ជយលាភី​មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ៖ "ខ្ញុំ​ប្រឹង​រៀន​រហូត​ជោគជ័យ​ ដើម្បី​អ្នក​មានគុណ"

  • 2016-05-03 12:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

“លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ពេល​នេះ គឺ​ដោយសារ​ខ្ញុំ​ប្រឹងប្រែង​រៀន​សូត្រ ​​ដើម្បី​​ក្រុម​​គ្រួសារ​ សាលា និង ខេត្ត របស់​ខ្ញុំ​ ដូច្នេះ​ខ្ញុំ​ប្រឹង​រហូត​ទទួល​បាន​ជោគជ័យ"។ នេះ​ជា​សម្ដី​របស់ ​ក​ញ្ញា​ ជៀម សៀវ​គីម ​ដែល​ជា​ម្ចាស់​ជយលាភី​មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ និង ​ជា​បេក្ខនារី​មកពី​ខេត្ត​បាត់ដំបង។

 

ជា​កូនពៅ​គេ​ក្នុងចំណោម​បងប្អូន ៥នាក់ សៀវ​គីម​ បាន​រៀបរាប់​ប្រាប់​ថា "កម្លាំង​ជំរុញ​អោយ​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​រៀន​យ៉ាង​ខ្លាំង​កន្លងមក​នេះ គឺអ្នកមានគុណខ្ញុំ ដូច្នេះ​ខ្ញុំ​​ចង់​អោយ​ម្ដាយ​សប្បាយចិត្ត​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ជោគជ័យ​នៅក្នុង​ការ​ប្រលង។ មួយទៀត ខ្ញុំ​ក៏​មិន​ចង់​អោយ​លោកគ្រូ​ ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បង្រៀន​ខ្ញុំ​អស់សង្ឃឹម​នោះ​ដែរ។ ពិសេស​ គឺ​ខ្ញុំ​ក៏​ចង់​អោយ​សាលា​ និង​ខេត្ត​របស់ខ្ញុំ​មាន​កិត្តិយស​មុខមាត់​ដោយមាន​សិស្ស​របស់​ខ្លួន​បាន​ជាប់​ក្នុង​ការ​ប្រលង​សិស្ស​ពូកែ​ផងដែរ។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ខំប្រឹង​ដើម្បី​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ និង​គោរព​បាន​សប្បាយចិត្ត ​និង​ដើម្បី​ខេត្ត​ និង​សាលា​ខ្ញុំ​ទទួល​បាន​កិត្តិយស​ និង​ការ​កោតសរសើរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ។

 

 

កញ្ញា​បាន​រៀបរាប់​ប្រាប់​អំពី​មូលហេតុ​ដែល​នាំ​អោយ​ខ្លួន​ជ្រើស​រើស​ប្រលង​មុខវិជ្ជា​អក្សរសិល្ប៍​ខ្មែរ​នេះ​ថា "ក្នុង​ចំណោម​មុខវិជ្ជា​ទាំង​អស់ មុខវិជ្ជា​នេះ ខ្ញុំ​ចូល​ចិត្ត​ជាង​គេ។ មាន​ពេលខ្លះ មាន​គេ​អោយ​យោបល់​ថា ខ្ញុំ​គួរតែ​ជ្រើសរើស​ប្រលង​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទើប​ល្អ​ជាង ប៉ុន្តែ​ខ្ញុំ​យល់ថា មនុស្ស​ម្នាក់ៗ​មាន​ចំណង់​ចំណូលចិត្ត​ខុសៗគ្នា ជួនកាល​អ្វី​ដែល​គេ​ពេញចិត្ត​អ្វី​ដែល​ល្អ​សម្រាប់​គេ វា​មិនមែន​សុទ្ធតែ​ល្អ​សម្រាប់​យើង​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​ជ្រើស​យក​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ និង​ពេញចិត្ត​ជាជាង​ស្ដាប់​តាម​គំនិត​អ្នកដទៃ"។

 

សិស្ស​ថ្នាក់​ទី ១២Pនៃ​វិទ្យាល័យ​ព្រះមុនីវង្ស​រូប​នេះ​បាន​ចាប់​ផ្តើម​រៀន​គួរ​បំប៉ន​អក្សរសិល្ប៍​ខ្មែរ​នៅ​ពេល​រៀន​ចប់​ថ្នាក់​ទី១០។ ដោយ​សិក្សា​ជាមួយ​នឹង​ក្ដី​ស្រលាញ់​ពេញចិត្ត​ចំពោះ​មុខ​វិជ្ជា​ខ្លួន កញ្ញា​តែងតែ​ចំណាយ​ពេល​វេលា​ទិញ​សៀវភៅ​សំណេរ​ និង​ស្វែងរក​សុំ​ឯកសារ​ពី​សិស្ស​ច្បង​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ទៀត​ដោយ​ខ្លួនឯង ពីលើ​ការ​រៀន​នៅ​ក្នុង​ម៉ោង​គួរ​ថែមទៀត។

 

កញ្ញា​ក៏បាន​អោយ​យោបល់​ផង​ដែរ​ សម្រាប់​សិស្ស​ជំនាន់​ក្រោយ​​ថា បើសិនជា​ចង់​ប្រលង​អោយ​បាន​ជាប់ គួរតែ​រៀន​ត្រៀម​យ៉ាងហោចណាស់ ២ឆ្នាំមុន​ដែរ។ កុំ​រង់ចាំ​ដល់ពេល​ជិត​​ប្រលង ទើប​ខិត​ខំ​រៀន ព្រោះ​ភាគរយ​ទទួល​បាន​ជោគជ័យ​អាច​មាន​តិច​ជាង​អ្នក​ដែល​ខំប្រឹង​តាំង​ពី​ដើមទី​មក។ ហើយ​មួយវិញទៀត សិស្ស​ត្រូវ​ចេះ​ស្វែងយល់​និង​ រក​ឯកសារ​ផ្សេងៗ​មក​ស្វែងយល់​បន្ថែម​ពីលើ​ការ​បង្រៀន​របស់​គ្រូ​ក្នុង​ថ្នាក់​ផង​ដែរ​ ដើម្បី​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​អោយ​កាន់តែ​រឹងមាំ​ទៀត៕

 

សូមចុចអាន៖ ខេត្ត​បាត់​ដំបង​ដណ្ដើម​ជយ​លាភី​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ច្រើន​ជាង​គេ

 

អត្ថបទ៖ ហួន ទីណារ័ត្ន

 

 

អត្ថបទថ្មី