ទៅ​វត្ត​វិហារ​សួគ៌ ពិត​ជា​សប្បាយ​ភ្នែក កីឡា​៤​ប្រភេទ​នឹង​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ភ្ជុំ​បិណ្ឌ​

  • 2014-09-18 18:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​៤​ប្រភេទ​ក្នុង​ថ្ងៃ​តែ​មួយ​​ក្នុង​នោះ​មាន​កីឡា​ប្រណាំង​ក្របី​ ប្រណាំង​សេះ​ គុន​ដំបង​ និង​កីឡា​ចំបាប់​ខ្មែរ​បុរាណ​​នឹង​កក្រើក​​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នា​ថ្ងៃ​ភ្ជុំ​បិណ្្ឌ​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ នៅ​វត្ត​វិហារសួគ៌​ ស្ថិត​ក្នុង​ភូមិ​វិហារ​ជើង​ ឃុំ​វិហារសួគ៌​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។

 

លោក​ ថា ថាំង​ មេ​ភូមិ​វិហារសួគ៌​ជើង​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ចុង​ក្រោយ​នោះ​ នៅ​វត្ត​វិហារសួគ៌​នឹង​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​កីឡា​ជា​លក្ខណៈ​ប្រពៃណី​ចំនួន​៤​ប្រភេទ​ផ្សេង​គ្នា។ ចាប់​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៩​ព្រឹក​ កីឡា​ប្រណាំង​ក្របី​ និង​ប្រណាំង​សេះ​នឹង​ត្រូវ​ចេញ​មុខ​បង្ហាញ​ទស្សនិកជន​មុន​គេ​ ដែល​ក្នុង​នោះ​ប្រណាំង​ក្របី​មាន​២៥​គូ​ និង​ប្រណាំង​សេះ​មាន​១៥​គូ។ ការ​ប្រណាំង​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រពៃណី​ប៉ុណ្ណោះ​ ដោយ​ពុំ​មាន​បែង​ចែក​អ្នក​ចាញ់​ និង​អ្នក​ឈ្នះ​នោះ​ទេ​ ប៉ុន្តែ​អ្នក​ដែល​ចូល​រួម​ប្រកួត​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ម្នាក់ៗ​ចំនួន​៤០,០០០រៀល។

ដោយ​ឡែក​ កម្មវិធី​ចាប់​ពី​ម៉ោង​៩​ព្រឹក​ រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​គឺ​ការ​ប្រកួត​គុនដំបង​ និង​កីឡា​ចំបាប់​បុរាណ​ខ្មែរ​ ដោយ​ក្នុង​នោះ​ប្រកួត​គុនដំបង​មាន​៤​គូ​ និង​ចំបាប់​បុរាណ​ខ្មែរ​មាន​រហូត​ដល់​ទៅ​៣៧​គូ​ឯ​ណោះ។ ការ​ប្រកួត​នេះ​មាន​ធ្វើ​ការ​បែង​ចែក​រវាង​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់​ ដោយ​អ្នក​ឈ្នះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ២០,០០០រៀល​ រីឯ​អ្នក​ចាញ់​ទទួល​បាន​ ១៥,០០០រៀល។

ការ​ប្រណាំង​សេះ​កាល​ពី​ឆ្នាំ​មុន

បន្ថែម​លើ​នេះ​ នៅ​ថ្ងៃ​រសៀល​ក៏​នឹង​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​ដូចជា​ រាំ​ដណ្ដើម​កៅអី​ ឡើង​សសរ​ខ្លាញ់​ជាដើម។

 

ឆ្នាំ​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ទទួល​បាន​ការ​ចូល​រួម​ជួយ​ឧបត្ថម្ភ​តិច​តួច​ ដែល​ធ្វើ​ឲ្យ​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​ចូល​រួម​ក៏​តិច​តាម​នោះ​ដែរ។ ថវិកា​ជួយ​ឧបត្ថម្ភ​ទទួល​បាន​ពី​ឯកឧត្ដម​ ស្រី​ សុធា​ ១​លានរៀល​ និង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​វិហារសួគ៌​ ១លានរៀល។

 

 

ដូច្នេះ​ប្រិយមិត្ត​ដែល​ទៅ​លេង​កម្សាន្ត​នៅ​វត្ត​វិហារសួគ៌​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ​ពិត​ជា​មិន​ខក​បំណង​ទេ ប៉ុន្តែ​​កុំ​ភ្លេច​ចូល​រួម​ជួយ​ឧបត្ថម្ភ​តាម​សទ្ធា​ដល់​​កម្មវិធី​នោះ​ឲ្យ​ប្រព្រឹត្តិ​ទៅ​កាន់​តែ​ល្អ​ផង៕

ព័ត៌មាន​កីឡា​ជា​ច្រើន សូម​ចុច...

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី