ភាពយន្តខ្មែរ “Before the Fall” ត្រូវបានផ្ដល់សិទ្ធិចូលរួមមហោស្រពទីក្រុងកាន
- 2016-05-12 22:48:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្មែរ “Before the Fall” ត្រូវបានផ្ដល់សិទ្ធិចូលរួមមហោស្រពទីក្រុងកាន
ចន្លោះមិនឃើញ
តាមព័ត៌មាន បញ្ចេញដោយផលិតកម្ម Rock បានឲ្យដឹងថា ភាពយន្តខ្មែរមួយរឿង មានចំណងជើងថា "មុនពេលដួលរលំ" ឫ “Before the fall" ត្រូវបានជ្រើសរើសឲ្យចូលរួមចាក់បញ្ចាំងនៅក្នុងមហោស្រព Cannes (Cannes Film Festival) នៅប្រទេសបារាំង នៅថ្ងៃនេះ។
ការជ្រើសរើសនេះចូលរួមមហោស្រពអន្តរជាតិខាងលើ បន្ទាប់ពីចុងឆ្នាំមុន ភាពយន្តដដែលនេះ ក៏ត្រូវបានគណៈកម្មការជ្រើសរើសឲ្យចូលរួមប្រកួតប្រជែងក្នុងមហោស្រពភាពយន្តជាតិលើកទី៤ និងអន្តរជាតិលើកទី៦ International Film Festival ក្នុងប្រទេសកម្ពុជាផងដែរ។
លោក យឹម សុសត្យា ប្រធានគ្រប់គ្រងការផលិតរបស់ផលិតកម្ម Rock ប្រាប់នេះ ជាមោទនភាពរបស់ផលិតកម្ម ក៏ដូចជាឧស្សាហកម្មភាពយន្តខ្មែរទាំងមូល។ លោកថា “Cannes Film Festival Market គឺជាព្រឹត្តិការណ៍ ខ្សែភាពយន្តដ៏មានកិត្យានុភាពក្នុងពិភពលោក វាគឺជាភាពជោគជ័យមួយដែលខ្សែភាពយន្តខ្មែរយើងត្រូវបានជ្រើសរើស និងធ្វើការចាក់បញ្ចាំងនៅក្នុងកម្មវិធីនេះ។ ក្នុងនាមជាខ្មែរផលិតកម្មយើងពិតជា មោទនភាពខ្លាំងណាស់"។
រឿង "មុនពេលដួលរលំ " នេះគឹជាវណ្ណកម្មធំមួយដែលសហការផលិតរវាងផលិតកម្មរ៉ុកអ៊ិនធើធេន មេន និងលោក Ian White ដែលជាជនជាតិអូស្ត្រាលី។ រឿងនេះបានចំណាយថវិកាយ៉ាងមហាសាល និងថតយ៉ាងសម្រិតសម្រាំងបំផុតអស់រយៈពេលជាង ២ឆ្នាំ ដើម្បីឲ្យសម្រេចបានគុណភាពកម្រិតអន្តរជាតិ។
បន្ថែមពីនេះ ភាពយន្តខាងលើ ក៏ត្រូវបានរួមសម្ដែង ដោយតារាសម្ដែងធំៗសុទ្ធសឹង ជាតួសម្ដែង មានទេពកោសល្យសម្ដែងខ្ពស់ និងល្បីល្បាញក្នុងឆាកអន្តរជាតិទៀតផង ដែលមានដូចជាលោក Ian Virgo ដែលជាតួសម្ដែងក្នុងរឿង ហូលីវូដខ្នាតធំ លោក Nicolas Berthery ជាតារាសម្ដែង និងបង្ហាញម៉ូដនៅប្រទេសបារាំងជាដើម។
លោក យឹម សុសត្យា បានអធិប្បាយទៀតថា រឿង “មុនពេលដួលរលំ” ឬ (Before the fall) បានឆ្លុះបញ្ចាំងពីភាពវឹកវរ ស្ថានភាពច្របូកច្របល់ ការធ្វើសង្គ្រាមស៊ីសាច់ ហុតឈាមរវាងកងទ័ពខ្មែរក្រហម និងកងទ័ពលន់ណុលព្រមទាំង កងទ័ពអាម៉េរិកាំង ដែលនៅសេសសល់។
លោក បន្ថែមថា "ម្យ៉ាងយើងក៏ចង់លាតត្រដាង ពីជីវិតតស៊ូ របស់អ្នកចម្រៀងខ្មែរម្នាក់ដែលខំច្រៀងជាមួយនឹងពួកអន្ធពាលដើម្បីបានរស់ និងរត់ភៀសខ្លួន ទៅក្រៅប្រទេស។ ស្ថានភាពដ៍វឹកវរ និងរស់ក្រោមកាណុងកាំភ្លើងរាល់ថ្ងៃ បែបនេះ តើអ្នកណាត្រូវស្លាប់? អ្នកណាខ្លះនៅរស់? ហើយ អ្នកណាខ្លះអាចរត់ភៀសខ្លួនទៅបរទេសបានសម្រេច”។
ជាមួយភាពជោគជ័យនេះ ប្រធានគ្រប់គ្រងដដែល បញ្ជាក់ថា ថ្មីៗនេះ ផលិតកម្ម Rock និងលោក Ian White បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចែក ចាយមួយដែលមានឈ្មោះថា California Pictures ដើម្បីធ្វើការលក់ និងចែកចាយភាពយន្តមួយនេះ ទៅកាន់ពិភពលោកថែមទៀតផង។ ក្រៅពីរឿង "មុនការដួលរលំ" ផលិតកម្ម Rock នៅមានភាពយន្តលំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា "ចេនឡា២" "នារីវេទមន្ត" "ជំនួញអាគម" និងរឿង "ខូចចិត្តអាជីព" ជាដើម ដែលគ្រោងនឹងចាក់បញ្ចាំងជូនទស្សនិកជនបានទស្សនាជាបន្តបន្ទាប់នៅពេលខាងមុខ។ យឹម សុសត្យា បញ្ជាក់៕
អត្ថបទ៖ ទារិកា