ទស្សនា​ផ្ទះ​បុរាណ​ខ្មែរអាយុជាង ១០០ ឆ្នាំ នៅ​​ភូមិ​​វត្ត​គរ​ ​ក្រុង​បាត់ដំបង

  • 2016-09-14 17:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ផ្ទះ​ខ្មែរ​បុរាណ​មួយ​មាន​អាយុជាង​ ១០០ ឆ្នាំ ក្រោយ​ពី​ទឹកដី​នៃ​ខេត្ត​បាត់ដំបង បាន​កាត់​ចេញ​ពី​ថៃ​មក​ឲ្យ​ខ្មែរ​វិញ។ ផ្ទះ​បុរាណ​នេះ បាន​ក្លាយ​ទៅជា​ផ្ទះ​ដែល​មាន​អាយុកាល​ចាស់​ជាង​គេ​នៅ​ភូមិ​វត្តគរ សង្កាត់​គរ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង។ ទន្ទឹម​នឹង​នេះ វាបាន​ក្លាយ​ជា​ទីតាំងប្រវត្តិសាស្រ្ត​​ដ៏សំខាន់​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ បន្ទាប់​ពី​សម័យ​លោក​ម្ចាស់​បានរលាយ​បាត់​ទៅ។

 

តើ​ចង់​ដឹង​ថា ផ្ទះបុរាណ​នេះ មាន​ប្រវត្តិ​ និង រឿងរ៉ាវ​ដូចម្ដេច​ខ្លះ លោក ហួន ទីណារ័ត្ន ភ្នាក់ងារ Sabay ប្រចាំ​ខេត្ត​បាត់​ដំបង​ បាន​ជួប​លោក​ យាយ យៀង ជា​ម្ចាស់​ផ្ទះ​ជំនាន់​ទីបី នៃ​ផ្ទះ​បុរាណ​វ័យចំណាស់​ជាប់​ស្នាម​ប្រវត្តិសាស្រ្ត​នាសម័យ​លោកម្ចាស់ ហើយ​លោក​យាយរៀបរាប់​ប្រាប់​ Sabay ដូចខាងក្រោម៖

 

 

ស្ថិត​នៅ​ក្នុង​វ័យ ៧៧ ឆ្នាំ​ សក់ស​​ហើយ​ខ្លី​ត្រឹម​ស្មា លោក យាយ យៀង បាន​រស់​នៅ​ក្នុង​ផ្ទះ​ជាកេរ្តិ៍ដូនតា ដែល​សល់​តាំង​ពី​សម័យ​លោក​ម្ចាស់ ដោយសារ​តែ​ផ្ទះ​នេះ​មានវ័យចំណាស់ជាង ១០០ ឆ្នាំ និង ជាប់ទាក់ទង​ប្រវត្តិសាស្រ្ត​ ផ្ទះ​នេះ​ក៏​បាន​ទាក់ទាញ​ភ្ញៀវបរទេស និង ខ្មែរ​ខ្លះ​ ចូល​ទស្សនា​ មិនលស់ថ្ងៃ។ លោកយាយ បាន​រៀបរាប់​ថា អ្នក​កសាង​ផ្ទះ​នេះ គឺ​ជីដូន​ជីតា​របស់​គាត់​ ដែល​កាលណោះ​ជា​ស្មៀន​របស់​លោក​ម្ចាស់​កថា​ថន​ឈុំ ស្ដេចត្រាញ់​​ចង្វាត់​បាត់ដំបង (វា​ជាងារ​ដែល​ស្ដេច​ថៃ​ដាក់ឲ្យ) ។

 

លោកយាយ យៀង អ្នកជំនាន់ទី ៣ នៃ​ផ្ទះបុរាណ​អាយុជាង ១០០ឆ្នាំ

 

“នៅ​ឆ្នាំ ១៩០៧ ទឹកដី​បាត់ដំបង​ត្រូវ​កាត់​មក​អោយ​ខ្មែរ​យើង​វិញ ហើយ​ជីតា​ខ្ញុំ​ជា​ស្មៀន​លោក​ម្ចាស់ ដល់ពេល​នោះ​លោក​ម្ចាស់​ទៅ​ស្រុក​ថៃ​ក៏​ហៅ​តា​ខ្ញុំ​ទៅជា​មួយ។ តា​ខ្ញុំ​មិន​ព្រម​ទៅ ក៏​មក​ទិញ​ដី​មួយ​ហិច​តា​នៅ​ទីនេះ​ហើយ​សាងសង់​ផ្ទះ​នេះ​ឡើង។" លោកយាយ​ យៀង មានប្រសាសន៍។

 

“រចនាបថ​ផ្ទះ​នេះ​ស្ថិត​ក្នុង​ប្រភេទ​ផ្ទះ​ខ​សង ឬ​ផ្ទះ​ដំបូល​ពីរ​ជាន់។ សសរ​វា​ធ្វើ​ពី​ឈើ​ផ្ចឹក រនាប​ក្ដារ​ធ្វើ​ពី​ឈើ​ក្រាវ ហើយ​មាន​ពិតាន​​មាន​លក្ខណ​ខុសប្លែក​ពី​ផ្ទះ​ឯ​ទៀតៗ​ធ្វើ​ពី​គគីរ។ ដូច្នេះ​ហើយ​បានជា​ផ្ទះ​នេះ​មាន​ខ្យល់អាកាស​ត្រជាក់​ស្រួល​ណាស់។ ចំណែក​ជញ្ជាំង​វិញ ​គឺ​ប្រើ​បាយ​អរ​ដែល​លាយ​តាម​រូបមន្ត​ពិសេស​របស់​ខ្មែរ​ពី​បុរាណ​មាន កំបោរ​លាយ​ខ្សាច់ ហើយ​ខាងក្នុង​មាន​ឫស្សី​ និង​ស្ករ​ក្រហម។ នៅ​តាម​បង្អួច ​និង​ទ្វារ​សុទ្ធ​តែ​មាន​ពាស​ដែក​ការពារ​មិន​អោយ​ចោរ​គាស់​ចូល​បាន។ នៅ​សម័យ​ខ្មែរក្រហម កម្មាភិបាល​ខ្មែរក្រហម​បាន​មក​ស្នាក់​នៅផ្ទះ​នេះ តែ​ខ្ញុំ​នៅតែ​ឧស្សាហ៍​មក​មើល​ផ្ទះ​មួយ​ឆ្នាំ​ម្ដង​ជានិច្ច។ ខ្មែរក្រហម​បម្រុង​រុះរើ​ផ្ទះ​នេះ​នៅ​ខែចេត្រ​ឆ្នាំ ១៩៧៩ តែ​ពួក​វៀតណាម​វាយ​ចូល​មក​ខែ​មករា ក៏​ខកខាន​មិនបាន​រើ ហើយ​ខ្ញុំ​ក៏​មក​នៅផ្ទះ​នេះ​វិញ​រហូតដល់​សព្វថ្ងៃ”។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​លោក​យាយ។

 

 

 

មក​ទល់​ពេល​នេះ ផ្ទះ​នេះ​មាន​ចំណាស់ ១០៩ ឆ្នាំ​ហើយ ហើយ​ដើមឈើ​ដែល​នៅ​ជុំវិញ​ផ្ទះ​គឺ លោកតា​គាត់​ជា​អ្នក​ដាំ​ដោយ​ផ្ទាល់​ហើយ​មាន​អាយុ ១០៧ឆ្នាំ​ហើយ។ ទោះ​យ៉ាង​ណា​ផ្ទះ​បុរាណ​មួយ​នេះ​នៅតែ​មាន​ភាព​រឹងមាំ​ដដែល និង​មានការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ។ ជា​រៀងរាល់ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​បាន​មក​ចូល​ទស្សនា​ផ្ទះ​នេះ​មិន​ដាច់​ថ្ងៃ​នោះទេ ហើយ​លោក យាយ យៀង ​នឹង​ស្វាគមន៍​ហើយ​រៀបរាប់​ពី​ប្រ​វត្ថិ​ផ្ទះ​នេះ​ដល់​អ្នក​ដែល​មក​ទស្សនា។

 

ច្រកចូល​ទៅកាន់​ផ្ទះបុរាណ

 

អត្ថបទ៖ ហួន ទីណារ័ត្ន

 

ចង់ក្លាយ​ជា​អ្នកកាសែត​មហាជន សូមទំនាក់ទំនង​មក​កាន់ 099 588 880

អត្ថបទថ្មី