Pellegrini ថា​មក​ពី Pep ទើប​ធ្វើ​ឲ្យ Man City បាត់បង់​ពាន

  • 2016-05-16 17:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកួត ១-១ ស្មើ​ជាមួយ​ក្រុម​ក្ងាន​ព្រៃ Swansea យប់​នេះ ក្រុម​មេឃ​ខៀវ Manchester City ឈរ​លេខ​៤​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស Premier League និង​អាច​លេង​នៅ Champions League រដូវ​កាល​ក្រោយ បើ​ទោះ​បី​គូ​ប្រជែង Manchester United នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ក៏ដោយ។

 

ប៉ុន្តែ Manuel Pellegrini អ្នកចាត់ការ​របស់​ក្រុម​មេឃ​ខៀវ បាន​ប្រាប់​ក្រោយ​ការ​ប្រកួត​នេះ​ថា បរិយាកាស​នៅ​ក្រុម​មេឃ​ខៀវ ចាប់​ផ្ដើម​ផ្លាស់ប្ដូរ ភ្លាមៗ​បន្ទាប់​ពី Man City បាន​ប្រកាស​ពី​វត្តមាន​របស់​គ្រូ​បង្វឹក​ថ្មី Pep Guardiola នៅ​រដូវ​កាល​ក្រោយ។

 

Pellegrini អបអរ​ជាមួយ​កីឡាករ​ ក្រោយ​ស្មើ Swansea យប់​មិញ

 

អ្នក​ចាត់​ការ​សញ្ជាតិ​ឈីលី​រូប​នេះ​បាន​អះអាង ការ​ប្រកាស​ពី​វត្តមាន Pep មក​ដឹក​នាំ Man City គឺ​កត្តា​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន Premier League។

 

Man City បាន​ចាញ់​ក្រុម​ជើង​ឯក Leicester ៣-១ កាល​ពី​ខែ​កុម្ភៈ នៅ​ពេល​ដែល​មាន​ការ​ប្រកាស​ផ្លូវ​ការ​នេះ ខណៈ​ដែល​អារម្មណ៍​របស់​កីឡាករ​នៅ​ក្នុង​ក្លឹប​មាន​ការ​ប្រែប្រួល។

 

លោក​ថា "​ក្នុង​ខែ​កុម្ភៈ មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង ហើយ​ខ្ញុំ​ក៏​មិន​ចង់​វិភាគ​បន្ត​ថា​តើ​មក​ពី​ហេតុអី​ដែរ។ យើង​ចាញ់​ប្រកួត​ក្នុង​ដី​ទល់​នឹង​ក្រុម Leicester និង Tottenham អំឡុង​ពេល​ដែល​អ្នក​គ្រប់គ្នា​ដឹង​ពី​អនាគត​នៅ​រដូវ​កាល​ក្រោយ [Pep មក​ដឹកនាំ]។ ខ្ញុំ​គិត​ថា បរិយាកាស​ពេល​នោះ គឺ​មិន​ល្អ​ទាល់​តែ​សោះ​ដើម្បី​ប្រជែង​យក​ពាន"។

 

ក្នុង​រយៈ​ពេល ៣ រដូវ​កាល​របស់​អតីត​អ្នក​ចាត់​ការ Villarreal, Real Madrid និង Malaga រូប​នេះ នៅ Man City លោក​បាន​ជួយ​ក្រុម​ឲ្យ​លើក​ពាន Premier League ២០១៣-២០១៤ ១ដង ពាន League Cup ពីរ​ដង និង​ជួយ​ឲ្យ​ក្រុម​ឈាន​ដល់​វគ្គ​ជម្រុះ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង Champions League ២០១៥-២០១៦ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ៕

 

ប្រែ​សម្រួល៖ សុផាត ប្រភព៖ Goal