​ពី​ផ្លាស់​ប្ដូរ​ពី MSN Search ទៅ​ជា Windows Live Search Microsoft បាន​សម្រេច​ឈប់​ប្រើ​ Picsearch ធ្វើ​ជា​អ្នក​ផ្គត់​ផ្គង់​ការ​រុករក​រូបភាព​ ហើយ​បាន​ចាប់​ផ្តើម​ដោយ​ប្រើ​ការ​រុករក​រូបភាព​របស់​ខ្លួន​វិញ​ម្ដង។

Live Search

នៅ ​ថ្ងៃ​ទី ២១ ខែ​មិនា ឆ្នាំ ២០០៧ Microsoft បាន​ប្រកាស​ថា​ខ្លួន នឹង​បំបែក​ម៉ាស៊ីន​រុករក​ព័ត៌មាន​ពី​គ្រួសារ Windows Live ដោយ​ដាក់​ឈ្មោះ​ថ្មី​ថា Live Search។ Live Search ត្រូវ​បាន​ដាក់​ចូល​ក្នុង Live Search and Ad Platform​ដែល​គ្រប់​គ្រង​ដោយ Satya Nadella (ផ្នែក​មួយ​របស់ Microsoft Platform និង​ជា​សាខា​របស់​ប្រព័ន្ធ​មួយ)។ ក្រៅ​ពី​ការ​ច្របាច់​កែ​ប្រែ​​នេះ Live Search ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ Microsoft adCenter។ កំណែ​ប្រែ​ទម្រង់​ជា​ថ្មី និង​ការ​ដាក់​បញ្ចូល​គ្នា​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ស្លាក​សញ្ញា Live Search។ នៅ​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ ២០០៨ Microsoft បាន​ប្រកាស​ពី​ការ​បញ្ឈប់​ដំណើរ​ការ​របស់ Live Search Books និង​Live Search Academic ហើយ​បាន​ធ្វើ​សមាហរណកម្ម​ការ​រុករក​ព័ត៌មាន​ពី​​ការ​សិក្សា និង​សៀវភៅ ទៅ​ជា​ការ​រុករក​ធម្មតា​វិញ។

ជា​លទ្ធផល​វា​ក៏​នាំ​ទៅ​ដល់​ ការ​បិទ​កម្មវិធី Live Search Books Publisher Program។ មិន​យូរ​ប៉ុន្មាន Windows Live Expo ត្រូវ​បាន​ផ្អាក​នៅ​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ ២០០៨។ នៅ​ថ្ងៃ​ទី ១៥​ ខែ​ឧសភា​ ឆ្នាំ ២០០៨ Live Product Upload សេវាកម្ម​សម្រាប់​​ឲ្យ​អ្នក​ចង់​លក់​ផលិតផល​អាច Upload ព័ត៌មាន​ពី​ផលិតផល​ចូល​ក្នុង ​Live Search Products ក៏​ត្រូវ​បញ្ឈប់​សកម្មភាព។ កំណែ​ប្រែ​ចុង​ក្រោយ​កែ​ឈ្មោះ​ Live Search QnA ទៅ​ជា​ MSN QnA នៅ​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ ២០០៩ ប៉ុន្តែ​វា​ត្រូវ​បាន​ផ្អាក​សកម្មភាព​ទៅ​វិញ​នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០០៩។

ពី ​Live Search មក​Bing

Microsoft បាន​ដឹង​ថា បើ​នៅ​ប្រើ​ឈ្មោះ​ Live ទៀត​វា​នឹង​​អាច​មាន​បញ្ហា​ ដូច្នេះ​ទើប​កែ​ឈ្មោះ​មក​ជា Bing នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០០៩​ដូច​សព្វថ្ងៃ។

ជំនួញ​ជា​មួយ Yahoo! Search

នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០០៩ Microsoft និង Yahoo! បាន​ប្រកាស​ថា ពួក​គេ​បាន​ព្រមព្រៀង​គ្នា​លើ​មុខ​ជំនួញ​រយៈពេល ១០ ឆ្នាំ​ដោយ​ម៉ាស៊ីន​រុក​រក​ព័ត៌មាន​ Yahoo នឹង​ត្រូវ​ជំនួស​ដោយ Bing។ Yahoo! នឹង​ទទួល​ប្រាក់​ចំណូល ៨០ ភាគរយ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ដំបូង និង​មាន​សិទ្ធិ​លក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​គេហទំព័រ​របស់ Microsoft បាន។ Yahoo! Search នៅ​តែ​ប្រើ​រូប​រាង​ដើម ប៉ុន្តែ​ដល់កាល​កំណត់ Search Engine នេះ​នឹង​ត្រូវ​ Bing ជា​អ្នក​គ្រប់គ្រង​វិញ។

ចំណែកទីផ្សារ

មុន​ពេល​ដាក់​ឲ្យ​ប្រើ Bing ចំណែក​ទីផ្សារ​របស់​ ម៉ាស៊ីន​រុករក​ព័ត៌មាន​របស់ Microsoft មាន​ទីផ្សារ​តិចតួច​ ប៉ុន្តែ​តួលេខ​ការ​ប្រើប្រាស់​​ថេរ។ គិត​ត្រឹម ខែ​មករា ឆ្នាំ ២០១១​ ចំណែក​ទីផ្សារ​របស់ Bing បាន​កើន​ឡើង​ដល់ ១២.៨% ហើយ​វា​នៅ​តែ​បន្ត​ភាព​ជោគជ័យ​របស់​ខ្លួន​ធៀប​នឹង​ Google ។ តាម​របាយការណ៍​របស់ Digital Year បង្ហាញ​ថា Bing មាន​ការ​រីក​ចំរើន​លឿន​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​កើន​ឡើង ២៩%​ក្នុង​ឆ្នាំ ២០១០ ច្រើន​ជាង​ឆ្នាំ ២០០៩។

ខែ​មិនា ឆ្នាំ ២០១១ ម៉ាស៊ីន​រុករក​ព័ត៌មាន​ Bing បាន​កើន​ឡើង​ជាង​ ៣០% ក្នុង​សហរដ្ឋអាមេរិក និង ៥% ខ្ពស់​ជាង​ខែ​កុម្ភៈ។ នៅ​ខណៈ​ពេល​ដូច​គ្នា Google បាន​ធ្លាក់​ចុះ ៣% នេះ​ក៏​ដោយ​សារ​ពេល​ Microsoft លក់​ Windows 7 ចេញ​គេ​បាន​ដំឡើង Bing Toolbar នៅ​ក្នុង Internet Explorer ជា​ស្រេច។ កត្តា​មួយ​ផ្សេង​ទៀត​នោះ គឺ​ Microsoft មាន​កម្មវិធី​ផ្តល់​រង្វាន់​ជា Amazon gift cards និង​រង្វាន់​ផ្សេងៗ​ទៀត​ចំពោះ​អ្នក​ប្រើប្រាស់ ម៉ាស៊ីន​រុករក​ព័ត៌មាន​នេះ។

Bing គឺ​ជា​ម៉ាស៊ីន​រុករក​ព័ត៌មាន​ ​ស្ថិត​ក្នុង​សាខា​សេវាកម្ម​អ៊ីនធឺណិត របស់​Microsoft ដែល​​មានស្នាក់ការ​នៅ​ទីក្រុង Redmond រដ្ឋ​Washington សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Microsoft ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ លោក Bill Gates និង Paul Allenនិងមាន​ចំណូល​សរុប​ប្រចាំ​ឆ្នាំ ២០១១ ប្រមាណ ៦៩.៩៤ ពាន់​លាន​ដុល្លារ​ ហើយ​មាន​បុគ្គលិក​សរុប​ចំនួន ៨៩,០០០ នាក់​គិត​ត្រឹម​ឆ្នាំ ២០១០៕

ប្រែ​សម្រួល៖ ខឹម បូរិន