នេន សុធារ័ត្ន បង្ហាញអារម្មណ៍ទោះមិនបានជួយក្រុមប៉ះហុងកុងក៏គ្មានបញ្ហា
- 2016-08-31 22:34:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេន សុធារ័ត្ន បង្ហាញអារម្មណ៍ទោះមិនបានជួយក្រុមប៉ះហុងកុងក៏គ្មានបញ្ហា
ចន្លោះមិនឃើញ
ខ្សែការពារស្លាបរបស់ក្រុមជម្រើសជាតិកម្ពុជា នេន សុធារ័ត្ន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ទោះបីមិនអាចបង្ហាញខ្លួនលេងនៅលើទីលានជួយក្រុមជម្រើសជាតិកម្ពុជាដែលត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅទឹកដីហុងកុងស្អែកនេះក៏ជារឿងធម្មតា សម្រាប់គេតែអ្វីដែលសំខាន់គឺកម្ពុជាឈ្នះ។
នេន សុធារ័ត្ន បានចេញដំណើរទៅហុងកុង ជាមួយក្រុមជម្រើសជាតិកម្ពុជាធម្មតា ក្នុងនាមជាកីឡាករដែលមានឈ្មោះក្នុងបញ្ជីកីឡាករ២៣នាក់ចុងក្រោយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែកីឡាកររូបនេះបានរងរបួសចង្កេះនាកំឡុងក្រុមរបស់ខ្លួនប្រកួតមិត្តភាពជាមួយក្រុម African All Stars កាលពីពេលកន្លងទៅ។
ខ្សែការពាររបស់ក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះបានឲ្យដឹងថា របួសចង្កេះរបស់គេទំនងជាមិនអាចជាសះស្បើយទាន់ពេលវេលានាជំនួបជាមួយហុងកុងនោះទេ។ ពីព្រោះគ្រាន់តែដើរក៏នៅឈឺនៅឡើយ ប៉ុន្តែបើទោះបីមិនអាចលេងប្រកួតមិត្តភាពសាកជើងដ៏សំខាន់នេះក៏រូបគេគ្មានអារម្មណ៍សោកស្ដាយអ្វីដែរ។
កីឡាករមានដើមកំណើតនៅទីក្រុងភ្នំពេញរូបនេះបន្តថា គ្រូបង្វឹក នឹងមានកីឡាករល្អៗផ្សេងទៀតដាក់ជំនួសរូបគេ ហើយអ្វីដែលសំខាន់គឺទម្រង់លេងរបស់ក្រុមទាំងមូលស៊ីចង្វាក់គ្នាល្អ និងអាចយកជ័យជម្នះបាន។ បើសម្លឹងទៅមើលភាពស៊ីចង្វាក់គ្នាក្រុមក្នុងការប្រមូលផ្ដុំលើកនេះមានភាពល្អប្រសើរច្រើន ដោយសារមានរយៈពេលច្រើនគួរសមដើម្បីហ្វឹកហាត់ជុំគ្នា។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប៉ះ ហុង កុង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នៅពហុកីឡដ្ឋានជាតិ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា