បណ្ណាល័យចល័តទី១ នៅទីក្រុងបាត់ដំបង
- 2016-08-30 15:30:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ណាល័យចល័តទី១ នៅទីក្រុងបាត់ដំបង
ចន្លោះមិនឃើញ
យុវជន វ៉ាន វ៉ាន់ឌី ជាសិស្សថ្នាក់ទី ១១ នៃវិទ្យាល័យព្រះមុនីវង្ស គឺអ្នកផ្ដួចផ្ដើមគំនិតដំបូងក្នុងការរៀបចំបណ្ណាល័យចល័តនេះ អោយលេចចេញជារូបរាងឡើង។ យុវជនរូបនេះថ្លែងប្រាប់ថា រូបគេចាប់ផ្ដើមមានក្ដីស្រមៃចង់បង្កើតបណ្ណាល័យចល័តនេះនៅពេលដែលទៅអានសៀវភៅនៅលើស្ពានថ្មចាស់ ដែលមានបរិយាសកាសល្អ ខ្យល់អាកាសបរិសុទ្ធស័ក្ដិសមជាកន្លែងដ៏ល្អមួយសម្រាប់ការអាន។ ប៉ុន្តែអ្វីដែល វ៉ាន់ឌី ឃើញនៅពេលនោះគឺ “ខ្ញុំឃើញមានអ្នកទៅលេងទីនោះច្រើន តែពួកគាត់ទៅទីនោះដើម្បីទៅជជែកគ្នាលេង លេងហ្គេមឬថតselfieប៉ុណ្ណោះ ហើយខ្ញុំក៏ចាប់ផ្តើមមានគោលបំណងមួយ គឺចង់អោយពួកគាត់ងាកមកចាប់យកការអានសៀវភៅជំនួសសកម្មភាពទាំងនោះវិញ។
បណ្ណាល័យចល័តនេះលេចចេញជារូបរាងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ហើយត្រូវដាក់ឈ្មោះថា ប្រកប។ បណ្ណាល័យនឹងបើកនៅរាល់ម៉ោង ៤ល្ងាច នៅសួនច្បារស្ទឹងសង្កែតាមបណ្ដោយផ្លូវលេខ១ ទល់មុខនឹងសាខាក្រុមហ៊ុនLG ហើយបិទវិញនៅពេលមេឃងងឹតមើលសៀវភៅលែងឃើញ ហើយបើគ្មានការរំខានពីភ្លៀងទេ បណ្ណាល័យនេះនឹងបើកជារៀងរាល់ថ្ងៃ។
គោលបំណងសំខាន់បីនៃការបង្កើតនេះគឺ៖
-ជួយសម្រួលដល់អ្នកដែលមិនមានលទ្ធភាពក្នុងការទិញសៀវភៅអោយបានអានសៀវភៅ -ជួយសម្រួលដល់អ្នកដែលស្ថិតនៅឆ្ងាយពីបណ្ណាល័យផ្សេងៗអោយបានអានសៀវភៅព្រោះថាបណ្ណាល័យនេះស្ថិតនៅចំកណ្ដាលទីក្រុង -ដើម្បីបង្កើតទម្លាប់ក្នុងការអានសៀវភៅ គឺទាក់ទាញអោយអ្នកមិនធ្លាប់អានសៀវភៅមកចាប់អារម្មណ៍ក្នុងការអាន ហើយអ្នកដែលអានហើយកាន់តែបង្កើនសកម្មភាពរបស់ខ្លួនទៀត។
វ៉ាន់ឌី បានបញ្ជាក់ទៀតថា “ខ្ញុំធ្លាប់បានបញ្ចេញគំនិតអំពីបណ្ណាល័យចល័តនេះហើយក៏មានអ្នកគាំទ្រដែរ ហើយក្រោយពីបានឃើញបណ្ណាល័យចល័តរបស់បងមុនីនៅភ្នំពេញដំណើរការហើយ ខ្ញុំក៏ចាប់ផ្ដើមសុំយោបល់ខ្លះពីគាត់ហើយគិតគូររៀបចំវាអោយចេញជារូបរាងឡើងនៅក្រុងបាត់ដំបងនេះ។ ដំបូងបង្អស់ សៀវភៅសម្រាប់អានគឺមានប្រហែល៣០ក្បាលហើយជាសៀវភៅដែលខ្ញុំធ្លាប់បានអានកន្លងមកហើយយើងមានហិបមួយសម្រាប់ដាក់សៀវភៅ។"
ទាក់ទងទៅនឹងឈ្មោះ ប្រកប នេះទៀតសោតក៏មានបង្កប់អត្ថន័យដែរ។ បើតាមការរៀបរាប់របស់ លោក រដ្ឋា ជាបណ្ណារក្សមួយរូបនៃបណ្ណាល័យនេះបានអោយដឹងថា “ពាក្យ ប្រកប ក្នុងភាសាខ្មែរយើងមានន័យថា សម្រេចដូចបំណងហើយកាន់តែពិសេសជាងនេះទៀត ការប្រកបគឺជាមូលដ្ឋានគ្រឹះនៃការអានតែម្តង។
អស់រយៈពេលជិត១ខែ បណ្ណាល័យចល័តប្រកបបានរីកចម្រើន និងទទួលការគាំទ្រជាលំដាប់។ ជាក់ស្តែង វ៉ាន់ឌីបានបង្ហាញថា “ពួកយើងបានធ្វើការផ្សព្វផ្សាយអំពីបណ្ណាល័យនៅលើបណ្តាញសង្គម និងទទួលការគាំទ្រយ៉ាងច្រើន។ អ្នកអានមានទាំងចាស់ទាំងក្មេងហើយគ្រប់ពេលវេលាដែលយើងបើកគឺមានអ្នកអានជានិច្ច។"
សៀវភៅរបស់យើងបានកើនឡើងជាលំដាប់រហូតដល់ឥឡូវមានជាង ២៣០ក្បាល។ ការកើនឡើងនេះគឺដោយសារយើងទទួលបានការបរិច្ចាគពីអ្នកអាន ពីគ្រឹះស្ថានបោះពុម្ពសៀវភៅដូចជា Heart book ទទួលបានការទទួលវិភាគទាន ពីជនបរទេសមួយចំនួន ហើយក៏មានក្រុមហ៊ុនខ្លះបានផ្តល់ជាសាច់ប្រាក់អោយយើងទិញសៀវភៅបន្ថែម។ បើគិតជាមធ្យម យើងទទួលបានសៀវភៅបីក្បាលក្នុងមួយថ្ងៃ។ ប្រការនេះធ្វើអោយអ្នកអានគាត់មានអារម្មណ៍ថាបណ្ណាល័យនេះជារបស់គាត់ដែរ ហើយយើងព្យាយាមរៀបចំវាអោយសាមញ្ញបំផុតដោយមិនចាំបាច់តម្រូវអោយមានការសរសេរឈ្មោះ និងហត្ថលេខានោះទេ។
ការដំណើរការបណ្ណាល័យចល័តនេះ មិនត្រឹមតែទាក់ទាញអោយការចូលអានសៀវភៅនៅទីសាធារណប៉ុណ្ណោះតែវាថែមទាំងបានជំរុញអោយយុវជនមួយចំនួនស្ម័គ្រចិត្តចូលរួមជួយវាអោយមានដំណើរការថែមទៀត។ យុវសិស្សថ្នាក់ទី ៩ អ៊ាង ហ៊ុយឃាងនៅវិទ្យាល័យព្រះមុនីវង្សជាអ្នកស្ម័គ្រចិត្តចូលរួមជួយបណ្ណាល័យចល័តនេះ។
យុវជនរូបនេះបានរៀបរាប់ថា “នៅពេលដំបូង ខ្ញុំបានឃើញបណ្ណាល័យនេះផ្សព្វផ្សាយលើបណ្ណាញសង្គម ទើបមានចិត្តចង់ចូលរួមចំណែកជួយអោយវាមានដំណើរការប្រសើរឡើងហើយដាក់ពាក្យចូលរួមជាអ្នកស្ម័គ្រចិត្តសម្រាប់បណ្ណាល័យនេះ។ ដោយសារខ្ញុំមានពេលទំនេរតែចុងសប្ដាហ៍ ខ្ញុំព្យាយាមជួយបណ្ណាល័យនេះអោយបានជាអតិបរមាដូចជាមកបើកបណ្ណាល័យ ជួយក្មេងៗក្នុងការអាននិងដឹកជញ្ជូនសៀវភៅជាដើម តែសមាជិកផ្សេងៗទៀតគាត់ធ្វើការច្រើនជាងនេះទៅទៀតគឺពេញមួយសប្ដាហ៍។"
ហ៊ុយឃាងបានបន្ថែមថា “ការអានសៀវភៅគឺជាការកម្សាន្តបែបចំណេះដឹងដែលមិនគួរមើលរំលងនោះទេដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។
វ៉ាន់ឌី បានបង្ហាញពីបំណងរបស់ខ្លួននៅក្នុងការពង្រីកបណ្ណាល័យចល័តនេះអោយបានច្រើនកន្លែងទៀត “ពួកយើងនឹងបំបែកគ្នាជាក្រុមហើយបង្កើតបណ្ណាល័យមួយទៀតនៅលើស្ពានថ្មចាស់ ហើយយើងនឹងជួយរៀបចំអោយមានបណ្ណាល័យបែបនេះនៅតាមស្រុកមួយចំនួនទៀតដែលមានគ្នាយើងរស់នៅទីនោះ។"
អត្ថបទ៖ ហួន ទីណារ័ត្ន